ឧកញ៉ា ឬទ្ធី សី រងការចោទថាបង្កើតក្រុមហ៊ុនទិញឈើខុសច្បាប់ចរាចរាទៅវៀតណាម

រតនគិរី ៖ឈើប្រណិតជាច្រើនសន្ធឹកសន្ធាប់ត្រូវគេឃើញកំពុងដឹកទៅប្រទេសវៀតណាមតាមច្រកទ្វារអន្តរជាតិអូរយ៉ាដាវ ខេត្តរតនគិរី។

ឈើប្រណិតទាំងនេះគឺត្រូវគេដឹកតាមរថយន្តកូរ៉េទម្ងន់៣តោន និងទម្ងន់៥តោន ហើយឈើទាំងនោះត្រូវគេប្រមូលពីតាមបណ្តាស្រុកមួយចំនួនក្នុងខេត្តរតនគិរី។

តាមសេចក្តីរាយការណ៍មកថា ឈើប្រណិតប្រភេទធ្នង់ដែលមានតម្លៃរាប់សែនដុល្លា នៅក្នុងទីផ្សារក្រៅប្រទេសទាំងអស់នេះ គឺមានមេឈ្មួញដ៏ធំម្នាក់ឈ្មោះ ឧកញ៉ា ឬទ្ធី សី ហើយថែមទាំងមានក្រុមហ៊ុនឈ្មោះ ពេជ្រឫទិ្ធសី ប្រចាំនៅខេត្តរតនគិរីនេះទៀតផង ។

ប្រជាពលរដ្ឋនិយាយថា ឈើប្រណិតរបស់លោកឧញ៉ាសី ដឹកចេញពីក្នុងខេត្តរតនគិរីទៅប្រទេសវៀតណាមគឺមានមេការម្នាក់ជាអ្នករត់ការឈ្មោះណូ។

សមត្ថកិច្ចជាច្រើនស្ថាប័នបានដាក់ពង្រាយនៅតាមដងផ្លូវពីក្រុងបានលុងរហូតដល់ច្រកទ្វារអន្តរជាតិអូរយ៉ាដាវ គឺមានរាប់កន្លែង ប៉ុន្តែសមត្ថកិច្ចទាំងនោះមិនបង្ក្រាបឈើខុសច្បាប់របស់ឧកញ៉ាសីនេះទេ។

សមត្ថកិច្ចទាំងនេះត្រូវគេសង្ស័យថាបានទទួលលាភសក្ការៈយ៉ាងពេញចិត្តពេញថ្លើមពីមេឈ្មួញដ៏ធំ ឈ្មោះឧកញ៉ាសី នេះ?។ មិនតែប៉ុណ្ណោះស្ថាប័នជំនាញដូចជាមេព្រៃ ប៉ូលិសេដ្ឋកិច្ចជាដើម។ល។ និងថ្នាក់ដឹកនាំខេត្ត ក៏ត្រូវគេកំពុងតែគិតថាទំនងជាបានទទួលសំណូកដ៏សន្ធឹកសន្ធាប់ពីផលព្រៃឈើនេះផងដែរ។

ពាក់ព័ន្ធការចោទប្រកាន់ទាំងនេះ ឧកញ៉ា ឬទ្ធី សី មិនអាចទំនាក់ទំនងសំការពន្យល់បានទេនៅរសៀលថ្ងៃទី២៥ សីហា ២០១៥ ដោយសារទូរស័ព្ទមិនចូល ។ ប៉ុន្តែកន្លងមកលោកធ្លាប់បញ្ជាក់ថា មិនមានការពាក់ព័ន្ធរេឿងនេះទេ ។

នាយខណ្ឌរដ្ឋបាលព្រៃឈើខេត្តរតនគីរីលោកវង្សសុខសេរីបានប្រាប់ថា ” បើដឹងថា ឧកញា៉សី ចរាចរឈើ ចំណុចណាប្រាប់ខ្ញុំ ខ្ញុំទៅត្រួតពិនិត្យ ” ។ ប៉ុន្តែលោក អះអាថា ការចរាចរឈើសុទ្ធតែមានច្បាប់ ។

អភិបាលខេត្តរតនគីរីលោក ថង សាវុន ក៍មិនអាចសំការពន្យល់បានដែររេឿងនេះ ប៉ុន្តែលោកធ្លាប់ប្រាប់ថាបញ្ហាបទល្មើសព្រៃឈើត្រូវបានរឹតបន្តឹងពោលគឺមានការបង្រ្កាបជាបន្តរបន្ទាប់ ។

រដ្ឋមន្រ្តីក្រសួងបរិស្ថាន លោក សាយ សំអាល់ ធ្លាប់ដាក់វិធានការដ៍តឹងរឹងអំពីបញ្ហានេះ ក្រោមកំណែទម្រង់របស់រដ្ឋាភិបាលអាណត្តិថ្មី ។

ប្រជាពលរដ្ឋបានរិៈគន់ទៅកាន់ថ្នាក់ដឹកនាំខេត្ត និងសមត្ថកិច្ចគ្រប់ស្ថាប័នថាកំពុងតែលក់ក្នុងសុបិន្តក្នុងការទទួលមានបាន ពីផលព្រៃឈើដែលនិងកំពុងរងនូវវិនាសហិនហោចបន្តិចម្តងៗនេះ៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *