ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ៖ ថ្នាក់ដឹកនាំ គឺជាមជ្ឈមណ្ឌលនៃការសាមគ្គីឯកភាពផ្ទៃក្នុង និងបំផុសចលនារួមគ្នា

(ពោធិ៍សាត់)៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ថ្លែងថា ថ្នាក់ដឹកនាំ គឺជាមជ្ឈមណ្ឌលនៃការសាមគ្គីឯកភាពផ្ទៃក្នុង និងបំផុសចលនារួមគ្នា។ ការកសាងអង្គភាព ការងារសង្គម នឹងមិនអាចសម្រេចបានទេ បើគ្មានសាមគ្គីឯកភាពផ្ទៃក្នុងល្អ សំខាន់គឺជួរថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់របស់អង្គភាព រួមជាមួយនឹងយោធិនទាំងអស់ ចាំបាច់រួមគ្នាដើម្បីសម្រេចភារកិច្ច និងពង្រឹងអង្គភាព។ ថ្នាក់ដឹកនាំដែលទទួលបានភារកិច្ចថ្មីភ្ជាប់ជាមួយនឹងសិទ្ធិអំណាចធំជាងមុន ត្រូវខិតខំឱ្យបានទ្វេរឡើង ក្នុងនេះក្រៅពីភារកិច្ចក្នុងបទបញ្ជា និងក្នុងផែនការ ត្រូវមានគំនិតផ្តួចផ្តើម និងការច្នៃប្រឌិតថ្មីៗ រួមផ្សំជាមួយនឹងការបើកទូលាយខ្លួនឯងរៀនសូត្រពីរៀមច្បង។ ក្រៅពីនេះ ក៏ត្រូវយល់ឱ្យបានច្បាស់អំពីតួនាទី និងសិទ្ធិរបស់ខ្លួន តាមរយៈការគោរពអនុវត្តតាមការប្រគល់ភារកិច្ច ដើម្បីចៀសវាងប្រភពនៃទំនាស់។ ទាំងនេះនឹងជួយផ្តល់នូវការរីកចម្រើនកាន់តែប្រសើរឡើង និងអាចធ្វើដំណើរបានកាន់តែវែងឆ្ងាយ គឺអាចសម្រេចភារកិច្ចបានដោយរក្សាសាមគ្គីឯកភាពផ្ទៃក្នុងបានល្អ ដែលគឺជាជោគជ័យជាកញ្ចប់។ ឯកឧត្តម អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានថ្លែងបែបនេះ ក្នុងពិធីប្រកាសតែងតាំងមុខតំណែងជូននាយទាហាន តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់, កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២០កន្លងទៅ ។

អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណេត មានប្រសាសន៍ថា ក្រោមការដឹកនាំរបស់មេបញ្ជាការ និងដោយមានការចូលរួមរបស់យោធិនទាំងអស់ តំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ក៏បានចូលរួមសកម្មច្រើនក្នុងការងារសង្គម ជាពិសេសការងារសមាគមអតីតយុទ្ធជនកម្ពុជា (ស.អ.ក) ទាំងថ្នាក់ខេត្ត និងថ្នាក់ស្រុក។ ពិតណាស់ ស.អ.ក ជាការងារក្រៅក្របខ័ណ្ឌរដ្ឋ ប៉ុន្តែកិច្ចការនេះជាការផ្សារភ្ជាប់ផ្ទាល់ជាមួយនឹងការងារកងទ័ព។ ការផ្សារភ្ជាប់នេះ គឺជាគោលនយោបាយមួយដែលរាជរដ្ឋាភិបាលដើម្បីផ្តល់នូវការថែទាំ និងជួយទំនុកបំរុងដល់កងកម្លាំងប្រដាប់អាវុធរបស់យើង។

