ឧទ្ទាមតាលីបង់សម្លាប់កងទ័ពអាហ្វនីស្ថាននៅជិត ទីក្រុង Kandahar

ប្រភពពីកងកម្លាំងយោធាអាហ្វហ្គានីស្ថានបានថ្លែងថា ក្រុមសកម្មយុទ្ធតាលីបង់បានសម្លាប់ទាហានអាហ្វហ្គានីស្ថានយ៉ាងហោចណាស់២៦ នាក់ នៅក្នុងការវាយប្រហារមួយ ទៅលើមូលដ្ឋានទ័ពរបស់ពួកគេស្ថិតនៅមិនឆ្ងាយពីទីក្រុង Kandahar ដែលជាទីក្រុង ដ៏សំខាន់ ភាគខាងត្បូងនោះឡើយ ។

អ្នកនាំពាក្យក្រសួងការពារជាតិមួយរូបបានថ្លែងប្រាប់ប្រភពប៊ីប៊ីស៊ី ផ្សព្វផ្សាយកាលពីល្ងាចថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៧ថា ការប្រយុទ្ធគ្នាយ៉ាងធ្ងន់ធ្ងរកំពុងបន្តនៅក្នុងតំបន់នោះ ហើយកងកម្លាំងចម្រុះត្រូវបានកោះហៅឲ្យប្រមូលផ្តុំជួបជុំគ្នា ។

ប្រភពដដែលបន្តថា ទាហានអាហ្វហ្គានីស្ថាន ១៣ នាក់បានរងរបួស នៅក្នុងការប្រយុទ្ធគ្នានៅវេលាយប់។

ក្រុមឧទ្ទាមតាលីបានប្រកាសថា ពួកគេកំពុងកាន់កាប់បានមូលដ្ឋានទ័ពនៅស្រុកខាកាក់ (Khakrez)។ នេះជាការវាយប្រយុទ្ធមួយចុងក្រោយបំផុត នៅក្នុងការបរាជ័យជាបន្តបន្ទាប់របស់កងទ័ពរដ្ឋាភិបាល ក្នុងអំឡុងពេលប៉ុន្មានខែថ្មីៗនេះ។

មុននេះបន្តិច ប្រភពព័ត៌មានចារកម្មអាហ្វហ្គានីស្ថានបានបញ្ជាក់ប្រាប់ប៊ីប៊ីស៊ីថា ទាហានជាង៤០នាក់បានបាត់បង់ជីវិត។

ប្រភពផ្សេងមួយទៀតបានបញ្ជាក់ថា សាកសពទាហាន៣០ នាក់ត្រូវបញ្ជូនទៅកាន់ទីក្រុងកាដាហារ៉ា (Kandahar)។ ទាហាន១០ នាក់បានរត់គេចខ្លួន។

អ្នកស្រុកបាននិយាយថា ក្រុមសកម្មប្រយុទ្ធរាប់រយនាក់បានវាយប្រហារទីតាំងមូលដ្ឋានទ័ពគ្រប់ទិសទី ហើយការវាយ​ប្រហារនោះមានរយៈពេលរាប់ម៉ោង។

ក្រុមឧទ្ទាមតាលីបង់បានអះអាងថា ពួកគេបានសម្លាប់ទាហានរដ្ឋាភិបាលជាង៧០ នាក់ និងចាប់ខ្លួនបានទាំងរស់ប្រាំពីរនាក់នៅក្នុងការប្រយុទ្ធគ្នានោះ។

ទន្ទឹមនឹងនេះដែរ សេចក្តីថ្លែងការណ៍របស់ក្រសួងការពារជាតិអះអាងថា កងទ័ពអាហ្វហ្គានីស្ថាន “បានតស៊ូដោយភាពក្លាហាន” វាយប្រហារ សម្លាប់ ឬធ្វើឱ្យរបួសពួកឧទ្ទាមជាង៨០នាក់។

គ្មានការបញ្ជាក់ពិតប្រាកដជាក់លាក់ទៅនឹងការពោលអះអាងរបស់ភាគីរដ្ឋាភិបាល និងក្រុមឧទ្ទាមនោះទេ ។

នៅក្រោយកាន់កាប់បានទីតាំងភាគច្រើន ជិតខេត្ត Helmand កាលពីប៉ុន្មានខែថ្មីៗនេះ ក្រុមឧទ្ទាមតាលីបង់ផ្តើមវាយលុកមួយចំនួន ចូលទៅកាន់ទីក្រុង Kandahar និងខេត្តផ្សេងទៀត ដូចជានៅភាគខាងជើង ខេត្ត Kunduz និងភាគពាយព្យ ខេត្តFaryab ។

ជាមួយគ្នានោះ ក៏ មានការវាយប្រហារសម្លាប់មនុស្សជាច្រើន​ករណីដែលប្រកាសទទួលខុសត្រូវដោយ ពួក តាលីបង់ និងក្រុមសកម្មប្រយុទ្ធរដ្ឋអ៊ិស្លាម ហើយ ដែលភាគច្រើនកើតឡើងនៅក្នុងរដ្ឋធានីកាប៊ុល។

កាលពីឧសភា ឆ្នាំ២០១៧ ក្រុមតាលីបង់បានវាយលុកចូលទីបញ្ជាការកងទ័ពមួយកន្លែង ស្ថិតនៅ Shah Wali Kot ទីក្រុង Kandahar ដែលទីនេះ ក្រុមពួកតាលីបង់បានឈ្នះកៅអីកាន់អំណាចក្នុងទសវត្សរ៍ឆ្នាំ១៩៩០ ។

ក្នុងខែមេសា ឆ្នាំ២០១៧ ទាហានប្រហែល១៧០ នាក់បានស្លាប់ដោយការវាយប្រហាររបស់ក្រុមតាលីបង់ទៅលើមូលដ្ឋានយោធាខាងក្រៅ Mazar-e Sharif ភាគខាងជើង។ នោះជាការវាយប្រហារតែមួយគាត់ដែលសម្លាប់មនុស្សច្រើនបំផុត ចាប់តាំងពីឆ្នាំ ២០០១ ក្រោយពេលកងទ័ពដឹកនាំដោយអាមេរិកផ្តួលរំលំក្រុមតាលីបង់ពីអំណាច។

កងទ័ពអាហ្វហ្គានីស្ថាននៅពេលបច្ចុប្បន្ននេះ គ្រប់គ្រងប្រទេសប្រមាណ៦០ភាគរយ ។ នេះបើតាមរបាយការណ៍របស់ក្រុមឃ្លាំមើលអាមេរិក Sigar ។

របាយការណ៍ដដែលបន្តថា ក្រុមឧទ្ទាមតាលីបង់ និងក្រុមសកម្មប្រយុទ្ធផ្សេងទៀតមើលឃើញថា ពួកគេគ្រប់គ្រងដែនដីកើនពី១០ភាគរយទៅ១១ភាគរយ ។ រីឯទីតាំងផ្សេងពីនេះ គឺកំពុងធ្វើសមរភូមិ ៕ សុរ្ម័ន

 

Loading...