ឮសំឡេងមនុស្សស្រី ស្មានថា សង្សាររបស់ខ្លួន ពេលចេញទៅមើលត្រូវចោរបាញ់១គ្រាប់របួសជើងម្ខាង

ខេត្តព្រះសីហនុ៖ បុរសម្នាក់ត្រូវខ្មាន់កាំភ្លើងបាញ់មួយគ្រាប់បណ្តាលឲ្យរងរបួសជើងខាងឆ្វេង ខណៈដែលបុរសរូបនេះបើកទ្វារចេញពីផ្ទះ ក្រោយពីឮសំឡេងមនុស្សស្រីស្រែក ស្មានថាជាសង្សាររបស់ខ្លួន ពុំបានដឹងថា ជាករណីប្លន់ម៉ូតូនារីម្នាក់នោះ ។

សេចក្តីរាយការណ៍បានឲ្យដឹងថា ករណីបាញ់គំរាមប្លន់យកម៉ូតូនេះបានកើតឡើងកាលពីវេលាម៉ោង១១យប់ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចក្បែរស្ពានសំអាត ក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ។

បុរសរងគ្រោះឈ្មោះ ពល សាមាន អាយុ២៣ឆ្នាំ រស់នៅចំណុចក្បែរស្ពានសំអាត ក្រុមទី១៣ ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ត្រូវបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យចំការចេក ។ រីឯស្ត្រីម្ចាស់ម៉ូតូដែលត្រូវក្រុមខ្មាន់កាំភ្លើងប្លន់បានសម្រេចនោះឈ្មោះ លឹម មុំ អាយុ២៤ឆ្នាំ រស់នៅភូមិ សង្កាត់កើតហេតុ ។

ស្ត្រីម្ចាស់ម៉ូតូបានប្តឹងនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់លេខ៣ថា នៅមុនពេលកើតហេតុ គាត់បានជិះម៉ូតូសុខៗ ស្រាប់តែលេចមុខជនសង្ស័យ២នាក់ជិះម៉ូតូម៉ាកឌ្រីម សង់ សេ ១២៥ ស៊េរីឆ្នាំ២០១៣ ពណ៌ខ្មៅ មិនចាំស្លាកលេខ ដែលម្នាក់អាយុប្រហែល២៨ឆ្នាំ កម្ពស់ប្រហែល១.៦៥ម មាឌធំ ពាក់មួកការពារ ពាក់អាវធំ ព៌ណខ្មៅ រីឯអ្នកជិះពីក្រោយ កាន់កាំភ្លើង K59 មាឌធំ ខ្ពស់ សម្បុលខ្មៅ សក់រួញ អាយុប្រហែល៣០ឆ្នាំ ពាក់អាវសដៃវែងឆ្នូត មកធ្វើសកម្មភាពគំរាមគាត់ឲ្យឈប់ម៉ូតូ ពេលនោះដោយសារភ័យពេក គាត់(ស្ត្រីរងគ្រោះម្ចាស់ម៉ូតូ)ក៏ឈប់ ហើយស្រែក ពេលនោះ ស្រាប់តែឮសូរស្នូរកាំភ្លើងផ្ទុះ១គ្រាប់ មុនពេលក្រុមខ្មាន់កាំភ្លើង យកម៉ូតូរបស់គាត់ជិះរត់គេចខ្លួន ។ បន្ទាប់មក ស្រាប់តែមានការឆោឡោដោយសារបុរសម្នាក់នៅជិតកន្លែងកើតហេតុ ត្រូវគ្រាប់កាំភ្លើង ហើយត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យចំការចេក ។

បុរសរងគ្រាប់កាំភ្លើងនិយាយថា នៅពេលកើតហេតុ គាត់បានឮសំឡេងម៉ូតូឈប់នៅក្បែរផ្ទះ ព្រមទាំងឮសំឡេងមនុស្សស្រី និងប្រុស ដោយនឹកស្មានថា ជាសង្សាររបស់ខ្លួន ក៏ស្ទុះមកមើល ប៉ុន្តែគ្រាន់តែបើកទ្វារដើរផុតពីផ្ទះបានបន្តិច ក៏ត្រូវគេបាញ់មកលើខ្លួនតែម្តង ៕

eww

e2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *