ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត៖ មេដឹកនាំអង្គភាពជាអ្នកកាន់ចង្កូតដ៏សំខាន់ ហើយទាមទារជាចាំបាច់នូវការចូលរួមសហការអំពីយោធិនទាំងអស់ ដើម្បីបន្តនិរន្តរភាព និងការអភិវឌ្ឍអង្គភាពទៅទៀត

(ខេត្តបាត់ដំបង)៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងថា មេដឹកនាំអង្គភាពជាអ្នកកាន់ចង្កូតដ៏សំខាន់ ហើយទាមទារជាចាំបាច់នូវការចូលរួមសហការអំពីយោធិនទាំងអស់ ដើម្បីបន្តនិរន្តរភាព និងការអភិវឌ្ឍអង្គភាពទៅទៀត។ ការថ្លែងបែបនេះ របស់មេបញ្ជាការកងទ័ពជើងគោក បានធ្វើឡើង ក្នុងពិធីប្រកាសតែងតាំងផ្លាស់ប្តូរមុខតំណែងជូននាយទាហានកងការពារព្រំដែនលេខ៥០២ យោធភូមិភាគទី៥ ខេត្តបាត់ដំបង កាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២០ កន្លងទៅ ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក មានប្រសាសន៍ថា “មេដឹកនាំអង្គភាពជាអ្នកកាន់ចង្កូតដ៏សំខាន់ ហើយទាមទារជាចាំបាច់នូវការចូលរួមសហការអំពីយោធិនទាំងអស់ ដើម្បីបន្តនិរន្តរភាព និងការអភិវឌ្ឍអង្គភាពទៅទៀត ។ មេដឹកនាំអង្គភាពត្រូវយល់ដឹងឱ្យបានច្បាស់អំពីអត្ថន័យនៃពាក្យ អំណាច និងឥទ្ធិពល។ មានអំណាចមិនប្រាកដថាមានឥទ្ធិពល ហើយអត់អំណាចក៏មិនមែនមានន័យថាមិនមានឥទ្ធិពលដែរ។ អំណាចគឺផ្អែកទៅលើតួនាទី ឋានន្តរសក្តិ សិទ្ធិក្នុងការចុះហត្ថលេខា និងអាចបង្ខំជំរុញក្នុងកាលៈទេសៈមួយចំនួន ប៉ុន្តែឥទ្ធិពលធ្វើឱ្យមនុស្សមានការគោរពស្រលាញ់ មានបេះដូងកក់ក្តៅ មានការតស៊ូជាមួយគ្នាក្នុងគ្រាលំបាក ។ ជាមេដឹកនាំអង្គភាពត្រូវកសាងឥទ្ធិពលឱ្យបានរឹងមាំ។ ជាមេដឹកនាំអង្គភាពគឺមានន័យថាបានទទួលនូវអំណាចដែលមកជាមួយការទទួលខុសត្រូវ ដើម្បីឈានទៅទទួលបាននូវឥទ្ធិពលដែលកើតចេញពីការស្រលាញ់ដក់ជាប់ក្នុងក្រអៅបេះដូងរបស់យោធិនគ្រប់ៗរូប។ ជាមេដឹកនាំអង្គភាពត្រូវមានចិត្តធ្ងន់ ត្រូវពិនិត្យពិចារណាឱ្យបានដិតដល់ និងត្រូវផ្តល់ឱកាសផ្តល់យុត្តិធម៌ដល់គ្រប់ភាគី។ មេដឹកនាំអង្គភាពត្រូវចាំថាកត្តាសំខាន់ក្នុងការសម្រេចភារកិច្ចគឺទាមទារអោយមានការដើរទន្ទឹមគ្នារវាង បច្ចេកទេស និងនយោបាយ។ ដើម្បីបាននូវលទ្ធផលយើងត្រូវពឹងលើបច្ចេកទេស តែដើម្បីលើកទឹកចិត្តមនុស្សឱ្យចូលរួមអនុវត្ត យើងទាមទារនូវសិល្បៈនៃការបត់បែន។ ភារកិច្ចក្នុងការដឹកនាំបន្តរជាកិច្ចការសំខាន់។ សូមបន្តយកចិត្តទុកដាក់ក្នុងការរៀនសូត្រ និងស្រូបយកបទពិសោធន៍ពីនាយទាហានជំនាន់មុន ដោយផ្តល់នូវការគោរពរាល់តួនាទី និងភារកិច្ច ។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ បានគូសបញ្ជាក់ថា ចូរថែរក្សាពង្រឹងស្មារតីស្នេហាជាតិ មាតុភូមិឱ្យបាន។ កងកម្លាំងប្រដាប់អាវុធគឺជាខែលសម្រាប់ការពារសន្តិភាព យោធិនគ្រប់រូបត្រូវមានភាពរឹងមាំហើយច្បាស់លាស់ ជាមួយគោលការណ៍ថែរក្សាសុខសន្តិភាពដែលបានមកដោយការលំបាក និងមិនចាញ់ការញុះញង់ណាមួយក្នុងន័យបំបែកបំបាក់សន្តិភាព។ ទាំងនេះហើយជាខែលការពារជាតិដ៏រឹងមាំដែលយើងបានថែរក្សាជាច្រើនឆ្នាំមកហើយ។ តែកងកម្លាំងប្រដាប់អាវុធក៏អាចជាដាវកាត់ផ្តាច់សន្តិភាពផងដែរ បើមានការធ្វេសប្រហែស បាត់ម្ចាស់ការ បាត់ការស្មោះត្រង់ បាត់ការជឿជាក់លើរាជរដ្ឋាភិបាល។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានលើកឡើងថា ពួកអគតិនៅតែចិញ្ចឹមចិត្តបន្តញុះញង់ បំបែកបំបាក់ ហើយរង់ចាំគ្រប់ពេលវេលា ដូចេ្នះយើងត្រូវតែរក្សាអោយមានភាពម្ចាស់ជាចាំបាច់។ គោលដៅអាទិភាពរបស់យើងគឺជាការថែរក្សាសុខសន្តិភាព ស្ថិរភាព ឱ្យបានដាច់ខាត មិនឱ្យអ្នកណាបំផ្លាញបាន។ គោលដៅបន្ទាប់របស់យើងគឺ ការការពារ ជាតិ សាសនា ព្រះមហាក្សត្រ រដ្ឋាភិបាលស្របច្បាប់។ ទាំងនេះហើយជាភារកិច្ចរបស់យោធិនគ្រប់រូប ក្រោមការដឹកនាំរបស់មេបញ្ជាការអង្គភាព និងថ្នាក់ដឹកនាំអង្គភាព។

ដូច្នេះសូមរក្សានូវសាមគ្គីភាព និងសតិអារម្មណ៍ផ្ទៃក្នុងអង្គភាពអោយបានល្អ ហើយចងចាំថា សន្តិភាពផ្ទៃក្នុងជាកត្តាចំាបាច់ណាស់ក្នុងការគ្រប់គ្រងសភាពការណ៍យថាហេតុណាមួយដែលអាចកើតទ្បើង។ សូមមេដឹកនាំអង្គភាពគ្រប់ជាន់ថ្នាក់បន្តការប្រុងប្រយ័ត្នក្នុងការប្រយុទ្ធប្រឆាំងជាមួយជម្ងឺកូវីដ-១៩ ដើម្បីរក្សានូវសុខភាពល្អរបស់យោធិនគ្រប់រូប៕

Loading...