ឧកញ៉ាជ័យសម្រុកដឹកជញ្ជូនឈើទៅលក់នៅប្រទេសវៀតណាមតាមច្រកអន្តរជាតិត្រពាំងស្រែក្នុងស្រុកស្នួល ខេត្តក្រចេះ

ខេត្តក្រចេះ៖ លោកឧកញ៉ាមានឈ្មោះល្បីមួយរូប ត្រូវបានគេនិយាយថា កំពុងតែមានសកម្មភាពយ៉ាងសកម្ម ក្នុងការដឹកជញ្ជូនឈើប្រណិត និងឈើអារសុក្រំលេខ១ តាមរថយន្តធន់ធំជាច្រើនគ្រឿង ឆ្ពោះយកទៅលក់នៅប្រទេសវៀតណាម ចូលតាមច្រក អន្តរជាតិត្រពាំងស្រែ ក្នុងស្រុកស្នួល ខេត្តក្រចេះ ។

មានការដឹកជញ្ជូនឈើអាលេខ១តាមរថយន្តជាច្រើនគ្រឿង សារជាថ្មីម្តងទៀត ពីសំណាក់លោកឧកញ៉ា ជ័យ តាមរថយន្តធន់ធំជាច្រើនគ្រឿង ដែលកំពុងតែសម្រុក ការដឹកជញ្ចូនឈើពេញៗទ្រុង និងឃ្លុមបេឈើបិទជិត ហើយការដឹកជញ្ជូននោះគឺគ្មានច្បាប់ តែមិនមានការហាមឃាត់ដោយសារលោក ឧកញ៉ា ជ័យ បានជ្រកក្រោមម្លប់ជាមួយនិងលោកឧកញ៉ា ល័ក្ខ ប្រើរូបភាពជាឈើដេញថ្លៃ មានច្បាប់ដឹកជញ្ជូនពីថ្នាក់ជាតិ។ ប្រភពព៌ត័មាន បានឲ្យដឹងទៀតថា ឈើរបស់លោក ឧកញ៉ា ជ័យ គឺបានធ្វើការប្រមូលដឹកចេញពីខេត្តស្ទឹងត្រែង និងខេត្តរតនគីរី និងសម្រុកដឹកចូល តាមព្រំដែនអន្តរជាតិត្រពាំង ទាំងយប់ទាំងថ្ងៃ។

ជាមួយនឹងការដឹកជញ្ជូនឈើ ទៅលក់នៅប្រទេសវៀតណាម ពីសំណាក់លោកឧញ៉ា ជ័យ ត្រូវបានសមត្ថកិច្ចនៅក្នុងស្រុកស្នួលនិយាយថា ការដឹកជញ្ជូនឈើនេះគឺធ្វើឡើងទាំងយប់ថ្ងៃ មានពេលខ្លះរថយន្តនោះខូច ឬក្រឡាប់ចេញឈើរាយប៉ាយ នៅលើដងផ្លូវយ៉ាងណាក៏ដោយ ក៏មិនរំខានដល់ការដឹកជញ្ជូនឈើ របស់លោកឧកញ៉ារូបនេះដែរ ដោយសារតែសមត្ថកិច្ចនៅតំបន់ មិអាចប៉ះពាល់បាន ដោយសំអាងថា ឈើទាំងនេះជាឈើដេញថ្លៃ ពីគណៈកម្មាធិការថ្នាក់ជាតិ ហើយក្រុមមន្រ្តីប្រចាំការទាំងនោះ ក៏មិនហ៊ានសួរនាំរកច្បាប់ទម្លាប់អ្វីដែរ បានត្រឹកតែឈរចាំបើកប៉ារាស់ឲ្យរថយន្តបើកឆ្លងតែប៉ុណ្ណោះ។

ជាក់ស្តែងកាលពីយប់ថ្ងៃទី១៧ កក្កដា កន្លងទៅថ្មីៗនេះ គឺមានរថយន្តយីឌុបខ្នាតយក្សដឹកឈើខុសច្បាប់មួយគ្រឿង បានក្រឡាប់នៅលើកំណាត់ផ្លូវជាតិលេខ៧៤ ក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ ក្បែរព្រំដែន កម្ពុជាវៀតណាម ហើយករណីក្រឡាប់រថយន្តដឹកឈើរបស់លោកឧញ៉ា ជ័យ ត្រូវបានគេសន្និដ្ឋានថា គឺបណ្តាលមកពីផ្ទុកលើសចំណុះ ។

