ឧត្តមសេនីយឯក ស ថេត ៖ មន្ត្រីនគរបាលមានរថយន្តពាក់ស្លាក ន-ប មិនត្រឹមត្រូវ ប្រញ៉ាបដោះចេញបន្ទាន់

(ភ្នំពេញ)៖ ស្នងការដ្ឋាននគរបាលរាជធានីបានបិទស្លាកសញ្ញារាជសីហ៍លើករថយន្តដែលជាឡូហ្គោនិមិត្តរូប តំណាងនគរបាលជាតិដែលប្រើប្រាស់ស្លាក.ន.ប។ ការបិទស្លាកឡូហ្គោរាជសីហ៍ខាងលើនេះ សម្រាប់បញ្ជាក់នូវទ្រព្យសម្បត្តិរបស់នគរបាលជាតិ ។ ចៀសវាងមានការក្លែងបន្លំនាំឲ្យមានការរិះគន់ពីប្រជាពលរដ្ឋ ខណៈការចុះបញ្ជីផ្លូវការមានចំនួន១១៨គ្រឿងប៉ុណ្ណោះ ដូច្នេះមន្ត្រីនគរបាលមានរថយន្តពាក់ស្លាក ន-ប មិនត្រឹមត្រូវ ប្រញ៉ាបដោះចេញបន្ទាន់ ជៀសវាង ប្រឈមនឹងផ្លូវច្បាប់ ។

ពាក់ព័ន្ធនិងការប្រើប្រាស់រថយន្តពាក់ស្លាកលេខ ន-ប ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលប្រតិបត្តិការការងារ សន្តិសុខសណ្តាប់ធ្នាប់សង្គមប្រចាំខែមិថុនា និងលើកទិសដៅការងារប្រចាំខែកក្កដា។ កាលពី ថ្ងៃទី២៣ខែមិថុនាឆ្នាំ២០២០កន្លងទៅ បានណែនាំមន្ត្រីនគរបាលចំណុះអង្គភាពទាំងអស់ដែលមានរថយន្តប្រើប្រាស់ពាក់ស្លាក ន-ប មិនត្រឹមត្រូវតាមច្បាប់ត្រូវដោះចេញជាបន្ទាន់។ បើក្នុងករណីត្រូវបានសមត្ថកិច្ចចាប់ឃាត់អាចប្រឈមរងការចោទប្រកាន់ពីបទល្មើសក្លែងឯកសារសាធារណៈខុសច្បាប់ ។

លោកឧត្តមសេនីយ៍ឯក ស ថេត ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានណែនាំឱ្យមន្ត្រីនគរបាលចំណុះស្នងការដ្ឋានទាំងអស់ ត្រូវប្រើប្រាស់មធ្យោបាយរបស់រដ្ឋឱ្យចំទិសដៅការងារនិងហាមមិនឱ្យយកមធ្យោបាយទាំងនោះប្រើប្រាស់ធ្វើជាកម្មសិទ្ធជាបុគ្គលរឺជាលក្ខណៈគ្រួសារប្រើខុសទិសដៅការងាររបស់រដ្ឋ អាចបង្កជាការរិះគន់ពីមជ្ឈដ្ឋានប្រជាពលរដ្ឋ ។

លោក ស ថេត បានណែនាំឱ្យផែនការងារព្រហ្មទណ្ឌនិងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤បន្តអនុវត្តវិធានការណ៍បង្ការទប់ស្កាត់និងបង្ក្រាបបទល្មើសអំពើលួចឆក់ប្លន់ធានាបានសុខសុវត្ថិភាពជូនប្រជាបលរដ្ឋបញ្ហានេះត្រូវរួមគ្នាដោះស្រាយដោយប្រើប្រាស់វិធានការសរុបកម្លាំងសរុប។ណែនាំផែនការងារចរាចរណ៍ឱ្យបន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់។ មន្ត្រីអនុវត្តច្បាប់ត្រូវអនុវត្តឱ្យបានត្រឹមត្រូវចៀសវាងអនុវត្តលើសគោលការណ៍និងបទបញ្ជាថ្នាក់លើ។

លោកឧត្តមសេនីយឯក ស ថេត ក៏បានជំរុញបន្ថែមដល់ផែនការការងារប្រឆាំងគ្រឿងញៀនបន្តចាត់វិធានការប្រយុទ្ធប្រឆាំងគ្រឿងញៀនឱ្យមានប្រសិទ្ធភាពបំផុតនិងស្រាវជ្រាវស្វែងរកបង្ក្រាបមុខសញ្ញាលក់ចែកចាយជួញដូរគ្រឿងញៀនដើម្បីដោះស្រាយបញ្ហាគ្រឿងញៀន។ ណែនាំឱ្យមន្ត្រីនគរបាលក្រោមឱវាទបន្តយកចិត្តទុកដាក់ខ្ពស់បំផុតពីសុវត្ថិភាពថ្នាក់ដឹកនាំកំពូលនៃព្រះរាជណាចក្រកម្ពុជា ក៏ដូចជាប្រតិភូជាតិនិងអន្តរជាតិ ។ ត្រូវសហការនិងអង្គភាពដទៃការពារថែរក្សាសន្តិសុខសណ្តាប់ធ្នាប់ឱ្យបានល្អដោយធ្វើយ៉ាងណាធានាឱ្យបានសុវត្ថិភាពគ្រប់គ្រាន់ជូនដល់ថ្នាក់ដឹកនាំនិងប្រតិភូជាតិ-អន្តរជាតិ។ការងារនេះត្រូវអនុវត្តមានការទទួលខុសត្រូវខ្ពស់ ៕

Loading...