ក្រុមប្រឹក្សាសន្តិសុខ​អំពាវនាវជាឯកច្ឆន្ទឱ្យអាសារបង់រដ្ឋប្រហារយោធានៅមីយ៉ាន់ម៉ា

ក្រុមប្រឹក្សាសន្តិសុខ​អ​.​ស​.​ប​បាន​អំពាវនាវ​ជា​ឯកច្ឆន្ទ​ឱ្យ​ក្រឡាស់​ចោល​នូវ​រដ្ឋប្រហារ​យោធា​នៅ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​ពុធ
​ទី​១០​មីនា​ដោយ​ថ្កោលទោស​យ៉ាងខ្លាំង​ចំពោះ​​អំពើហិង្សា​ប្រឆាំងនឹង​ក្រុមអ្នកតវ៉ា​ដោយ​សន្តិវិធី​និង​អំពាវនាវ​ឱ្យ​មាន​ការអត់ធ្មត់​បំផុត​ពី​សំណាក់​
យោធា​។​

​សេចក្តីថ្លែងការណ៍​របស់​ប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​ដែល​អនុម័ត​ដោយ​សមាជិក​ក្រុមប្រឹក្សា​ទាំង​១៥ រួម​ទាំង​ប្រទេស​ជិតខាង​និង​មិត្តភក្តិ​របស់​
មី​យ៉ាន់​ម៉ា​គឺ​ប្រទេស​ចិន​ត្រូវ​បាន​អនុម័ត​ជា​ផ្លូវការ​នៅ​​ឯ​កិច្ចប្រជុំ​ខ្លី​មួយ​តាម​វីដេអូ កន្លែង​ដែល​ឯកអគ្គរដ្ឋទូត​អាម៉េរិក​លោកស្រី លីន​ដា ថូ​ម៉ា​ស
គ្រីន​ហ្វៀល ដែល​ជា​ប្រធាន​ក្រុមប្រឹក្សា​បច្ចុប្បន្ន បានប្រកាសថា សេចក្តីថ្លែងការណ៍​ត្រូវបាន​យល់ព្រម​។​

​សេចក្តីថ្លែងការណ៍​របស់ប្រធាន​គឺជា​ជំហាន​មួយ​នៅ​ក្រោម​សេចក្តីសម្រេច​ចិត្ត​មួយ ប៉ុន្តែ​ក្លាយជា​ផ្នែក​មួយ​នៃ​កំណត់ត្រា​ផ្លូវការ​របស់​ស្ថាប័ន​ដ៏
​មាន​ឥទ្ធិពល​បំផុត​របស់​អ​.​ស​.​ប​។​

​សេចក្តីថ្លែងការណ៍​ដែល​ព្រាង​ដោយ​ចក្រភព​អង់គ្លេស​គឺ​អំពាវនាវ​ឱ្យមាន​ការដោះលែង​មេដឹកនាំ​រដ្ឋាភិបាល​ជាបន្ទាន់​រួម​មាន​ទីប្រឹក្សា​រដ្ឋ​លោកស្រី​
អ៊ុង​សាន ស៊ូ ជី និង​ប្រធានាធិបតី​វីន មី​យីន​ត៍ដែល​​ត្រូវបាន​ឃុំខ្លួន​ចាប់តាំងពី​ពួកគេ​ត្រូវ​បាន​ទម្លាក់​ចេញ​ពី​អំណាច​នៅក្នុង​រដ្ឋប្រហារ​យោធា
​កាលពី​ថ្ងៃទី ១ ខែ​កុម្ភៈ​។​

​សេចក្តីថ្លែងការណ៍​នេះ​គាំទ្រ​អន្តរកាល​ប្រជាធិបតេយ្យ​របស់​ប្រទេស​មី​យ៉ាន់​ម៉ា​និង “​សង្កត់ធ្ងន់​លើ​តម្រូវការ​ដើម្បី​រក្សា​ទុក​នូវ​ស្ថាប័ន​និង​ដំណើរ
ការ​ប្រជាធិបតេយ្យ​នានា បញ្ចៀស​អំពើ​ហិង្សា​គោរព​សិទ្ធិមនុស្ស​​និង​សេរីភាព​ជា​មូលដ្ឋាន និង គោរព​នីតិរដ្ឋ​”​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អ​.​ស​.​បលោក​ចាង ជុន​បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា “​វា​ជា​ការសំខាន់​ដែល​សមាជិក​ក្រុមប្រឹក្សា​
និយាយ​ដោយ​សំឡេង​តែ​មួយ​”​និង​ប្រកាស​ថា​ឥឡូវ​ដល់ពេល​​សម្រាប់​ការបន្ថយ​អំពើហិង្សា បង្កើន​កិច្ចការ​ទូត និង​កិច្ច​ពិភាក្សា​។​

​លោកស្រី លីន​ដា ថូ​ម៉ា​សគ្រីន​ហ្វៀល​ក៏​សង្កត់ធ្ងន់ផង​ដែរថា សមាជិក​ក្រុមប្រឹក្សា​ទាំងអស់ “​និយាយ​ដោយ​សំឡេង​តែ​មួយ​ដើម្បី​ថ្កោលទោស​អំពើ
ហិង្សា​ជា​បន្ត​ប្រឆាំងនឹង​បាតុករ​ដោយ​សន្តិវិធី​”៕

Loading...