ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បន្តប្រគល់ផ្ទះជូនសមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ

(បន្ទាយមានជ័យ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា បានចាត់ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់ ដើម្បីប្រគល់ផ្ទះជូនដល់ សមាជិក សមាគមអតីតយុទ្ធជនកម្ពុជា ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី១០ខែកញ្ញាឆ្នាំ២០២០កន្លងទៅ។

ថ្លែងក្នុងពិធីនោះ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បាននាំមកនូវការផ្តាំផ្ញើថ្លែងអំណរគុណ, ការដឹងគុណ និងការសាកសួរសុខទុក្ខរបស់ សម្តេចតេជោនាយករដ្ឋមន្ត្រី ជូនដល់អ៊ំពូមីងអតីតយុទ្ធជន ដែលបានចូលរួមនៅក្នុងការលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិ ជាពិសេសការបង្កលក្ខណៈទុកឱ្យកូនចៅជំនាន់ក្រោយ ទាំងជំនាន់នេះ និងទៅអនាគត បានរស់នៅយ៉ាងមានសេចក្តីសុខនៅក្នុងសុខសន្តិភាព មានឱកាសរៀនសូត្រ មានឱកាសទទួលបានការងារធ្វើ ជួយគ្រួសារ ជួយសង្គមជាតិ ដែលអាចចាត់ទុកបានថា ជោគជ័យរបស់ប្រទេសជាតិ និងប្រជាជនយើងទាំងអស់គ្នា ហើយពិតជាស័ក្តិសមនឹងការលះបង់របស់អ៊ំពូមីងយ៉ាងពិតប្រាកដ។

លោកឧត្តមសេនីយ៍ឯក មានប្រសាសន៍ថា ការប្រគល់ផ្ទះជូនអតីតយុទ្ធជន ដែលបានអនុវត្តកន្លងមកជាច្រើនមកហើយ និងកំពុងបន្តសាងសង់ជាបន្តបន្ទាប់តបទៅនឹងតម្រូវការនៅទូទាំងប្រទេស គឺជាគោលការណ៍របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជា ដែលលោកតែងបានយកចិត្តទុកដាក់ជួយដល់អតីតយុទ្ធជនតាមគ្រប់រូបភាព។ យ៉ាងណាក៏ដោយ ការប្រគល់ផ្ទះគ្រាន់តែជាមធ្យោបាយមួយប៉ុណ្ណោះ លើសពីនេះគឺនៅមានគោលការណ៍ និងយន្តការជាច្រើនផ្សេងៗទៀត ដែលសម្តេចបានខិតខំសម្រេចបានសម្រាប់អតីតយុទ្ធជន ជាអាទិ៍ ការដំឡើងប្រាក់បៀវត្ស ព្រមទាំងការជួយទំនុកបម្រុងគ្រប់បែបយ៉ាង ដែលអាចធ្វើទៅបាន។

លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណ ចំពោះ រដ្ឋបាលខេត្ត, សមាគមអតីតយុទ្ធជនកម្ពុជាថ្នាក់ខេត្ត ថ្នាក់ស្រុក និងថ្នាក់ឃុំ ក៏ដូចជា មន្ទីរសង្គមកិច្ច និងអតីតយុទ្ធជន យោធភូមិភាគទី៥ តំបន់ប្រតិបត្តិការសឹករងខេត្ត ស្នងការនគរបាលខេត្ត ព្រមទាំងសប្បុរសជន ដែលបានយកចិត្តទុកដាក់ និងរួមគ្នាអនុវត្តគោលនយោបាលរបស់រាជរដ្ឋាភិបាល និងរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី ដើម្បីជួយដល់អតីតយុទ្ធជនរបស់យើង ជាបន្តបន្ទាប់ និងជាប់ជាប្រចាំ។ អំពើទាំងនេះ ជាអំពើបុណ្យកុសលចំពោះអ៊ំពូមីងអតីតយុទ្ធជន ដែលមានគុណូបការៈចំពោះជាតិ ហើយដែលកំពុងមានតម្រូវការចាំបាច់៕

Loading...