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណេតលើកឡើងថា ចំពោះកងយោធខេមរភូមិន្ទ រាជរដ្ឋាភិបាលតែងបានយកចិត្តទុកដាក់ការលើកស្ទួយជីវភាព, ការពង្រឹងលទ្ធភាព និងសមត្ថភាពដោយការហ្វឹកហ្វឺន និងការបំពាក់ផ្សេងៗ ព្រមទាំងការតម្លើងបៀវត្សរ៍ជាប្រចាំ ក៏ដូចជាការបន្តជួយដល់យោធិនដែលបានបញ្ចប់ភារកិច្ចផ្ទេរចេញពីជួរទ័ព។ ការខិតខំបន្តជួយនេះ គឺជាការថ្លែងអំណរគុណ និងដឹងគុណចំពោះការលះបង់ពេលវេលា និងកម្លាំងកាយចិត្ត បម្រើជាតិមាតុភូមិរបស់អតីតយុទ្ធជនយើង ហើយក៏ជាការផ្តល់នូវមនោសញ្ចេតនាយកចិត្តទុកដាក់, ការយោគយល់, ការរាប់អាន, ការផ្តល់តម្លៃកិត្តិយស និងភាពកក់ក្តៅ។

ឯកឧត្តមបន្តថា ការវាយតម្លៃនៅក្នុងការសម្រេចតែងតាំង ត្រូវបានធ្វើឡើងដោយហ្មត់ចត់តាមឋានានុក្រុម ហើយអាទិភាពត្រូវផ្តល់ឱ្យនាយទាហានដែលបានបំពេញភារកិច្ចនៅក្នុងអង្គភាពផ្ទាល់ ហើយក៏មានការណែនាំបេក្ខភាព និងការចូលរួមមតិយោបល់របស់ថ្នាក់លើផ្ទាល់ ដើម្បីធានាឱ្យបាននូវការផ្ទេរភារកិច្ចទៅឱ្យនាយទាហានដែលមានលក្ខណៈសម្បត្តិ និងអាចដឹកនាំបាន។

ឯកឧត្តម ហ៊ុន ម៉ែតបានបញ្ជាក់បន្ថែមថា បេក្ខភាពមានច្រើន ដែលសុទ្ធតែមានចំណុចខ្លាំង និងចំណុចខ្សោយរៀងៗខ្លួន គ្មានអ្នកល្អឥតខ្ចោះ ឬអាក្រក់នោះទេ គឺសុទ្ធតែអ្នកមានស្នាដៃ ប៉ុន្តែការវាយតម្លៃគឺត្រូវផ្អែកលើកត្តាសត្យានុម័តច្រើន ដូចជាបទពិសោធន៍ការងារ, សមត្ថភាព, ការឆ្លងកាត់ការហ្វឹកហ្វឺន, សុខភាព និងអាយុ ហើយក៏មានការគិតគូរអំពីកត្តាអង្គភាពផងដែរ។ ការភ្ជាប់រវាងលក្ខណៈសម្បត្តិបុគ្គល, កត្តាអង្គភាព និងកត្តាផ្សំសមាសភាពនាយទាហានជំនាន់១ និងជំនាន់២ គឺដើម្បីធានាបាននូវនិរន្តរភាពនៃអង្គភាព ព្រោះកងទ័ពរបស់យើង មិនចប់ត្រឹមយើងទេ អង្គភាពនីមួយៗនឹងមានអត្ថិភាពនៅបន្តរហូត ដើម្បីបំពេញភារកិច្ចបម្រើជាតិ និងប្រជាជន។ ដូច្នេះ ការគិតគូរអំពីផែនការនៃការបន្តវេន ផែនការរៀបចំពង្រឹងអង្គភាព គឺជាកត្តាដែលត្រូវគិតពិចារណាផងដែរនៅក្នុងការវាយតម្លៃឱ្យបានគ្រប់ជ្រុងជ្រោយ។

សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះស្នាដៃ និងសមិទ្ធិផលជាច្រើន ដែលនាយទាហាន នាយទាហានរង និងពលទាហាននៃតំបន់ប្រតិបត្តិការសឹករងពោធិ៍សាត់ បានខិតខំប្រឹងប្រែងសម្រេចបាននៅក្នុងការបំពេញភារកិច្ចការពារជាតិមាតុភូមិ, ការពារបូរណភាពទឹកដី និងសុខសន្តិភាព និងក៏សូមកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការលះបង់របស់យោធិន ក៏ដូចជាមេបញ្ជាការអង្គភាពគ្រប់ជំនាន់ ដែលបានខិតខំកសាង និងពង្រឹងអង្គភាពមកដល់សព្វថ្ងៃនេះ គឺជាការចូលរួមចំណែកមួយសំខាន់នៅក្នុងការពង្រឹងវិស័យការពារជាតិ៕

Loading...