អ្នក​ជំនួញ​ជនជាតិ​ន័រវេសន៍​ប្រគល់​វត្ថុ​បុរាណ​ឲ្យ​កម្ពុជា​វិញ​ជា​ផ្លូវ​ការ

​ភ្នំពេញ ៖សារមន្ទីរ​ជាតិ​ភ្នំពេញ បាន​ទទួល​វត្ថុ​បុរាណ​ចំនួន ១១​ដុំ​បន្ថែម​ទៀត ក្រោយ​ពី​ប្រធាន​នៃ​ក្រុមហ៊ុន​មួយ​របស់​ប្រទេស​ន័រវែស យក​មក​ប្រគល់​ឲ្យ​កម្ពុជា វិញ។ ពាណិជ្ជករ​រូប​នេះ បាន​ប្រមូល​វត្ថុ​បុរាណ​ទាំង​នេះ​ជាច្រើន​ឆ្នាំ​មក​ហើយ ក៏ប៉ុន្តែ​ក្រោយ​ពេល​ឃើញ​ភាព​មិន​ប្រក្រតី ទើប​សម្រេច​ប្រគល់​ឲ្យ​ម្ចាស់​ដើម​វិញ។

វត្ថុ​បុរាណ​ទាំង​១១ គឺ​ជា​សម្បត្តិ​ឯកជន​របស់​ប្រធាន​ក្រុមហ៊ុន អាតត្លាសឃ្លីនីកែន (Atlasklinikken) របស់​ន័រវេសន៍ (Norway) ដែល​បាន​មក​ពី​ការ​ប្រមូល​ទុក​ផ្ទាល់​ខ្លួន​របស់​លោក។ លោក ម័រធិន បូស្ទ័ររូដ (Morten Bosterud) ប្រធាន​ក្រុមហ៊ុន​នេះ បាន​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​ទាំង​នេះ​ជា​ផ្លូវ​ការ​នៅ​សារមន្ទីរ​ជាតិ​ ភ្នំពេញ។

ការ​ប្រគល់​វត្ថុ​បុរាណ​ឲ្យ​កម្ពុជា វិញ បន្ទាប់​ពី លោក ម័រធិន ដឹង​ថា វត្ថុ​បុរាណ​ដែល​លោក​បាន​ទិញ និង​ប្រមូល​ទុក​ទាំង​នេះ បាន​មក​ដោយ​ការ​ជួញ​ដូរ​ខុស​ច្បាប់។

វត្ថុ​បុរាណ​ទាំង​១១ មាន​ពីរ​ប្រភេទ គឺ​វត្ថុ​បុរាណ​ខ្មែរ​ចំនួន​ពីរ​ដុំ រួម​មាន ព្រះកេស​ព្រះ​ឥសូរ សម័យ​អង្គរ សតវត្ស​ទី​៩ រចនាបថ​ព្រះ​គោ និង​ព្រះកេស​ទេព​ភេទ​ប្រុស សម័យ​អង្គរ​ចុង​សតវត្ស​ទី​១២ និង​ដើម​សតវត្ស​ទី​១៣ រចនាបថ​បាយ័ន។ ចំណែក​វត្ថុ​បុរាណ​ប្រាំបួន​ដុំ​ទៀត ជា​វត្ថុ​សិល្បៈ​ដែល​ពុំ​មែន​ជា​វត្ថុ​បុរាណ​ពិត​ទេ រួម​មាន​ផ្ដែរ​ចម្លាក់ ចម្លាក់​លៀន​រូប​អប្សរា និង​ចម្លាក់​លោត​រូប​ព្រះ​ឥសូរ។

បន្ទាប់​ពី​បាន​ដើរ​មើល​សារមន្ទីរ​ជាតិ​នៅ​មុន​ពេល​កម្មវិធី​ប្រគល់​ វត្ថុ​បុរាណ​ចាប់​ផ្ដើម លោក ម័រធិន និយាយ​ថា ការ​ប្រគល់​វត្ថុ​បុរាណ​មក​ឲ្យ​កម្ពុជា គឺ​ជា​ការ​សម្រេច​ចិត្ត​ត្រឹមត្រូវ​របស់​លោក។ លោក​បាន​ស្នើ​ឲ្យ​មន្ត្រី​កម្ពុជា ថែ​រក្សា​វត្ថុ​បុរាណ​ដែល​លោក​ប្រគល់​មក​ឲ្យ​កម្ពុជា វិញ ហើយ​ស្នើ​ឲ្យ​ដាក់​បង្ហាញ​ដល់​សាធារណជន​បាន​ឃើញ និង​សិក្សា​ស្រាវជ្រាវ។ លោក ម័រធិន ក៏​បញ្ជាក់​ថា លោក​មិន​មែន​ប្រគល់​វត្ថុ​បុរាណ​ក្នុង​នាម​ជា​ម្ចាស់​ជំនួយ​អ្វី​នោះ​ទេ តែ​លោក​ធ្វើ​នេះ​ក្នុង​នាម​ជា​អ្នក​ប្រគល់​របស់​ឲ្យ​ម្ចាស់​ដើម​វិញ​ ប៉ុណ្ណោះ។ លោក​បន្ថែម​ថា នេះ​ជា​លើក​ទី​មួយ​សម្រាប់​លោក ដែល​មក​ទស្សនា​ប្រទេស​កម្ពុជា«ខ្ញុំ​សង្ឃឹម​ថា នេះ​ជំហាន​ទី​មួយ​សម្រាប់​ខ្ញុំ ដើម្បី​ធ្វើ​ជា​មិត្ត​ជាមួយ​ប្រជាជន​កម្ពុជា និង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា»

