អ្នក​បុរី​កីឡា​តវ៉ា​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ពីសា​លា​រាជធានី​ភ្នំពេញ​

អ្នក​បុរី​កីឡា​ ក្រុម​ ៣​មក​រា​ ដែល​មានការ​ចូលរួម​ពី​ពលរដ្ឋ​នៃ​សហគមន៍​ អេស​.​អូ​.​អេស​ (SOS)​ ប្រមាណ​ ៣០​នាក់​ ប្រមូលផ្តុំ​គ្នា​នៅ​ខាង​មុខ​សាលា​រាជធានី​ភ្នំពេញ​ ដើម្បី​ទាមទារ​ដំណោះស្រាយ​ដីធ្លី​ពួក​គាត់​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែកុម្ភៈ​។​

 

តំណាង​សហគមន៍​ លោកស្រី​ ជុំ​ ង៉ា​ន់​ ថ្លែង​ថា​ ពួក​គាត់​រង់ចាំ​ដំណោះស្រាយ​ពី​ប្រធាន​រដ្ឋបាល​នៃ​សាលា​រាជធានី​ភ្នំពេញ​ លោក​ មាស​ យ៉ា​ដា​ អស់​ជា​ច្រើន​ខែ​មក​ហើយ​ ប៉ុន្តែ​មិន​មាន​លេច​ជា​ផ្លែផ្កា​ណាមួយ​ដែល​ពួក​គាត់​អាច​សង្ឃឹម​បាន​ឡើយ​៖​ «​ថ្ងៃ​ហ្នឹង​ពួក​ខ្ញុំ​ចូល​ ពួក​ខ្ញុំ​ក៏​លែង​ហ៊ាន​ចូល​ ព្រោះ​សាលា​រាជធានី​ភ្នំពេញ​គាត់​បាន​តែ​ភូត​ខ្ញុំ​ហ្នឹង​ អត់​ដោះស្រាយ​សោះ​ បើសិន​បុរី​កីឡា​ទាំងមូល​ គាត់​ដោះស្រាយ​ឲ្យ​អ្នក​ណា​ សូ​ម្បី​តែ​ម្នាក់​ ពួក​ខ្ញុំ​អត់​មក​ដែរ​»​។​

 

ក្នុង​ពេល​ស្រែក​ទាមទារ​រក​ដំណោះស្រាយ​ អ្នក​បុរី​កីឡា​ ស្នើ​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ ដក​ លោក​ ប៉ា​ សុ​ជាតិ​វង្ស​ ចេញពី​តំណែង​អភិបាល​រាជធានី​ភ្នំពេញ​ ព្រោះ​ពួក​គាត់​យល់​ថា​ ភាគី​សាលា​រាជធានី​ភ្នំពេញ​ មិន​ដែល​គោរព​ពាក្យ​សន្យា​ជាមួយនឹង​ពលរដ្ឋ​រង​គ្រោះ​ដីធ្លី​ឡើយ​។​

 

គិត​ត្រឹម​ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បញ្ហា​ដីធ្លី​ដ៏​រ៉ាំរ៉ៃ​មួយ​នេះ​មាន​រយៈពេល​ ៣​ឆ្នាំ​មក​ហើយ​ ដែល​អ្នក​បុរី​កីឡា​ ជាង​ ១០០​គ្រួសារ​ រស់នៅ​ក្បែរ​គំនរ​សំរាម​នៅ​តែ​មិន​ទទួល​ដំណោះស្រាយ​ណាមួយ​ពីសា​លា​រាជធានី​ភ្នំពេញ​ និង​ខាង​ភាគី​ក្រុមហ៊ុន​ ផា​ន​ អ៊ី​ម៉ិច​ (PhanImex)​ របស់​ អ្នកស្រី​ ស៊ុ​យ​ សុ​ផា​ន​ នោះ​ឡើយ​៕​

Loading...

Leave a Reply

Your email address will not be published. Required fields are marked *