ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អញ្ជើញចុះពិនិត្យទីតាំងធ្វើចត្តាឡីស័ក នៅស្រុកកោះធំ

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃ៤កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃពុធ ទី១៧ ខែមីនា ឆ្នាំ២០២១នេះ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោក បានអញ្ជើញចុះទៅពិនិត្យទីតាំងសម្រាប់ធ្វើចត្តាឡីស័ក នៅស្រុកកោះធំ ខេត្តកណ្ដាល បន្ទាប់ពីមួយរយៈនេះនៅក្នុងភូមិសាស្ត្រខេត្តកណ្ដាល មានករណីឆ្លងជំងឺកូវីដ-១៩ មានចំនួនច្រើន។

ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានធ្វើការណែនាំដល់សមត្ថកិច្ច និងអាជ្ញាធរដែលប្រចាំការនៅទីនោះ ត្រូវរៀបចំឱ្យមានការគម្លាតសង្គម ការរក្សាអនាម័យ អនុវត្តន៍តាមវិធានសុខាភិបាល ដើម្បីបញ្ចៀសការឆ្លងរាលដាលជំងឺកូវីដ-១៩ នឹងធ្វើការរៀបចំបំពាក់នូវគ្រឿងបរិក្ខារពេទ្យបន្ថែមទៀត។ ជាមួយនឹងការគិតគូរផ្គត់ផ្គង់ទៅលើចំណីអាហារសម្រាប់អ្នកកំពុងធ្វើចត្តាឡីស័ក ក៏ដូចជាអ្នកកំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩។

សូមជម្រាបថា ព្រឹកនេះ ក្រសួងសុខាភិបាលបន្តរកឃើញអ្នកឆ្លងកូវីដ១៩ថ្មី ៧៥នាក់ថយចុះច្រើនបើធៀបនឹងម្សិលមិញ។ ក្នុងនោះ ភ្នំពេញ៥០នាក់ , កណ្តាល២២នាក់, ព្រៃវែង២នាក់ និង​តាកែវ១នាក់។ ដូច្នេះអ្នកឆ្លងក្នុងសហគមន៍២០កុម្ភៈ ឡើង​ដល់៩៩០នាក់ហើយ។

គិតត្រឹមព្រឹកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជារកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន១៥០៥នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន៨៤០នាក់ ស្លាប់១នាក់ និងអ្នកជំងឺចំនួន៦៦២នាក់កំពុងសម្រាកនៅមន្ទីរពេទ្យ៕

Loading...