ឧត្តមសេនីយ៍ឯក ស ថេត៖ មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជាមួយប្រជាពលរដ្ឋ

ភ្នំពេញ៖  ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ អញ្ជើញជួបជាមួយមន្ត្រីនៃការិយាល័យចរាចរណ៍ និងមន្ត្រីចរាចរណ៍តាមបណ្តាអធិការខណ្ឌទាំង១៤ ដែលមានមន្ត្រីចូលរួមសរុបចំនួន ៧២៨ នាក់ ( បែកចែកជា៤វេន ផ្សេងគ្នា ) ដើម្បីផ្សព្វផ្សាយការប្រជុំដកពិសោធន៍នៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ របស់ឯកឧត្តម នាយឧត្តមសេនីយ៍ សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាត កាលពីថ្ងៃទី១៤ខែឧសភាឆ្នាំ២០២០ ម្សិលមិញ ។

ឯកឧត្តមស្នងការ បានកោតសរសើរដល់កម្លាំងទាំងអស់ដែលបានខិតខំទាំងយប់ថ្ងៃក្នុងគោលបំណងការពារអាយុជីវិត ទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋ ជាលទ្ធផលនៃការអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍រយៈពេល១៣ថ្ងៃកន្លងមកនេះ បានបង្ហាញជាលទ្ធផលវិជ្ជមាន ដោយកាត់បន្ថយគ្រោះចរាចរណ៍បានរហូតដល់ ៤០% ជាពិសេសធ្វើឲ្យអ្នកបើកបរភាគច្រើនបានចូលរួមគោរពច្បាប់ ដោយពាក់មួកសុវត្ថិភាព ពាក់ខ្សែក្រវ៉ាត់ គោរពភ្លើង និងស្លាកសញ្ញាចរាចរណ៍។ ឯកឧត្តមក៏បានណែនាំដល់មន្ត្រីអនុវត្តច្បាប់ទាំងអស់ ត្រូវតែមានការអត់ធ្មត់ខ្ពស់ មានអាកប្បកិរិយា និងសំដីសមរម្យជាមួយប្រជាពលរដ្ឋ។

ឯកឧត្តមស្នងការបានសង្កត់ធ្ងន់ថា ក្នុងពេលអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍នេះ បើមន្ត្រីណាប្រព្រឹត្តិខុសពីការណែនាំរបស់ថ្នាក់ដឹកនាំ មន្ត្រីនោះនឹងត្រូវដាក់ពិន័យ ក៏ដូចជាការអនុវត្តតាមវិន័យកងកម្លាំង។

ឯកឧត្តមស្នងការ បានបញ្ជាក់ថា មន្ត្រីទាំងអស់ត្រូវតែធ្វើជាគំរូល្អដល់ប្រជាពលរដ្ឋក្នុងការគោរពច្បាប់ចរាចរណ៍ ត្រូវតែពាក់មួកសុវត្ថិភាព មានស្លាកលេខ ពាក់ខ្សែក្រវ៉ាត់ និងកុំនិយាយទូរស័ព្ទពេលបើកបរ ( អាចនិយាយបានដោយប្រើកាស )។ ដូច្នេះមន្ត្រីទាំងអស់ត្រូវតែប្រុងប្រយ័ត្នក្នុងការថែទាំសុខភាព ដោយពាក់ម៉ាស់ជាប្រចាំ លាងដៃជាមួយសាប៊ូ ឬទឹកអាល់កុលឲ្យបានញឹកញាប់ ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរាលវីរុសកូវីដ១៩ ដោយអនុវត្តតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ៕

Loading...