ឩកញ៉ា រ័ត្ន សាខនកំពុងរងការចោទប្រកាន់ពីសំណាក់ប្រជាពលរដ្ឋថា បានកាប់បំផ្លាញព្រៃឈើក្នុងដែនជំម្រកសត្វព្រៃលំផាត់យ៉ាងអនាធិបតេយ្យ ​

ខេត្តរតនគិរី: ស្នូរសម្លេងកងរំពងចេញពីក្នុងព្រៃដែនជំម្រសត្វលំផាត់ ស្ថិតក្នុង ឃុំសេដា ស្រុ​កលំផាត់ ខេត្តរតនគិរី ។

ប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលរស់នៅក្បែរនោះបានឲ្យដឹងថា មានក្រុមហ៊ុនឧកញ៉ា រ័ត្ន សាខន កំពុងតែកាប់ឈើ អារជ្រៀកឈើ និងដឹកជញ្ជូនឈើធ្វើអាជីវកម្មខុសច្បាប់យ៉ាងអនាធិប​តេយ្យ ។

ប្រជាសហគមន៍បានរាយការណ៍ ឲ្យដឹងថា ក្រុមហ៊ុនឧកញ៉ា រ័ត្ន សាខន បានប្រមូលទិញឈើ និងដឹកជញ្ជូនឈើហ៊ុបពីតំបន់ផ្សេងៗមកស្តុកទុកក្នុង​បរិវេណដីសម្បទានសេដ្ឋកិច្ចរបស់ខ្លួនដើម្បីឲ្យក្លាយជាឈើស្របច្បាប់ ហើយគ្មានមន្ត្រីជំនាញឬសមត្ថកិច្ចពាក់ព័ន្ធណាចាត់វិធានការទប់ស្កាត់ឡើយ បានត្រឹមតែ​មកយកលុយដាក់ហោប៉ៅផ្ទាល់ខ្លួនតែប៉ុណ្ណោះ ។

ជាងនេះទៅទៀតនោះក្រុមហ៊ុនឧកញ៉ា រ័ត្ន សាខន បានបំផុសឲ្យប្រជាពលរដ្ឋកាប់ឈើក្នុងព្រៃសហគមន៍ ព្រៃ​ការពារ ព្រៃអភិរក្ស នឹងតំបន់ដែនជំម្រកសត្វព្រៃលំផាត់ នៅជាប់ដី សម្បទានសេដ្ឋកិច្ចរបស់ខ្លួន ហើយខាងក្រុមហ៊ុនជាអ្នកប្រមូលទិញយកទាំងអស់ ។

ប្រជាសហគមន៍ឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី ​បានឲ្យដឹងថា ក្រុមហ៊ុនឧកញ៉ាមិន មែនជនជាតិខ្មែរទេ ឈ្មោះ រ័ត្ន សាខន ធ្វើសកម្មភាពដូចខាងលើនេះច្រើនឆ្នាំមកហើយដោ​យសារ តែមានការឃុបឃិតពីសមត្ថកិច្ចជំនាញពាក់ព័ន្ធមានការពុក​រលួយជាប្រព័ន្ធតែម្តង ជាពិសេសគឺមាន ការបើកដៃពីមន្ត្រីរដ្ឋបាលព្រៃឈើនិងមន្ត្រីបរិស្ថានដែលពួក​គេគិតគូរតែពីរឿងប្រមូលលុយ ដាក់ហោប៉ៅចែកគ្នាធ្វើមានធ្វើបាន ​ រហូតមកដល់ពេលនេះ ។

ចំណែក លោក កែប កត់ នាយខណ្ឌរដ្ឋបាលព្រៃឈើ អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានទេនៅរសៀលថ្ងៃទី៩ ខែមេសានេះទូរស័ព្ទចុចមិនអាចទំនាក់ទំនងបាន ។

ដោយឡែកលោក ផុន ខេមរិន្ទ ប្រធានមន្ទីបរិស្ថានខេត្ត អ្នកសារព័ត៌មាន មិនអាចសុំការបំភ្លឺបានដែរជុំវិញបញ្ហាខាងលើនេះ ។

មជ្ឍដ្ឋានទូទៅបានរិះគន់ថា មន្ត្រីក្រោមឱវាទនៅតែបណ្តោយ​ឲ្យក្រុមហ៊ុន រ័ត្ន សាខន កាប់បំផ្លាញព្រៃឈើខាងក្រៅបរិវេ​ណដីសម្បទានសេដ្ឋកិច្ច ហើយដឹកជញ្ជូនធ្វើអាជីវកម្មយ៉ាងពេញបន្ទុកផងដែរ ។

ជុំវិញបញ្ហាចោទប្រកាន់ក្រុមហ៊ុន រត្ន័ សាខន ខាងលើនេះ អ្នកសារព័ត៌មានមិនអាចសុំការពន្យល់ពីតំណាងក្រុមហ៊ុនបានទេ នៅរសៀលថ្ងៃទី៩ ខែមេសានេះ ពុំមានលេខទូរស័ព្ទទំនាក់ទំនងបាន ៕ វុទ្ធឦសាន

Loading...