អ្នកសង្កេតការណ៍អន្តរជាតិ ២២០នាក់ មានឯករាជ្យពេញលេញក្នុងការពិនិត្យ ការបោះឆ្នោត និងចេញសេចក្តីថ្លែងការណ៍និង គ្មាននរណាអាចបង្ខិតបង្ខំ

ភ្នំ​ពេញ​៖ អ្នកសង្កេតការណ៍អន្តរជាតិ ២២០នាក់ តំណាងឲ្យអង្គការ ស្ថាប័ន និងប្រទេសចំនួន៥២ ជុំវិញពិភពលោក គឺមានឯករាជ្យភាពពេញលេញ ក្នុងការពិនិត្យ និងតាមដានដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៦ ដែលប្រព្រឹតទៅនាព្រឹកថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ចុងសប្តាហ៍នេះ ហើយពួកគេក៏អាចចេញសេចក្តីថ្លែងការណ៍ តាមអ្វីដែលពួកគេបាន មើលឃើញ ដោយគ្មានការបង្ខិតបង្ខំពីគណបក្សនយោបាយ ឬស្ថាប័នណាមួយនៅកម្ពុជានោះទេ ។ នេះបើតាមការលើកឡើង របស់ លោក កឹមរ័ត្ន វិសិដ្ឋ ប្រធានក្រុមប្រឹក្សាភិបាល វេទិកាសម្ព័ន្ធសង្គមស៊ីវិល និងជាប្រធានគណៈកម្មការសម្របសម្រួលការងារអ្នកសង្កេតការណ៍ជាតិនិងអន្តរជាតិ សម្រាប់ការបោះឆ្នោតជ្រើសតំាងតំណាងរាស្រ្តនីតិកាលទី៦នេះ កាលពីព្រល្ងាចថ្ងៃទី២៤ខែកក្កដាឆ្នាំ២០១៨ម្សិលមិញ ក្នុងពិធីបង្ហាញពីការចូលរួមរបស់អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រអាណត្តិទី៦នៅកោះពេជ្រ ។

លោក កឹមរ័ត្ន វិសិដ្ឋ បានបញ្ជាក់ឲ្យដឹងថា អង្គការ ស្ថាប័នអន្តរជាតិ ដែលនឹងចូលរួមសង្កេតការណ៍ការបោះឆ្នោតនៅកម្ពុជានាពេលនេះ ជាអង្គការ ស្ថាប័នធំៗ ដែលមានបទពិសោធន៍ចូលរួមសង្កេតការណ៍បោះឆ្នោតជាច្រើនប្រទេសនៅលើពិភពលោក ដូចជា៖ អង្គការអ្នកប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ (CDI), សន្និសីទអន្តរជាតិនៃបណ្តាគណបក្សនយោបាយនៅអាស៊ី (ICAPP), អង្គការអ្នកប្រជាធិបតេយ្យនិយមកណញតាលអាស៊ី-ប៉ាស៊ីហ្វិក (CAPDI), អង្គកាសមាគមសភាអាស៊ី (APA), អង្គការសមាគមអន្តរសភាអាស៊ាន (AIPA), អង្គការសហប្រតិបត្តិការសៀងហៃ (SCO) និងអង្គការសភានៃប្រទេសនិយាយភាសាបារាំង ។ លោកបានថ្លែងបញ្ជាក់ថា« បណ្តាអ្នកសង្កេតការណ៍អន្តរជាតិដែលអញ្ជើញមកនេះ គឺតំណាងឲ្យស្ថាប័នអន្តរជាតិធំៗដូចជា៖ CDI ជាអតីតប្រធានាធិបតីកូឡុំប៊ី ធ្លាប់បានដឹកនាំប្រតិភូ CDI ស្ថាប័ននេះតំណាងឲ្យគណបក្សនយោបាយនៅទ្វីបអឺរ៉ុប នៅទ្វីបអាហ្វ្រិក ទ្វីបអាមេរិកឡាទីន អ្នកស្រឡាញ់ប្រជាធិបតេយ្យនិយមកណ្តាលអន្តរជាតិ។

សូមបញ្ជាក់ថា អ្នកសង្កេតការណ៍ជាតិ និងអន្តរជាតិ គឺនីតិវិធីមួយក្នុងចំណោមនីវិធីជាច្រើនទៀតរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដើម្បីធានាអះអាងថា ដំណើរការបោះឆ្នោតប្រព្រឹត្តទៅដោយភាពត្រឹមត្រូវ និងយុត្តិធម៌។ គិតមកដល់ត្រឹមថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានទទួលស្គាល់អ្នកសង្កេតការណ៍ជាតិជិត ៨ម៉ឺននាក់ និងអន្តរជាតិជាង ២០០នាក់ហើយ។ អ្នកសង្កេតការណ៍ទាំងនេះ នឹងត្រូវពង្រាយនៅគ្រប់ការិនិយាល័បោះឆ្នោត ដើម្បីពិនិត្យ និងតាមដានដំណើរការបោះឆ្នោតនៅកម្ពុជានៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ចុងសប្តាហ៍នេះ ។ ក្រៅពីអ្នកសង្កេតការណ៍ទាំងនេះទៅគណបក្សនយោបាយទាំង២០ ក៏បានដាក់ទីភ្នាក់ងាររបស់ខ្លួនជិតប្រមាណ៨ម៉ឺននាក់ថែមទៀតឲ្យចូលរួមតាមដានដំណើរការនៃការបោះឆ្នោត។

តាមរយៈអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងទីភ្នាក់ងារគណបក្សនយោបាយសរុបជិត ១៦ម៉ឺននាក់នេះ ត្រូវបានគេវាយតម្លៃថា ជាភ្នែកនិងច្រមុះដ៏សំខាន់ក្នុងការធានា ដំណើរការនៃការបោះឆ្នោតនាថ្ងៃអាទិត្យទី២៩ ចុងសប្តាហ៍នេះ ដោយភាពសុក្រឹតត្រឹមត្រូវ និងយុត្តិធម៌ ៕

 

Loading...