ឧកញ៉ា មុន្នី យកក្រុមហ៊ុនទ្រីភាព ធ្វើជាខែលឲ្យមេការឈ្មោះ សាល ប្រមូលទិញឈើប្រណីត ក្នុងដែនជំរកសត្វព្រៃភ្នំព្រេច តាមអំពើចិត្ត

ខេត្តមណ្ឌលគិរី ៖ លោកឧកញ៉ា មុន្នី កំពុងយកក្រុមហ៊ុនទ្រីភាព ធ្វើជាខែល អោយមេការឈ្មោះ សាល ប្រមូលទិញឈើខុសច្បាប់ នៅខាងក្រៅដែន របស់ក្រុមហ៊ុន ដាយណាម មានទីតាំង ក្នុងដែនជំរកសត្វព្រៃភ្នំព្រេច គ្មានការបង្ក្រាបពី មន្ត្រីជំនាញ ដែលគេសង្ស័យថា លោក សំរ៉ង ឌីវិត្រ នាយកដែនជំរក និងលោក ឈិត សុផល ប្រធានមន្ទីរបរិស្ថាន ខេត្តមណ្ឌលគិរី ទទួលបានសំណែន យ៉ាងក្រាស់ក្រែលហើយ ទើបនាំគ្នាសំងំស្ងៀម មិនបង្ក្រាប។
សកម្មជនព្រៃឈើ នៅខេត្តមណ្ឌលគិរី បានរាយការណ៍មកថា ឈ្មួញឈើឈ្មោះ សាល កំពុងកាក់កបជាមួយ បទល្មើសព្រៃឈើ ដោយយកឈ្មោះក្រុមហ៊ុន លោកឧកញ៉ា ទ្រី ភាព ដើរកាប់ឈើ ពាសវាលពាសកាលពេញព្រៃ នៅក្នុងទឹកដី ស្រុកកែវសីមា ស្រុកអូររាំង និងមួយផ្នែកទៀត នៅក្នុងភូមិអន្ទ្រង ឃុំពូជ្រៃ ស្រុកកែវសីមា ខេត្តមណ្ឌលគិរី។ ប្រភពដដែល បានបញ្ជាក់ថាឈ្មួញឈ្មោះ សាល ដែលគេស្គាល់ថា ជាមេការបស់ក្រុមហ៊ុន ដាយណាម បានយកឈ្មោះក្រុមហ៊ុនទ្រីភាព ទៅធ្វើជាខែល ដើម្បីកាប់ឈើប្រណីត ខណៈដែលក្រុមហ៊ុន ទ្រីភាព ធ្លាប់បានប្រកាស ច្រើនដងហើយថា ក្រុមហ៊ុនខ្លួនមិនជាប់ពាក់ព័ន្ធ នឹងជំនួញឈើទៀតទេ។
ប្រភពព័ត៌មាន ពីខេត្តមណ្ឌលគិរី បានបញ្ជាក់ថា សកម្មភាពកាប់ឈើ បានប្រព្រឹត្តរាល់ថ្ងៃ ពីសំណាក់ឈ្មួញច្រើននាក់ តែអ្នកដែលមាន ឥទ្ធិពលជាងគេ គឺឈ្មួញឈ្មោះ សាល ។ ប្រភពដដែលបានបញ្ជាក់ថា បទល្មើសព្រៃឈើ បានកើតឡើង នៅចំណុចភូមិសាស្ត្រ ក្បាលអូរម៉ែធុ ក្រង់គុយ ក្រង់ត្រាច ពាមក្រាយ ពាមអូរតូ ភ្នំង៉ត ក្បាលអូរខ្ញែង អូរម៉ាញ និងតាប៉ោក ជាដើម។ សកម្មជនព្រៃឈើ នៅខេត្តមណ្ឌលគិរី បានបញ្ជាក់ថា សព្វថ្ងៃនេះ មានរណារយន្ត កំពុងកាត់ឈើប្រមាណជាង ៤០០គ្រឿង ត្រូវឈ្មួញនាំចូលក្នុងព្រៃ អារច្រៀក យ៉ាងអនាធិបតេយ្យ ហើយឈើភាគច្រើន ជាប្រភេទសុក្រំ ផ្ចឹក ធ្នង់ បេង នាងនួនជាដើម៕

W@t-26121

Loading...

Leave a Reply

Your email address will not be published. Required fields are marked *