អ្នកស្លាប់ដោយអំពើហិង្សារដ្ឋប្រហារយោធា​នៅមីយ៉ាន់ម៉ាកើនឡើងជិត៦០០នាក់ ខណៈជាង ២ ៧០០ នាក់ត្រូវចាប់ខ្លួន

ក្រុមសកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យនៅប្រទេសមីយ៉ាន់ម៉ាបានបាចសាចទឹកថ្នាំពណ៌ក្រហម តំណាងឲ្យឈាម​មនុស្សនៅពាសពេញលើដងផ្លូវ និងជញ្ជាំងអគារ នៅទីក្រុងយ៉ាំងហ្គោនតែម្តង កាលពីថ្ងៃអង្គារ ទី៦ ខែមេសា ឆ្នាំ២០២១ ខណៈដែលចំនួនអ្នកស្លាប់ដោយសារការប៉ះទង្គិចគ្នាជារៀងរាល់ថ្ងៃ រវាងក្រុមបាតុករ នឹងក្រុមយោធា ក្រោយពីអំពើរដ្ឋប្រហារបង្ហូរឈាម បានកើនឡើងយ៉ាងតិច៥៧០នាក់ហើយ ។

ក្រុមបាតុករប្រឆាំងរដ្ឋប្រហារបានធ្វើបាតុកម្មពាស់ពេញតាមដងផ្លូវនានា ហើយបណ្តាលឲ្យមានអំពើហិង្សាស្លាប់ និងរបួសរបស់មនុស្សរាប់រយនាក់ គិតរហូតមកទាល់នឹងពេលបច្ចុប្បន្ននេះ ។ ក្រុមយោធាមីយ៉ាន់ម៉ាបានចាប់ផ្តើមរដ្ឋប្រហារ ហើយចូលកាន់កាប់ប្រទេសចាប់ពីថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ២០២១។

ក្រុមសកម្មជនស្នេហាលទ្ធិប្រជាធិបតេយ្យបាននាំគ្នាបាញ់ថ្នាំពណ៌ក្រហមឆ្អៅនៅតាមដងផ្លូវក្រាលថ្ម បាចសាច និងសរសេរអក្សរនៅតាមអាគារនានាផងដេរ ដែលជាផ្នែកមួយនៃ “បាតុកម្មប្រឆាំងលើពួកយោធាផ្តាច់ការ” ។ ក្រុមបាតុករទាំងនោះអាចសំដែងការប្រឆាំងនឹងយោធា តាមរយៈការសរសេរសារទាំងនោះ​ ដោយគ្មានហានិភ័យអំពីការចាប់ឃុំខ្លួន ឬចាប់ដាក់គុក​ក្នុងពេលប៉ះទង្គិចជាមួយនឹងកងសន្តិសុខនោះឡើយ ។

រូបថតជាច្រើនសន្លឹកដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមបានបង្ហាញឲ្យឃើញថា ក្រុមបាតុករបានលើកម្រាមដៃបីម្រាម ដោយលាបថ្នាំពណ៌ក្រហម គឺចម្លងតាមរូបភាពនិមិត្តរូបដែលត្រូវបានប្រើប្រាស់ដោយក្រុមឧទ្ទាម នៅក្នុងសៀវភៅស៊េរី Hunger Games អំឡុងពេលដែលការបះបោរប្រឆាំងទៅនឹងការគ្រប់គ្រងរបស់ពួកផ្តាច់ការ ។

ទន្ទឹមនឹងការធ្វើបាតុកម្មនៅទីក្រុងយ៉ាំងហ្គោននោះ, បាតុកម្មនៅទីកន្លែងផ្សេងទៀត​ក៏ត្រូវបានផ្ទុះឡើងផងដែរ រួមមាន ដូចជា នៅតំបន់ Dawei, Hpa-an, Kachin, Karen និង Mandalay ឬ Marches ។ ការដើរហែក្បួន និងការប្រមូលផ្តុំគ្នាទាំងនោះបានក្លាយជាព្រឹត្តិការណ៍ប្រចាំថ្ងៃទៅហើយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ។

សកម្មភាពចុងក្រោយបែបនេះរបស់សកម្មជនប្រឆាំងរដ្ឋប្រហារនៅភូមាកើតឡើងបន្ទាប់ពីសមាជិកគណបក្សប្រឆាំង ដែលត្រូវបានបណ្តេញចេញពីតំណែងរបស់មេដឹកនាំលោកស្រី អោង សានស៊ូជី បានរៃអង្គាស់ប្រាក់គ្នាបានជិត ១០ លានដុល្លារអាមេរិក តាមរយៈយុទ្ធនាការរៃអង្គាសប្រាក់តាមបណ្តាញអ៊ិនធើណេតដើម្បីជួយដល់សកម្មភាព “ទម្លាក់របបផ្តាច់ការយោធា” ហើយប្រែក្លាយប្រទេសភូមាឲ្យត្រឡប់ទៅកាន់ការគ្រប់គ្រងតាមបែបប្រជាធិបតេយ្យវិញ ។

សារព័ត៌មាន www.rt.comបានផ្សាយថា ចាប់តាំងពីរដ្ឋប្រហារយោធាបានចាប់ផ្តើមរហូតមក គឺមានមនុស្សជាង ២ ៧០០ នាក់ត្រូវបានចាប់ខ្លួនដោយកម្លាំងសន្តិសុខ និងមនុស្ស ៥៧០ នាក់បានស្លាប់ ក្នុងនោះរួមមានទាំងកុមារប្រហែល ៥០ នាក់ផងដែរ និងរងរបួសជាច្រើននាក់ផ្សេងទៀត ត្រូវបានគេរាយការណ៍​ជាបន្តបន្ទាប់ ។

ប្រទេសមីយ៉ាន់ម៉ាស្ថិតនៅក្រោមការគ្រប់គ្រងយោធាបន្ទាប់ពីទទួលបានឯករាជ្យរបស់ខ្លួនក្នុងឆ្នាំ ១៩៦២ រហូតដល់ឆ្នាំ ២០១១។ ទោះយ៉ាងណា កងកម្លាំងសន្តិសុខបានទម្លាក់អ្នកតំណាងរាស្ត្រដែលបានជាប់ឆ្នោតតាមបែបប្រជាធិបតេយ្យនៅខែកុម្ភៈ ឆ្នាំ ២០២១ ប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីគណបក្សរបស់លោកស្រីស៊ូជី បានយកឈ្នះលើក្រុម USDP ដែលមានសម្ព័ន្ធភាពជាមួយពួកយោធាភូមា នៅក្នុងស្ថាប័នកំពូលទាំងពីររបស់ប្រទេស ៕

Loading...