ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ កងទ័ពជើងគោកខ្លាំង ទាល់តែអង្គភាពចំណុះ និងសាលាហ្វឹកហ្វឺនទាំងអស់ខ្លាំង

(ខេត្តប៉ៃលិន)៖ ថ្លែងក្នុងពិធីប្រកាសតែងតាំងមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងប៉ៃលិន កាលពីថ្ងៃទី២១ខែកក្កដាឆ្នាំ២០២០ លោក ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានលើកឡើងថា កងទ័ពជើងគោកខ្លាំង ទាល់តែអង្គភាពចំណុះ និងសាលាហ្វឹកហ្វឺនទាំងអស់ខ្លាំង ដូច្នេះតួនាទីមេបញ្ជាការ និងនាយសេនាធិការ គឺជាតួនាទីសំខាន់ព្រោះជាក្បាលម៉ាស៊ីនដឹកនាំអង្គភាព ដែលទាមទារឱ្យមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ទាំងលក្ខណៈសម្បត្តិបុគ្គល និងលក្ខណៈសម្បត្តិជាក្រុម ទើបអាចដឹកនាំអង្គភាពបានរីកចម្រើន។ ឈរលើគោលការណ៍នេះ ការពិនិត្យការវាយតម្លៃចំពោះការសម្រេចតែងតាំង ត្រូវធ្វើឡើងតាមឋានានុក្រម និងពិគ្រោះយោបល់ល្អិតល្អន់ ដោយផ្អែកលើលក្ខណៈសម្បត្តិជាច្រើន ដូចជា អតីតភាព, បទពិសោធន៍ការងារ, ឆន្ទៈ, ស្មារតី និងការខិតខំប្រឹងប្រែង ក៏ដូចជាសុខភាព និងលទ្ធភាពនៃការរុញនិរន្តភាពការងារ ដែលសំដៅដល់ឆន្ទៈ ពេលវេលា និងសកម្មភាពបន្តជំរុញកិច្ចការផ្សេងៗក្នុងធ្លុងសាមគ្គីឯកភាពផ្ទៃក្នុងល្អ។

លោក ឧត្តមសេនីយ៍ឯក អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទបានថ្លែងថា សាមគ្គីឯកភាពផ្ទៃក្នុងសំខាន់ ព្រោះជាការធានានូវនិរន្តរភាពនៃការដឹកនាំបញ្ជា តាមរយៈការសហការគ្នា ទុកចិត្តគ្នា យោគយល់គ្នា រួមគ្នាបំពេញភារកិច្ច និងចេះដោះស្រាយបញ្ហាដោយផ្អែកលើឋានានុក្រម។ ទោះបីជាការដឹកនាំអង្គភាពមិនអាចល្អឥតខ្ចោះ ប៉ុន្តែត្រូវដឹកនាំដោយយកគោលការណ៍ច្បាប់ជាគោល និងគោលការណ៍តំកល់ផលប្រយោជន៍អង្គភាពជាគោល។ ជាសមូហភាពខ្លាំង សាមគ្គីជាកម្លាំងរឹងមាំ ចង្កឹះមួយបាច់កាច់មិនបាក់ឡើយ។

