ឥណ្ឌានឹងផលិតវ៉ាក់សាំងកូវីដ១៩យ៉ាងហោចណាស់១ពាន់លានដូសនៅយ៉ាងយូរត្រឹមដំណាច់ឆ្នាំក្រោយ នៅក្នុងគំនិតផ្តួចផ្តើមរួមមួយដែលត្រូវបានប្រកាសកាលពីថ្ងៃសុក្រជាមួយ សហរដ្ឋអាម៉េរិក ជប៉ុន និងអូស្ត្រាលី។
បន្ទាប់ពីជំនួបកំពូល៤ប្រទេសនេះជាលើកដំបូង លោក ជេក ស៊ុលលីវ៉ាន ដែលជាទីប្រឹក្សាសន្តិសុខជាតិរបស់ប្រធានាធិបតីអាម៉េរិក លោកចូ បៃដិន បាននិយាយថា ក្រុមចតុប្រទេសដែលមានឈ្មោះថាQuad បានធ្វើ«ការសន្យាតាំងចិត្តដ៏ធំមួយ»ចំពោះវ៉ាក់សាំងកូវីដ១៩។
លោកបានប្រាប់អ្នកយកព័ត៌មានថា «Quad បានប្តេជ្ញាបញ្ជូនវ៉ាក់សាំង១ពាន់លានដូសមកកាន់អាស៊ី តំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក និងហួសពីនេះនៅយ៉ាងយូរត្រឹមចុងឆ្នាំ២០២២»។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ សេតវិមានអាម៉េរិកបាននិយាយថា ក្រុមហ៊ុនBiological Eរបស់ឥណ្ឌានឹងផលិតវ៉ាក់សាំងកូវីដយ៉ាងតិច១ពាន់លានដូសនៅយ៉ងយូរបំផុតត្រឹមចុងឆ្នាំក្រោយ ដោយផ្តោតលើវ៉ាក់សាំងចាក់តែម្តងរួចរាល់របស់ក្រុមហ៊ុនអាម៉េរិកJohnson & Johnson។ការផលិតនេះនឹងជួយផ្តល់ហិរញ្ញវត្ថុដោយជប៉ុន ព្រមទាំងអង្គការអាម៉េរិកមួយ។ចំណែកអូស្ត្រាលីនឹងចូលរួមចំណែក៧៧លានដុល្លារ បន្ថែមលើការសន្យាកាលពីមុនចំនួន៤០៧លានដុល្លារ ដើម្បីធានាថា វ៉ាក់សាំងកូវីដ១៩ត្រូវបានបញ្ជូនអោយមកចាក់នៅអាស៊ីអាគ្នេយ៍។
ក្រៅពីជួយលុយផលិត ជប៉ុននឹងចេញប្រាក់៤១លានដុល្លារទៀតសំរាប់ការចែកចាយវ៉ាក់សាំង ដែលទាមទារការគ្រប់គ្រងសីតុណ្ហភាពយ៉ាងគត់មត់។
នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារេនដ្រា ម៉ូឌី បាននិយាយថា គំនិតផ្តួចផ្តើមនេះបង្ហាញការឯកភាពគ្នាលើការប្រយុទ្ធប្រឆាំងកូវីដ១៩ តែក្រុមអ្នកវិភាគយល់ឃើញថា វាជាការរួមគ្នាទប់ទល់នឹងឥទ្ធិពលចិនដែលកំពុងជួយវ៉ាក់សាំងយ៉ាងច្រើនដល់អាស៊ីអាគ្នេយ៍ និងហួសពីនេះ៕
