ឧទ្យានុរក្សដែនជម្រកសត្វព្រៃស្រែពកបង្ក្រាបបទល្មើសបានច្រើនករណី

ខេត្តមណ្ឌលគិរី៖ ថ្ងៃទី ០៨ ខែសីហា ឆ្នាំ២០២០ ក្រុមការងារដែនជម្រកសត្វព្រៃស្រែពកបានសហការជាមួយកម្លាំងស្នងការនិងកម្លាំងអធិការស្រុកកោះញែក បានចុះដកបង្គោលព្រំដីដែលបោះខុសច្បាប់នៅលើដីរដ្ឋដែលស្ថិតនៅតាមបណ្ដោផ្លូវ៩៥ ក្នុងឃុំស្រែហ៊ុយ និងឃុំណងឃីឡឹក បានចំនួន១៨០បង្គោល។

នៅថ្ងៃដដែលនោះដែរ ក្រុមល្បាតសហគមន៍ពូជ្រៃបានសហការចុះល្បាតជាមួយអាជ្ញាធរទាំង៣ភូមិ មន្ត្រីប៉ូលីស បុគ្គលិកអង្គការ និង មន្ត្រីមន្ទីរបរិស្ថាន សរុបគ្នា១៧នាក់។ លទ្ធផល (១)-ធ្វើការបោះបង្គោលព្រំសហគមន៍បានចំនួន៧ដើម, (២)-ដកដើមចេកដាំរំលោភដីសហគមន៍បានចំនួន៦២ដើម, (៣)-ធ្វើការបោះស្លាកចំនួន១, និង (៤)-ដើរល្បាតតាមព្រំសហគមន៍បានចំងាយ៣គីឡូម៉ែត្រ។

ថ្ងៃទី០៦ ដល់ទី០៨ ខែសីហា ឆ្នាំ២០២០ មន្ត្រីឧទ្យានរក្សប្រចាំស្នាក់ការចាស់យ៉ាង សហការជាមួយមន្ត្រីឧទ្យានរក្សប្រចាំស្នាក់ការអូតេ និងអង្គការWWF បានធ្វើការល្បាតដល់ចំណុចជើងភ្នំកៅស៊ូពូរ៉ាប៉េត បានចាប់ឃាត់ម៉ូតូកែច្នៃចំនួន០២គ្រឿង និងឈើបេងចំនួន១០ដុំ និងបន្តការល្បាតដល់ចំណុចផ្លូវអូងេះ បានចាប់ឃាត់ម៉ូតូកែច្នៃចំនួន០២គ្រឿង ដែល០១ គ្រឿងដឹកផ្កាអូគីដេរ និង០១គ្រឿងទៀតដឹកសត្វឈ្លូសចំនួន០១ក្បាល(សត្វឈ្លូសបានដុតបំផ្លាញចោល) ដែលស្ថិតនៅក្នុងភូមិពូរ៉ាប៉េត ឃុំក្រង់តេះស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី។ វត្ថុតាងទាំងអស់បានយកមកទុកដាក់នៅមន្ទីរបរិស្ថានខេត្តមណ្ឌលគិរី៕

Loading...