ឥណ្ឌូនេស៊ីពន្លិចទូកនេសាទបរទេសខុសច្បាប់៣៨គ្រឿង

កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៥ ឥណ្ឌូនេស៊ីបានពន្លិចទូកនេសាទបរទេសខុសច្បាប់៣៨គ្រឿង ដែលជាសកម្មភាពធំបំផុតរបស់ខ្លួនមិនធ្លាប់មាន ។ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញពីវិធានការរបស់រដ្ឋាភិបាលដែលចាត់ការ និងការពារយ៉ាងដាច់ខាតចំពោះការរំលោភបំពានដែនអធិបតេយ្យរបស់ខ្លួន។

ការពន្លិចទូកនេសាទបរទេសខុសច្បាប់ខាងលើនេះធ្វើឡើងនៅទីតាំងផ្សេងៗគ្នានៅទូទាំងប្រទេសឥណ្ឌូនេស៊ី ដែលជាផ្នែកមួយនៃការចូលរួមរំលឹកថ្ងៃឯករាជ្យលើកទី៧០ឆ្នាំរបស់ប្រទេសនេះផងដែរ ។

ទូកនេសាទខុសច្បាប់ទាំងនោះគឺមកពីប្រទេសវៀតណាម, ហ្វីលីពីន, ថៃ, ម៉ាឡេស៊ី និងឥណ្ឌូនេស៊ីផងដែរ ។ ទូកនេសាទដែលត្រូវពន្លិចទាំងនោះមានទូកនេសាទបរទេស៣៤គ្រឿង និងទូកចុះឈ្មោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី៤គ្រឿង ។

លោកស្រី Susi Pudjiastuti រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការសមុទ្រ និងនេសាទឥណ្ឌូនេស៊ីបានថ្លែងនៅក្នុងសេចក្តីថ្លែងការណ៍ថា ដែនទឹកគឺជាកត្តាមួយយ៉ាងសំខាន់ធានាការឯកភាពរបស់ឥណ្ឌូនេស៊ី ។

លោកស្រីបញ្ជាក់ថា ឥណ្ឌូនេស៊ីជាប្រទេសប្រជុំទៅដោយដែនកោះ ដែលមានផ្ទៃទឹកពីរភាគបីនៃប្រទេសទាំងមូល ដូច្នេះដែនទឹកមានសារសំខាន់ខ្លាំងណាស់នៅក្នុងការរក្សាកំណត់ពីដែនអធិបតេយ្យរបស់ឥណ្ឌូនេស៊ី ។ លោកស្រីបញ្ជាក់ថា យើងត្រូវតែធ្វើឲ្យបានដើម្បីបង្ហាញឲ្យឃើញថា ដែនទឹកជាអាយុជីវិត និងជាអនាគតជាតិរបស់យើង ។

ទូកនេសាទបរទេសខុសច្បាប់បានចូលមកនេសាទខុសច្បា់ក្នុងដែនសមុទ្រឥណ្ឌូនេស៊ី អ្នកនេសាទដែលចូលខុសច្បាប់នោះត្រូវដោះស្រាយតាមរយៈប្រព័ន្ធយុត្តិធម៌ ។ ការពន្លិចទូកនេសាទទាំងនេះគឺជាវិធានការស្រាលនោះទេ យើងមិនបានកម្ទេចវាទាំងស្រុងនោះឡើយ ។

ក្រសួងទទួលបន្ទុកកិច្ចការដែនសមុទ្រ និងនេសាទឥណ្ឌូនេស៊ីបានបញ្ជាក់ទៀតថា ទូកដែលពន្លិចទាំងនេះនឹងក្លាយជាជម្រករបស់សត្វត្រីទាំងឡាយសម្រាប់ពង និងបង្កបង្កើតពូជឲ្យកាន់តែច្រើនថែមទៀតដើម្បីជួយចម្រើនដល់ធនធានសមុទ្រប្រទេសឥណ្ឌូនេស៊ី ៕

indonesia-sinks-boats

Loading...

Leave a Reply

Your email address will not be published. Required fields are marked *