ឥណ្ឌូ​នេ​ស៊ី​ត្រូវការ​ពេល​៣​ឆ្នាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​

​ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​ លោក​ Joko​ Widodo​ បាន​ថ្លែង​ក្នុង​បទ​សម្ភាសន៍​ជាមួយ​វិទ្យុផ្សាយសំឡេង​ប៊ី​ប៊ី​ស៊ី​ថា​ លោក​ត្រូវការ​ពេលវេលា​ដើម្បី​បញ្ឈប់​ភ្លើង​ឆេះ​ព្រៃ​ បង្ក​ឲ្យ​មាន​ផ្សែង​អ័ព្ទ​កើត​មាននៅ​ក្នុង​ប្រទេស​នោះ​ ។​

​នៅ​ក្នុង​បទ​សម្ភាសន៍​ដែល​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៩​ ខែកញ្ញា​ ឆ្នាំ​២០១៥​ លោក​ Joko​ Widodo​ ប្រធានាធិបតី​ឥណ្ឌូ​នេ​ស៊ី​បាន​បញ្ជាក់​ថា​ រដ្ឋាភិបាល​ត្រូវការ​ពេលវេលា​៣​ឆ្នាំ​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ និង​បញ្ឈប់​ទាំង​ស្រុក​ការ​ឆេះ​ព្រៃ​រាលដាល​ជា​រៀង​រាល់​ឆ្នាំ​នេះ​ ដែល​ភ្លើង​ឆេះ​ព្រៃ​នេះ​បង្ក​ឲ្យ​មាន​ផ្សែង​អ័ព្ទ​ធ្លាក់​មក​ពាស់ពេញ​នៅ​ក្នុង​តំបន់​ ។​

​លោក​Joko​ Widodo​ បាន​បញ្ជាក់​ថា​ ឥណ្ឌូ​នេ​ស៊ី​នៅ​តែ​ខិតខំ​យ៉ាង​ខ្លាំង​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ភ្លើង​ឆេះ​ព្រៃ​ ។​ កម្លាំងយោធា​៣៧០០​នាក់​ និង​កម្លាំង​ប៉ូលិស​៨០០០​នាក់​ ព្រមទាំង​យន្តហោះ​បាញ់​ទឹក​៤​គ្រឿង​ផង​ដែរ​ត្រូវ​ចូលរួម​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ទាំងនោះ​ ។​

​លោក​បញ្ជាក់​ថា​ អាជ្ញាធរ​នៅ​ពេល​នេះ​បាន​កសាង​ទំនប់​ទឹក​ ស្តុក​ទឹក​បម្រុង​ស្ថិត​នៅ​ក្នុង​ព្រៃ​ ក៏​ដូច​ជា​នៅ​តាម​ប្រឡាយ​ទឹក​ផង​ដែរ​ ដើម្បី​ទប់ស្កាត់​ភ្លើង​ឆេះ​ព្រៃ​ដែល​កើតឡើង​ទាំងនោះ​ ។​ ជាមួយ​គ្នា​នេះ​ដែរ​ រដ្ឋាភិបាល​ក៏​បាន​ព​ន្លឿ​ន​ការ​អនុវត្ត​ច្បាប់​ដើម្បី​ប្រយុទ្ធ​ប្រឆាំង​ការ​ឆេះ​ព្រៃ​ថែម​ទៀត​ផង​ ។​

​លោក​បាន​ថ្លែង​ថា​ យើង​នឹង​ឃើញ​លទ្ធផល​ឆាប់ៗ​ ក្នុង​រយៈពេល​៣​ឆ្នាំ​ នៅ​ពេល​ដែល​យើង​បញ្ចប់​គម្រោងការ​នេះ​ ។​ ឥណ្ឌូ​នេ​ស៊ី​ជា​ប្រទេស​មួយ​ដែល​រង​គ្រោះ​ដោយសារ​តែ​ភ្លើង​ឆេះ​ព្រៃ​ផង​ដែរ​ ។​

​ផ្សែង​អ័ព្ទ​ឆូ​ល​ចូល​ច្រមុះ​តែងតែ​កើត​មាន​ជា​និច្ច​នៅ​ក្នុង​ប្រទេស​អាស៊ី​ភាគ​អាគ្នេយ៍​ ។​ ផ្សែង​អ័ព្ទ​នេះ​បាន​ធ្លាក់​ខ្លាំង​ឡើង​នៅ​ក្នុង​ដែន​កោះ​ស៊ូ​ម៉ា​ត្រា​ ប្រទេស​ឥណ្ឌូ​នេ​ស៊ី​ និង​ផ្នែក​ខ្លះ​ទៀត​ស្ថិត​នៅ​ដែន​កោះ​ Borneo​ កាលពី​បី​ស​ប្តា​ហ៍​កន្លង​មកនេះ​ ។​ ផ្សែង​អ័ព្ទ​ខ្មៅ​ងងឹត​បាន​បក់​បោក​នៅ​ទូ​ទាំង​តំបន់​តែ​ម្តង​ ។​

​ភ្លើង​ឆេះ​ព្រៃ​ត្រូវ​បាន​គេ​ដឹង​ថា​ បណ្តាល​ឲ្យ​មក​ពី​មានការ​លួច​ដុត​ដោយ​ខុសច្បាប់​ដើម្បី​ធ្វើ​ផ្លូវ​ឆ្ពោះទៅ​កាន់​ចំការអណ្តូង​ប្រេង​ ។​ ឥណ្ឌូ​នេ​ស៊ី​បាន​បរាជ័យ​នៅ​ក្នុង​ការ​បញ្ឈប់​សកម្មភាព​ទាំងនេះ​ បើ​ទោះបី​មានការ​គាបសង្កត់​ពី​ប្រទេស​ជិតខាង​រយៈពេល​ច្រើន​ឆ្នាំ​កន្លង​មក​ក៏​ដោយ​ ៕​

haze-indon A helicopter drops water on burnt peatland in Siak district of Riau province

Loading...

Leave a Reply

Your email address will not be published. Required fields are marked *