ក្រោយពីជួបហេតុការក្រឡាប់ភ្លាមៗ ត្រូវបានក្រុមកម្មករជាច្រើននាក់ បាននាំគ្នាលើក ស្ទូចឈើផ្ទេរកំណាត់ឈើជា ច្រើនរយកំណាត់ ពីរថយន្តយីឌុបមួយគ្រឿង របស់លោកឧកញ៉ា ជ័យ ទៅដាក់រថយន្តមួយទៀតយ៉ាងប្រញ៉ាប់ប្រញាល់បានបញ្ចប់រួចរាល់ និងក៏បានបន្តដឹកនាំចូលទៅកាន់ប្រទេសវៀតណាម តាមច្រកព្រំដែនអន្តរ ជាតិត្រពាំង ស្រែបានដោយសុវត្ថិភាព គឺមិនមានការរំខានពីស្ថាប័នសមត្ថកិច្ចជំនាញណា មួយនោះទេ។

សេចក្តីរាយការណ៍បានឲ្យដឹងថា រថយន្តដឹកឈើដែលកំពុងតែសម្រុក ការដឹកជញ្ចូនឈើពេញៗទ្រុង និងឃ្លុមបេឈើបិទជិត គឺគេដឹងថា ជារបស់លោកឧកញ៉ា ជ័យ ហើយការដឹកជញ្ជូននោះគឺគ្មានច្បាប់ ដោយសារលោក ឧកញ៉ាជ័យ បានជ្រកក្រោមម្លប់ ជាមួយនិងលោកឧកញ៉ា ល័ក្ខ ប្រើរូបភាពជាឈើដេញថ្លៃ មានច្បាប់ដឹកជញ្ជូនពីថ្នាក់ជាតិ។

ជាមួយគ្នានេះដែរ ក្រុមមន្រ្តីមួយចំនួន បានបង្ហើបប្រាប់ថា រាល់ការដឹកជញ្ជូនឈើ ដេញថ្លៃពីគណៈកម្មាធិការថ្នាក់ជាតិ គឺបានកំណត់ឲ្យមានការប្រមូលយកចេញពីតំបន់ មួយចំនួនតាមក្រុមហ៊ុនវិនិយោគ និងតម្រូវឲ្យ យកឈើទាំងនោះមកចូលរោងចក្រកែច្នៃ មុននិងនាំចេញ ហើយទីតាំងសម្រាប់ស្តុកដើម្បីរក្សាទុកកែច្នៃ ក៏ត្រូវអាជ្ញាធរកំណត់ទីតាំង នៅចំនុចក្បែរព្រំដែនអន្តរជាតិត្រពាំងស្រែ។ តែទោះបីជាយ៉ាងណា រយៈពេលប៉ុន្មានខែចុងក្រោយនេះ គេមិនបានឃើញការដឹកជញ្ជូនឈើដេញថ្លៃទាំងនោះ បានដឹកជញ្ជូនមកស្តុក និងរក្សាទុកនៅរោងចក្រកែច្នៃដូចតាមការកំណត់នោះទេ ពោលគឺបានដឹកឃ្លុមបេជិត និង តម្រង់ចូលទៅប្រទេសវៀតណាមតែម្តង។ ដោយក្នុងមួយថ្ងៃៗមានរថយន្តរាប់សិបគ្រឿង មានផ្ទុកឈើរាប់រយមែត្រគូបដឹកឡើងរញ្ជួយផ្លូវជាតិសម្រុកនាំចេញ។

ជុំវិញសកម្មភាពដឹកជញ្ជូនឈើរបស់លោកឧកញ៉ា ជ័យ ដែលគេសង្ស័យថា បានប្រើរូបភាពកន្ទេលធំបន្លំដេកនេះ មិនអាចសុំការបំភ្លឺពីស្ថាប័នជំនាញណាមួយនោះទេ ខណះ ដែលអាជ្ញាធរ ស្រុកនិងខេត្តពាក់ព័ន្ឋ បានត្រឹមតែរុញឲ្យសួរគ្នាទៅវិញទៅមកនោះ៕

Loading...