ឥណ្ឌា​កំពុង​តស៊ូ​ទប់ទល់​រលក​ទី​ពីរ​នៃ​កូវី​ដ​១៩ និង មន្ទិលសង្ស័យ​អំពី​វ៉ាក់សាំង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ឥណ្ឌា​កំពុង​ប្រណាំងប្រជែង​ដើម្បី​ទប់ទល់​នឹង​វីរុស​កូរ៉ូណា​រលក​ទីពីរ ប៉ុន្តែ​មន្ទិល​លើ​យុទ្ធនាការ​ចាក់​វ៉ាក់សាំង​របស់​ខ្លួន​កំពុង​កើត​មាន​ក្នុងចំណោម​អ្នក​សង្ស័យ​ជាច្រើន ដូចជា លោក អាក់​បា ម៉ូ​ហា​ម៉េត ផា​ថែ​ល ជាដើម​។​

​ជា​អ្នកស្រុក​នៃ​តំបន់​អនាធិបតេយ្យ​ដែល​មាន​មនុស្ស​រស់​នៅ​យ៉ាងច្រើន​ក្រាស់ក្រែល​នៃ​ទីក្រុង​មុំ​បៃ លោក​ផា​ថែ​ល​បាន​រួច​រស់​ជីវិត​ពី​ការ​ធ្លាក់ខ្លួន​ឈឺធ្ងន់ធ្ងរ​ដោយ​វីរុស​កូរ៉ូណា​កាលពី​ខែ​ឧសភា​។​រលក​ទីមួយ​​បាន​ជំរុញ​ឱ្យ​មន្ត្រី​ក្រុម​មុំ​បៃបិទ​តំបន់​លំនៅដ្ឋាន​របស់​គាត់ ដោយ​បង្ខាំង​ទុក​មនុស្ស​រាប់ពាន់​នាក់​អស់​រយៈពេល​ជិត​ពីរ​ខែ​។​

​ទោះយ៉ាងណា យុទ្ធនាការ​ចាក់​វ៉ាក់សាំង​នាពេល​បច្ចុប្បន្ន​នេះ​ត្រូវបាន​រំខាន​ដោយ​ការដាក់ចេញ​យឺតយ៉ាវ​របស់​រដ្ឋាភិបាល​ក៏ដូចជា​ការសង្ស័យ​ពី​មនុស្ស​ដូច​ជា​លោក​ផា​ថែ​ល​និង​អ្នកជិតខាង​របស់​គាត់​។​

​លោក​ផា​ថែ​ល​និយាយថា “​នៅលើ​បណ្តាញ​សង្គម យើង​ដឹង​ថា​នេះ​គឺជា​ល្បែង​ដ៏​ធំ​មួយ​ដើម្បី​រក​លុយ​”​។ ទាក់ទិន​នឹង​វ៉ាក់សាំង គាត់​និយាយថា “​រឿងរ៉ាវ​ជាច្រើន​ត្រូវបាន​លាក់បាំង​”​។​

​វីរុស​កូរ៉ូណា ដែល​ហាក់​ថមថយ​ទៅហើយនោះ បែរ​ជា​ផ្ទុះឡើង​សា​ជា​ថ្មី​ទូទាំង​ប្រទេស​ឥណ្ឌា​។ ករណី​ឆ្លង​ដែល​បាន​បញ្ជាក់បាន​កើនឡើង​ដល់​ប្រហែល ៣១.៦០០ នាក់​ជា​រៀងរាល់ថ្ងៃ​ពី​កម្រិត​ទាប​ប្រហែល ៩.៨០០ នាក់​ក្នុង​ខែ​កុម្ភៈ​។ ក្នុង​រយៈពេល​ពីរ​សប្តាហ៍​ថ្មីៗ​នេះ ការស្លាប់​បាន​កើនឡើង ៨២ ភាគរយ​។​

​ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នេះ​គឺ​ប្រមូលផ្តុំ​នៅ​រដ្ឋ​ម៉ា​ហា​រ៉ា​ស្ត្រា ដែល​ជា​ទីតាំង​របស់​ទីក្រុង​មុំ​បៃ ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​របស់​ប្រទេស​។ ស្រុក​ទាំងអស់​នៃ​រដ្ឋ​នេះ​បាន​បិទ​សាជាថ្មី​។ ​អ្នកវិទ្យាសាស្ត្រ​កំពុង​ស៊ើបអង្កេត​ថា​តើ​មេរោគ​បំប្លែង​ថ្មី​មួយ​ដែល​រកឃើញ​នៅ​ទីនោះ​មាន​ភាពកាចសាហាវ​ជាង​មេរោគ​បំប្លែង​ខ្លួន​ដែល​រកឃើញ​នៅ​ចក្រភព​អង់គ្លេស អាហ្វ្រិក​ខាងត្បូង​និង​ប្រេ​ស៊ីល​ដែរ​​ឬ​យ៉ាងណា​។​

​ក្រុមមន្ត្រី​កំពុង​រង​សម្ពាធ​ពី​នាយករដ្ឋមន្ត្រី​ណារិ​នដ្រា ម៉ូ​ឌី ដើម្បី​បង្កើន​ការ​ធ្វើតេស្តិ៍​និង​ការចាក់​វ៉ាក់សាំង​ឱ្យបាន​ខ្លាំងក្លា ជាពិសេស​ក្នុង​ទីក្រុង​មុំ​បៃ ដើម្បី​កុំឱ្យ​ជួប​ការរំខាន​ដូច​ឆ្នាំ​មុន ដែល​ប្រទេស​ទាំងមូល​ត្រូវ​បិទ និង សេដ្ឋកិច្ច​ត្រូវ​ធ្លាក់ចុះ​៕

​​

Loading...