រដ្ឋមន្ត្រី​ក្រសួង​វប្បធម៌ និង​វិចិត្រ​សិល្បៈ អ្នកស្រី ភឿង សកុណា អះអាង​ថា ដោយសារ​សង្គ្រាម​ស៊ីវិល សម្បត្តិ​វប្បធម៌​កម្ពុជា ត្រូវ​បាន​បាត់បង់ និង​ត្រូវ​ជួញ​ដូរ​ដោយ​ខុស​ច្បាប់។ ជាក់ស្ដែង វត្ថុ​បុរាណ​ពីរ​ដុំ ដែល​ត្រូវ​បាន​ប្រគល់​ត្រឡប់​មក​វិញ ត្រូវ​បាន​បាត់បង់​ពី​ប្រទេស​កម្ពុជា ក្នុង​អំឡុង​ទសវត្សរ៍​ឆ្នាំ​១៩៧០។ អ្នកស្រី​ថ្លែង​ថា កម្ពុជា ផ្តល់​តម្លៃ​ខ្ពស់​ចំពោះ លោក ម័រធិន ដែល​ប្រគល់​វត្ថុ​បុរាណ​ខ្មែរ​មក​ឲ្យ​កម្ពុជា វិញ​នេះ៖ «ការ​សម្រេច​ ចិត្ត​ប្រកប​ដោយ​ក្ដី​មេត្តា លោក ម័រធិន និង​ភរិយា​របស់​លោក ដើម្បី​ប្រគល់​វត្ថុ​បុរាណ​មក​ឲ្យ​កម្ពុជា វិញ ឆ្លុះ​បញ្ចាំង​ពី​ការ​ចូលរួម​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ជួញ​ដូរ​វត្ថុ​បុរាណ ​ខុស​ច្បាប់ ដែល​រដ្ឋាភិបាល​កម្ពុជា កំពុង​យក​ចិត្ត​ដាក់​បំផុត​លើ​បញ្ហា​នេះ។ ជា​ថ្មី​ម្ដង​ទៀត ខ្ញុំ​សូម​ថ្លែង​អំណរ​គុណ លោក ម័រធិន នូវ​ទង្វើ​របស់​លោក ដែល​ជា​គំរូ​ល្អ​មួយ​សម្រាប់​ឲ្យ​អ្នក​ដទៃ​ប្រគល់​វត្ថុ​បុរាណ​មក​ឲ្យ​ ម្ចាស់​ដើម​វិញ»

អ្នកស្រី ភឿង សកុណា រំឭក​ថា កម្ពុជា ត្រូវ​បាន​ចាត់​ទុក​ជា ព្រះរាជាណាចក្រ​នៃ​វប្បធម៌ ផ្អែក​តាម​ប្រវត្តិសាស្ត្រ​ពី​អតីតកាល​ដែល​មាន​វប្បធម៌​ចម្រុះ សម្បូរ​បែប និង​ទូលំទូលាយ។

កាល​ពី​ខែ​ឧសភា ឆ្នាំ​២០១៥ សារមន្ទីរ​របស់​សហរដ្ឋ​អាមេរិក បាន​ប្រគល់​រូប​ចម្លាក់​ហនុមាន សតវត្ស​ទី​១០ មក​កម្ពុជា វិញ បន្ទាប់​ពី​បាន​ទិញ​ពី​ឈ្មួញ​ក្នុង​ឆ្នាំ​១៩៨២។

អនុសញ្ញា​ឆ្នាំ​១៩៧០ របស់​អង្គការ​យូណេស្កូ (UNESCO) ដែល​មាន​ប្រទេស​ហត្ថលេខី​ចំនួន​១២៨ ស្ដីពី​ការ​ហាម​ឃាត់ និង​ការពារ​មិន​ឲ្យ​មាន​ការ​នាំ​ចេញ និង​នាំ​ចូល​វត្ថុ​បុរាណ ចែង​ថា រាល់​វត្ថុ​បុរាណ​ទាំងអស់ ត្រូវ​ប្រគល់​ជូន​ប្រទេស​ម្ចាស់​ដើម​វិញ។ កម្ពុជា បាន​ចុះ​ហត្ថលេខា​ទទួល​យក​អនុសញ្ញា​នេះ​នៅ​ថ្ងៃ​ទី​២ ខែ​កញ្ញា ឆ្នាំ​១៩៩៣៕

image

Loading...

Leave a Reply

Your email address will not be published. Required fields are marked *