ឧកញ៉ា ជ័យ ត្រៀម​ដឹកឈើ​រាប់ពាន់​ម៉ែត្រគូប​ចេញពី​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២


ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​មូលដ្ឋាន​ក្នុងស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា បើទោះបី​នៅ​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ គ្មាន​នៅសល់​ឈើ​សម្រាប់​កាប់​ធ្វើ​អាជីវកម្ម​បន្តទៀត​ក៏ដោយ ក៏​ជាក់ស្ដែង​មាន​ឈើ​ស្តុក​ទុក​ក្នុង​បរិវេណ​នោះ​រាប់ពាន់​ម៉ែត្រគូប​នៅឡើយ​។ តាម​ការ​បង្ហើប​ពី​បុគ្គលិក​និង​កម្មករ​បម្រើ​ការងារ​នៅក្នុង​ការដ្ឋាន​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ បាន​ឲ្យ​ដឹងថា មាន​ឈើ​នៅសល់​រាប់ពាន់​ម៉ែត្រគូប​មិនទាន់​ត្រូវបាន​ដឹកជញ្ជូន​ចេញទៅ​វៀតណាម​នៅឡើយ​ទេ​។ ប្រភពពី​បុគ្គលិក​កម្មករ​បាន​ឲ្យ​ដឹង​ទៀតថា ឈើ​ទាំងនោះ​ទំនងជា​ត្រូវ​មេ​ឈ្មួញ ម៉ឹក សុផាន់​ណា​រ៉េត ហៅ​ឧកញ៉ា ជ័យ ត្រៀម​ដឹក​ចេញ​ក្រោម​ពេល​បោះឆ្នោតជាតិ​អាណត្តិ​ទី​៦ ថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៨​។

តាម​ប្រភពពី​មន្ត្រី​អាជ្ញាធរ​និង​សមត្ថកិច្ច​នៅក្នុង​ឃុំ​ស្រែគរ ស្រុក​សេសា​ន ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ឃ្លាំង​ស្តុក​ឈើ​២​ទីតាំង​ក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ មាន​សមត្ថកិច្ច​យាមកាម​យ៉ាង​តឹងតែង​និង​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត​។ ទន្ទឹមនឹងនេះ​ប្រភពពី​ក្រុមកម្មករ​បាន​ឲ្យ​ដឹងថា ឈើ​ដែល​នៅ​សេសសល់​រាប់ពាន់​ម៉ែត្រគូប​គឺ​ភាគច្រើន​ជា​ឈើ​ជ្រុង​អារច្រៀក​រួច​មាន​មុខកា​ត់​ចាប់ពី​០,៣០​ម៉ែត្រ​ឡើងទៅ ហើយ​មាន​បណ្ដោយ​ចាប់ពី​២​ម៉ែត្រ​ឡើងទៅ​ផងដែរ​។ ឈើ​ទាំងនោះ​ត្រូវបាន​បក្ខពួក​របស់​ឧកញ៉ា ជ័យ ប្រមូល​ទិញ​ពី​ក្រុម​ជនល្មើស​និង​ប្រជាពលរដ្ឋ​ដែល​ដឹកជញ្ជូន​ពី​តំបន់​ឆ្ងាយៗ​តាម​ទូក តាម​រថយន្ត​បង្កុង និង​តាម​គោយន្ត​ផងដែរ ហើយ​យក​ស្តុក​ទុក​ក្នុង​បរិវេណ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ និង​ប្រើប្រាស់​អាជ្ញាប័ណ្ណ​សំអាត​ផ្ទៃ​អាង​ដើម្បី​ឲ្យ​ឈើ​ទាំងនោះ​ក្លាយជា​ឈើ​ស្របច្បាប់​។ បុគ្គលិក​កម្មករ​ធ្វើ​ការងារ​នៅក្នុង​ទីតាំង​ទំនប់​បាត​អាង​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ បាន​ឲ្យ​ដឹងថា មាន​កម្លាំងប្រដាប់អាវុធ​យាមកាម​ទាំងយប់​ទាំង​ថ្ងៃ​មិន​ឲ្យ​អ្នកសារព័ត៌មាន​ចូល​ទៅដល់​ឃ្លាំង​ស្តុក​ឈើ​បានឡើយ​។