លោក ឧត្តមសេនីយ៍ឯក មេបញ្ជាការកងទ័ពជើងគោក បញ្ជាក់បន្ថែមថា អាទិភាពត្រូវផ្តោតលើការរៀបចំនិរន្តភាពនៃការវិវឌ្ឍរបស់អង្គភាព ទោះបីពេលខ្លះ មានការយឺតយ៉ាវបន្តិចក៏ដោយ។ សំខាន់ គឺការបន្តរីកចម្រើនទៅមុខ ថែរក្សាកុំឱ្យថយក្រោយ ដោយរួមគ្នាថែរក្សាសមិទ្ធិផលដែលមាន និងពង្រឹងការកសាងបន្ថែមទៀតទាំងផ្នែករឹង និងផ្នែកទន់។ ផ្នែករឹង គឺការកសាងហេដ្ឋារចនាសម្ព័ន្ធនានាដែលចាំបាច់ ហើយផ្នែកទន់សំដៅដល់ការរៀបចំពង្រឹងធនធានមនុស្ស, ការហ្វឹកហ្វឺន, ការយកចិត្តទុកដាក់លើជីវភាពរស់នៅរបស់យោធិន និងការងារអប់រំចិត្តសាស្ត្រ ក្តាប់ឱ្យជាប់នូវការវិវត្តនៃសភាពការណ៍ ការឃោសនាផ្សេងៗ ដើម្បីណែនាំអប់រំឱ្យបានជាប់ជាប្រចាំ ពិសេសការពង្រឹងស្មារតីស្មោះត្រង់ដាច់ខាតចំពោះជាតិ សាសនា ព្រះមហាក្សត្រ និងការការពារដាច់ខាតនូវបូរណភាពទឹកដី និងសុខសន្តិភាពជាតិ ។
ក្នុងឱកាសនោះដែរ លោកឧត្តមសេនីយ៍ឯក បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃដ៏ធំធេងជាច្រើន និងការរីកចម្រើនជាលំដាប់របស់តំបន់ប្រតិបត្តិការសឹករងប៉ៃលិន ក្នុងរយៈកាលចាប់តាំងពីកកើតដំបូងរហូតមកដល់បច្ចុប្បន្ន។ ការដឹកនាំអង្គភាព ក៏ដូចជាការដឹកនាំប្រទេសផងដែរ គឺយើងមិនអាចកសាងអង្គភាពទៅមុខ ដោយមិនរំលឹកអំពីស្នាដៃរបស់អ្នកកសាងពីជំនាន់មុនបានទេ។ វឌ្ឍនភាពដូចសព្វថ្ងៃនេះ ក៏ដោយសារមានមេបញ្ជាការ នាយសេនាធិការ ថ្នាក់ដឹកនាំ នាយទាហាន នាយទាហានរង និងពលទាហានគ្រប់ជំនាន់ បានដឹកនាំ និងចូលរួមកសាងជាបណ្តើរៗ ដោយពេលខ្លះកសាងផង ប្រយុទ្ធផង ហើយពេលខ្លះក៏ត្រូវកសាងក្នុងពេលលំបាកខ្វះខាតធនធានថែមទៀត។ ដូច្នេះ ការផ្ទេរមុខតំណែងនាឱកាសនេះ មិនគ្រាន់តែជាការផ្ទេរមេបញ្ជាការ និងនាយសេនាធិការអង្គភាពប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការផ្ទេរការទទួលខុសត្រូវក្នុងការដឹកនាំពង្រឹងកម្លាំង និងការកសាងអង្គភាពបន្តទៅមុខទៀតផងដែរ។

លោកក៏ថ្លែងអំណរគុណចំពោះស្ថាបនិក និងប្រតិបត្តិករនៃនយោបាយឈ្នះ-ឈ្នះ ដែលក្នុងនោះមានថ្នាក់ដឹកនាំសំខាន់ៗ ក៏ដូចជាកងកម្លាំងប្រដាប់អាវុធពីគ្រប់ភាគីទាំងអស់ ដោយរួមទាំងនាយទាហានជាច្រើននៃតំបន់ប្រតិបត្តិការសឹករងប៉ៃលិនផងដែរ។ សម្តេចតេជោនាយករដ្ឋមន្ត្រី ធ្លាប់មានប្រសាសន៍ហើយថា លោកជាស្ថាបនិកអ្នកផ្តួចផ្តើមគំនិតក្នុងការគិត ប៉ុន្តែនយោបាយនេះ មិនអាចទទួលបានជោគជ័យឡើយ បើគ្មានការចូលរួមអនុវត្តប្រកបដោយភាពស្មោះត្រង់ និងការទុកចិត្តគ្នាពីគ្រប់ភាគីជាប្រតិបត្តិករទាំងអស់។ ដោយសារនយោបាយនេះ ខេត្តប៉ៃលិនបានប្រែក្លាយពីតំបន់ដែលប្រទាញប្រទង់គ្នា ប្រយុទ្ធគ្នា មកជាតំបន់ពោរពេញដោយភាពសុខសាន្តដូចសព្វថ្ងៃ។ ទាំងនេះ គឺជាគុណូបការៈមិនអាចបំភ្លេចបានរបស់នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់របស់គ្រប់ភាគី ដែលបានចូលរួមលះបង់នៅក្នុងដំណាក់កាលតាំងពីមានសង្គ្រាមស៊ីវិល រហូតមកដល់ការបញ្ចប់សង្គ្រាមទទួលបានសន្តិភាពពេញលេញ ដូចសព្វថ្ងៃនេះ។ នៅចំពោះមុខបញ្ហាកូវីដ-១៩ មកទល់ពេលនេះ សូមអរគុណ និងកោតសរសើរដល់គ្រប់បណ្តាស្ថាប័ន-កងឯកភាពទាំងអស់ ដែលបានចាត់វិធានការរឹងមាំ និងប្រុងប្រយ័ត្ន ប៉ុន្តែជាមួយនឹងហានិភ័យដែលនៅមាន សូមបន្តយកចិត្តទុកដាក់លើបញ្ហានេះ ដោយបន្តអនុវត្តនូវរាល់វិធានការសុខាភិបាល ក៏ដូចជាបំផុសឱ្យយោធិនទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ក្នុងការថែរក្សាសុខភាពអនាម័យផ្ទាល់ខ្លួន ហើយត្រៀមលក្ខណៈចូលរួមអនុវត្តផែនការដែលរាជរដ្ឋាភិបាលអាចដាក់ចេញក្នុងករណីចាំបាច់ ៕

 

Loading...