ឧកញ៉ាអុឹង ប៊ុនចឹន ជាមន្ត្រីអាវុធហត្ថលើផ្ទៃប្រទេស និងជាទីប្រឹក្សាផ្ទាល់លោក ស៊ិង សុផានី តាមប្រមាញ់ជីវិតអតីតប្រពន្ធរបស់ខ្លួនយ៉ាងគឃ្លើននឹងច្បាប់

ខេត្តសៀមរាប៖ លោកឧកញ៉ា អុឹង ប៊ុនចឹន ជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេសផង និងជាទីប្រឹក្សាផ្ទាល់របស់លោក ស៊ិង សុផានី មេបញ្ជាការរងកងរាជអាវុធហត្ថ ត្រូវអតីតប្រពន្ធចោទប្រកាន់ថា បានតាមប្រមាញ់ជីវិតរកតែពេលចិញ្ចឹមកូនៗ៤នាក់មិនបាន ខណៈដែលលោកឧកញ៉ាអុឹង ប៊ុនចឹង​បានទៅរៀបការស្រីក្មេងរស់នៅក្នុងវីឡាដ៏ស្កឹមស្កៃទៅហើយនោះ ។

អ្នកស្រី ផង់ ស្រីពៅ រស់នៅភូមិចុងកៅស៊ូ បណ្តោយផ្លូវលេខ៦០ម៉ែត្រ ឃុំស្លរក្រាម ស្រុកសៀមរាប ខេត្តសៀមរាប បានបង្ហោះវេដេអូតាមបណ្តាញសង្គមហ្វេសប៊ុកដោយរៀបរាប់ទាំងទឹកភ្នែក អមសងខាងដោយកូនប្រុស ស្រី៤នាក់ថា អ្នកស្រីជាអតីតប្រពន្ធរបស់ឧកញ៉ា អុឹង ប៊ុនចឹន មានតួនាទីជាមន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាទីប្រឹក្សាផ្ទាល់របស់លោកស៊ិង សុផានី មេបញ្ជាការរងកងរាជអាវុធហត្ថទទួលបន្ទុកកសាងកម្លាំងបានទទួលរងការតាមប្រមាញ់ជីវិតឥតឈប់ឈរពីសំណាក់លោកអុឹង ប៊ុនចឹន រកតែពេលរកស៊ីចិញ្ចឹមកូនៗមិនបាន ។

អ្នកស្រី ផង់ ស្រីពៅ បន្តទៀតថា ចាប់តាំងពីបានគ្នាជាប្តីប្រពន្ធរៀងមក លោកអុឹង ប៊ុនចឹន តែងតែធ្វើទារុណកម្ម ប្រើអំពើហិង្សា វាយដំច្រាំធាក់លើរាងកាយប្រៀបដូចសត្វធាតុ គ្មានការអាណិតអាសូរ និងយង់ឃ្នងបំផុត ផ្គើននឹងផ្លូវច្បាប់ ។ ការធ្វើទុក្ខបុកម្នេញមកលើរាងកាយនេះ ទោះយ៉ាងណា អ្នកស្រីនៅទ្រាំអត់ធ្មត់ សង្កត់ចិត្ត លេបថ្ម លេបគ្រួស ដេកឱបទុក្ខម្នាក់ឯង មិនហារស្តីឡើយ ហើយអ្វីដែលមិនគួរឲ្យជឿនឹងភ្នែកនោះ គឺអ្នកស្រីបានតាមទាន់ប្តីកំហូចកំពុងមានស្រីក្មេង និងសង់វីឡាយ៉ាងស្កឹមស្កៃឲ្យស្រីកំណាន់នោះរស់នៅថែមទៀតផង ។

អ្នកស្រី ផង់ ស្រីពៅបន្តថា អ្នកស្រីបានតាមទាន់ប្តីកំហូចកំពុងនៅជាមួយស្រីក្មេង និងសង់វីឡាឲ្យនាង(ស្រីក្មេង)នោះនៅក្នុងឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ ហើយគ្រានោះ លោកប្តីកំហូច អុឹង ប៊ុនចឹន បានបើកឡានដេញបុកពួកគាត់ និងប្តឹងពួកគាត់ថា ជាអ្នកទៅប្លន់ទៅវិញ ។ អ្នកស្រីបន្តថា ក្រៅពីនេះ នៅមានរឿងជាច្រើនទៀត ដូចជារៀបផែនការប្តឹងអ្នកស្រីថា ជាចោរទៅប្លន់គាស់ទូដែកនៅក្នុងផ្ទះនៅឯខេត្តព្រៃវែងជាដើម ។

អ្នកស្រីបន្តថា ចាប់តាំងពីពេលនោះមក លោកអុឹង ប៊ុនចឹន​បានប្តឹងហើយគំរាមមកលើអ្នកស្រីរហូត ។ លុះក្រោយមក ទើបមានការប្តឹងផ្តល់ទៅតុលាការ ហើយតុលាការបានសម្រេចបែងចែកទ្រព្យសម្បត្តិគ្នា ហើយអ្នកស្រីក៏សុខចិត្តទទួលយកការសម្រេចនេះ ។

អ្នកស្រី ផង់ ស្រីពៅ បន្តថា អ្នកស្រីត្រូវគេជះទឹកអាស៊ីដ ដោយសារតែរឿងពាក់ព័ន្ធនឹងដី៣ហិកតាកន្លះ គឺមានគេមកជះទឹកអាស៊ីដលើអ្នកដល់ផ្ទះ ។ អ្នកស្រីអះអាងថា រាងកាយរបស់ស្រីខ្ទេចខ្ទាំអស់ហើយដោយសារតែត្រូវ អុឹង ប៊ុនចឹន វាយធ្វើបាប ចង់ក្លាយទៅជាសរសៃប្រសាទហើយ ។

អ្នកស្រី ផង ស្រីពៅ បានអំពាវនាវដល់បណ្តាញសង្គមហ្វេសប៊ុកមេត្តាជួយយកចិត្តទុកដាក់ចំពោះបញ្ហារបស់អ្នកស្រី ព្រមទាំងអំពាវនាវប្រមុខរាជរដ្ឋាភិបាល នាយករដ្ឋមន្ត្រីហ៊ុន សែន មេត្តាជួយរកយុត្តិធម៌ជូនក្រុមគ្រួសារមេម៉ាយកូន៤នាក់របស់គាត់ផង ។

ពាក់ព័ន្ធករណីនេះដែរ មតិជាច្រើនបានរិះគន់យ៉ាងធ្ងន់ទៅលើលោកឧកញ៉ា អុឹង ប៊ុនចឹន មន្ត្រីកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាទីប្រឹក្សាផ្ទាល់លោក ស៊ិន សុផានី មេបញ្ជាការរងកងរាជអាវុធហត្ថ ដែលមិនគួរណាចេះច្បាប់ បែរជាបំពានច្បាប់អីចឹងសោះ ។ មេតិយោបល់បានលើកឡើងទៀតថា ករណីនេះ អាជ្ញាធរមានសមត្ថកិច្ចគួរតែមានវិធានការហើយ កុំទុកបណ្តោយឲ្យជនខិលខូចបន្តរស់នៅក្រៅសំណាញ់ច្បាប់យូរពេក ។

លោកឧកញ៉ា អុឹង ប៊ុនចឹន មិនអាចសុំការបំភ្លឺបានទេតាមរយៈទូរស័ព្ទ ៕

ឧកញ៉ា អុឹង ប៊ុនចឹន និងអ្នកស្រី ផង់ ស្រីពៅ កាលពីមិនទាន់បែកបាក់

Loading...