ឯកអគ្គរាជទូតអូស្រ្តាលី ចុះពិនិត្យមើលស្ថានភាព សហគមន៍កសិករប្រើប្រាស់ទឹកព្រែកគ្រួសចារ ដែលគាំទ្រការអនុវត្តគម្រោងដោយអង្គការកាវ៉ាក់

ខេត្តតាកែវ៖ នៅព្រឹកថ្ងៃសុក្រ ១០កើត ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ២៨ ខែសីហា ឆ្នាំ២០២០ លោក Pablo Chiho Kang ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា លោកថោង ចេស្ដា រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម លោកអ៊ូច ភា អភិបាល នៃគណៈអភិបាលខេត្តតាកែវ លោក ខាន់ សុខា អភិបាលរងខេត្ត និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យមើលស្ថានភាព ការអនុវត្តកិច្ចការងារ និងសមិទ្ធផលនាន របស់សហគមន៍កសិករប្រើប្រាស់ទឹកព្រែកគ្រួសចារ ដែលគាំទ្រការអនុវត្តគម្រោងដោយអង្គការកាវ៉ាក់ ស្ថិតនៅក្នុងឃុំចារ ស្រុកព្រៃកប្បាស។

បើតាមការបញ្ជាក់ពីលោក ប៊ុន ហូរ ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងថា ប្រពន្ធធារាស្រ្តព្រែកគ្រួសចារ បានកសាងក្នុងឆ្នាំ២០១៧ ក្រោមជំនួយឧបត្ថម្ភរបស់ រដ្ឋាភិបាលអូស្រ្តាលី តាមរយះកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្ម កម្ពុជា អូស្រ្តាលី ហៅកាត់ថា CAVAC ស្ថិតនៅចន្លោះឃុំចារ ស្រុកព្រៃកប្បាស និងឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្ដាល ដែលប្រឡាយមេចំនួន ០១ខ្សែ មានប្រវែង ១៣.៣០៤ម៉ែត្រ មានប្រឡាយរង ចំនួន ១៥ខ្សែ ប្រវែង ១៧.០១៤ម៉ែត្រ។

លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្ត បានឲ្យដឹងបន្ថែមទៀតថា ប្រព័ន្ធធារាសាស្រ្តចារ១ និងចារ២ បានភ្ជាប់គ្នា ដោយបានកសាងឡើងនៅចន្លោះឆ្នាំ២០១៨ និងឆ្នាំ២០១៩ ដោយប្រព័ន្ធធារាស្រ្តចារ២ ស្ថិតនៅចរន្តខ្សែទឹកខាងលើ ដែលមានប្រឡាយទឹកសរុប ប្រវែង ៩.៤៦៦ម៉ែត្រ និងមានផ្លូវសម្រាប់ធ្វើដំណើរអមតាមប្រឡាយទឹក រួមទាំងប្រឡាយរំដោះទឹក ប្រវែង ៣.៧៤១ម៉ែត្រ ដែលមានស្ថានីយ៍បូមទឹក បានបំពាក់ម៉ូទ័រចំនួន ០៥គ្រឿង ដើម្បីធ្វើការនាំទឹកពីព្រែកអំបិល ដែលជាដៃទន្លេបាសាក់ ទៅស្រោចស្រពដោយបង្ហូរទឹកចូលស្រែតែម្ដង។ ចំពោះប្រព័ន្ធធារាសាស្រ្តចារ១ មានប្រឡាយទឹកប្រវែង ២៥.១២២ម៉ែត្រ និងមានផ្លូវសម្រាប់ធ្វើដំណើរអមតាមប្រឡាយ និងមានស្ថានីយ៍បូមទឹកបំពាក់ដោយម៉ូទ័រ ចំនួន ០៣គ្រឿង ដើម្បីធ្វើការនាំទឹកពីប្រព័ន្ធចារ២ តាមរយះប្រឡាយនាំទឹក ទៅស្រោចស្រពផ្ទៃដីស្រែលើ ដោយបង្ហូរចូលស្រែតែម្ដង និងបានធ្វើការផ្កត់ផ្គង់ទឹកសម្រាប់ដំណាំស្រូវរបស់ប្រជាពលរដ្ឋបានចំនួន ២.១៥០ហិកតា ៕

Loading...