ខេត្តកណ្តាល ៖ មនុស្ស៣នាក់ ដែលរួមមានឪពុក មា្តយ និងកូន បានស្លាប់ភ្លាមៗនៅនឹងកន្លែង ខណៈពួកគេកំពុងតែជិះម៉ូតូ ហើយក៏ត្រូវរថយន្តឈ្នួលបើកបុក។ ហេតុការណ៍នេះបានកើតឡើងនៅត្រង់ចណុចគីឡូម៉ែត្រលេខ៣០-៣១ស្ថិតនៅភូមិតាំងឫស្សី ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាក កាលពីរសៀលថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៥ម្សិលមិញ។
តាមសាក្សីដែលឃើញហេតុការណ៏ឲ្យដឹងថា គេឃើញរថយន្តម៉ាកសាមយ៉ុងពណ៏លឿងមួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ ២W-៨០៦៤ បានធើ្វដំណើរពីទិសខាងត្បូងទៅទិសខាងជើង លុះមកដល់ត្រង់កន្លែងកើតហេតុ ក៏បុកម៉ូតូជនរងគ្រោះដែលបើកបញ្ចាស់ទិសគ្នាពេញទំហឹងបណ្តាលឲ្យជនរងគ្រោះទាំង៣នាក់ស្លាប់ភ្លាមៗ។
លោក ម៉ែន សុខឿន អធិការស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះជាឪពុកនោះមានឈ្មោះ សេង លឹមហេង អាយុ៤៥ឆ្នាំ មា្តយឈ្មោះ គន់ ផាន់ណា អាយុ៤២ឆ្នាំ និងកូនអាយុ៦ឆ្នាំ អ្នកទាំង៣នាក់រស់នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។ ដោយឡែកអ្នកបើកបររថយន្តឈ្មោះ ប្រុស ខេមរិន ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ត្រូវបានឃាត់ខ្លួនភ្លាមៗ។
ក្រោយកើតហេតុសាកសពជនរងគ្រោះទាំង០៣នាក់ត្រូវសមត្ថកិច្ចប្រគល់ជូនក្រុមគ្រសារយកធើ្វបុណ្យ។ ចំណែកម៉ូតូ រថយន្តនិងរថយន្តត្រូវសមត្ថរកិច្ចនាំយកទៅរក្សាទុកនៅអធិការស្រុកខ្សាច់កណ្តាល ចំពោះអ្នកបើកររថយន្តត្រូវកសាងសំណុំបញ្ចួនខ្លួនឡើងតុលាកាចាត់ការតាមនិតិវិធី៕