តាម​ការអះអាង​របស់​សមត្ថកិច្ច​ពាក់ព័ន្ធ​នៅក្នុង​ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា កាលពី​ចុងខែ​កុម្ភៈ ឆ្នាំ​២០១៨ ទីស្ដីការគណៈរដ្ឋមន្ត្រី បានសម្រេច​ផ្អាក​ជា​បណ្ដោះអាសន្ន​ការដឹកជញ្ជូន​ឈើ​ក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ និង​ផ្អាក​ការ​ឈូសឆាយ​សំអាត​ទីតាំង​គម្រោង​វិនិយោគ​សម្បទាន​សេដ្ឋកិច្ច​រហូតដល់​បោះឆ្នោត​ជា​សកល​រួច​។ ក៏ប៉ុន្តែ​ជាក់ស្ដែង​មួយរយៈ​កន្លងមកនេះ​ឧកញ៉ា ជ័យ និង​បក្ខពួក​ឈ្មោះ សាន ច​យ នៅតែ​កាប់​ឈើ​និង​ប្រមូល​ទិញ​ឈើ​ពី​តំបន់​ខាងក្រោម​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ ចេញទៅ​ស្រុក​យួន​យ៉ាង​ពេញបន្ទុក​ដដែល​។ ភាគច្រើន​នៃ​ឈើ​ដែល​ឧកញ៉ា ជ័យ ដឹកជញ្ជូន​ចេញទៅ​ស្រុក​យួន គឺ​ប្រើប្រាស់​រថយន្ត​ធុន​ធំៗ​ចំណុះ​ពី​៨០​តោន​ទៅ​១០០​តោន ហើយ​ដឹក​ចេញ​តាម​ច្រក​ត្រពាំង​ស្រែ ស្រុក​ស្នួល ខេត្តក្រចេះ ដោយ​គ្មាន​សមត្ថកិច្ច​ណា​ហ៊ាន​ប៉ះពាល់​ឡើយ​។

ប្រជា​សហគមន៍​ការពារ​ព្រៃឈើ​នៅក្នុង​ស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង ខេត្តស្ទឹងត្រែង បាន​ឲ្យ​ដឹងថា ព្រៃឈើ​ដែល​នៅ​សេសសល់​ខាងក្រៅ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេសា​ន​ក្រោម​២ កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​ដោយសារ​ឧកញ៉ា ជ័យ បាន​ប្រើ​អាជ្ញាប័ណ្ណ​ក្រុមហ៊ុន​សំអាត​ផ្ទៃ​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ដើម្បី​ដឹកជញ្ជូន​ឈើ​ចេញទៅ​ស្រុក​យួន​យ៉ាង​រលូន​។ ជាក់ស្ដែង​ព្រៃឈើ​ក្នុង​តំបន់​បាត​អាង​ទំនប់​វា​រី​អគ្គិសនី​សេ​សាន​ក្រោម​២ ត្រូវ​វិនាស​ហិនហោច​អស់​ទៅហើយ​ក៏ប៉ុន្តែ​ជាក់ស្ដែង​មាន​ឈើ​ស្តុក​ទុក​រាប់ពាន់​ម៉ែត្រគូប​មិនទាន់​ត្រូវបាន​ឧកញ៉ា ជ័យ ដឹក​ចេញ​នៅឡើយ​ទេ​។ ដូច្នេះ​ថ្នាក់ដឹកនាំ​ក្រសួងកសិកម្ម ក៏ដូចជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​ពាក់ព័ន្ធ​គួរ​ពិនិត្យឡើងវិញ​ជាបន្ទាន់ ក្នុងខណៈដែល​ព្រៃ​ការពារ ព្រៃ​សហគមន៍ និង​ព្រៃ​អភិរក្ស​ក្នុងស្រុក​សេ​សាន និង​ស្រុក​សៀម​ប៉ាង កំពុង​ប្រឈម​នឹង​សេចក្ដី​វិនាស​៕

Loading...