ឯកឧត្ដម ឃួង ស្រេង បញ្ជាឱ្យអភិបាលខណ្ឌទាំង១៤ត្រូវ មើល ទីតាំងធ្វើចត្តាឡីស័ក កុំឱ្យមានការនាំចូលគ្រឿង​ញៀនទៅឱ្យអ្នកធ្វើចត្តាឡីស័ក

ភ្នំពេញ ថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១–ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងជាប្រធាន​គណៈបញ្ជាការ​ឯកភាពរដ្ឋបាលរាជធានីភ្នំពេញកាលពីថ្ងៃទី ១៣ ខែមីនា ឆ្នាំ២០២១ បានដាក់បទបញ្ជា​ដាច់ខាត​ឱ្យអភិបាលខណ្ឌ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាល ខណ្ឌទាំង១៤ ប្រុងប្រយ័ត្នខ្ពស់និងត្រួតពិនិត្យ​ឱ្យបាន​ម៉ត់ចត់ ដើម្បីទប់ស្កាត់ដាច់ខាតកុំឱ្យមានការនាំចូលគ្រឿងញៀន ដោយបង្កប់នៅក្នុងអាហារ ឬសម្ភារៈ​ផ្សេងៗ​ទៅក្នុងអគារ កំពុងធ្វើចត្តាឡីស័ក។

ឯកឧត្តម ឃួង ស្រេង បានបញ្ជាក់ថា សូម ជម្រាបមកលោក-លោកស្រីអភិបាលខណ្ឌ និងជាប្រធានគណៈ​បញ្ជាការ​​ឯកភាព រដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវយកចិត្តទុកដាក់ លើបណ្តាទីតាំងធ្វើចត្តាឡីស័ក ក្នុងមូលដ្ឋាន​ខណ្ឌរបស់​ខ្លួន​នីមួយៗ ដោយសហការជាមួយ ម្ចាស់ទីតាំង ឬរដ្ឋបាល នៃអគារត្រូវ Lockdown នីមួយៗ ដើម្បីបង្កើតទំនាក់ទំនង​ល្អរវាងអាជ្ញាធរ និងអ្នកកំពុងធ្វើចត្តាឡីស័កនៅខាងក្នុងអគារ ជាពិសេសត្រូវ​យកចិត្ត​ទុកដាក់លើការផ្តល់​អាហា​រូបត្ថម្ភ និងបញ្ហាជំងឺឈឺស្កាត់ផ្សេងៗរបស់ពួកគាត់ ។

ឯកឧត្តមបានបន្ថែមថា ជាមួយគ្នានេះ លោក-លោកស្រី ត្រូវប្រុងប្រយ័ត្នខ្ពស់ និងត្រួតពិនិត្យឱ្យបានម៉ត់ចត់ ទប់ស្កាត់ដាច់ខាតកុំឱ្យមាន ការនាំចូលគ្រឿងញៀន ដោយបង្កប់នៅក្នុងអាហារ ឬ សម្ភារៈផ្សេងៗទៅក្នុងអគារ​កំពុងធ្វើចត្តាឡីស័ក។ សូមលោក-លោកស្រី អនុវត្តការងារនេះប្រកបដោយប្រសិទ្ធភាពខ្ពស់៕

Loading...