ឯកឧត្តមសេនីយ៍ឯក ស ថេត បញ្ជាឱ្យតាមស្រាវជ្រាវស្វែងរកចាប់ខ្លួនមន្រ្តីនគរបាល០១នាក់ដែលបាញ់សម្លាប់បុរសជាងកាត់សក់នៅខណ្ឌទួលគោកដើម្បីយកមកផ្ទន្ទាទោសតាមច្បាប់

ភ្នំពេញ៖ ថ្លែងក្នុងកិច្ចប្រជុំបូកសរុបសភាពណ៍ការងារសន្តិសុខសណ្តាប់ធ្នាប់សុវត្ថិភាពសង្គមប្រចាំខែកញ្ញា​ និងប្រជុំដកស្រង់បទពិសោធន៍ការងាររឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅព្រឹកថ្ងៃទី២៩​ ខែកញ្ញា​ ឆ្នាំ២០២០ ឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ បានបញ្ជាទៅកម្លាំនគរបាលក្រោមឱ្យវាទត្រូវស្រាវជ្រាវស្វែងរកចាប់ខ្លួនមន្រ្តីនគរបាល០១នាក់ដែលបានរត់គេចខ្លួនក្រោយពីធ្វើសកម្មភាពបាញ់សម្លាប់បុរសជាងកាត់សក់០១នាក់នៅខណ្ឌទួលគោក ដើម្បីយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅក្នុងជម្លោះគំនុំដណ្តើមយកចំណីផ្លូវខាងមុខផ្ទះសម្រាប់ចតម៉ូតូនិងរថយន្តដែលរវាងជនរងគ្រោះនិងជនសង្ស័យជាអ្នករស់នៅជិតខាងនឹងគ្នា។អំពើឃាតកម្មនោះបានកើតឡើងនៅយប់ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតនៅភូមិ១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោករាជធានីភ្នំពេញ។

​ ឯកឧត្តមសេនីយ៍ឯក ស ថេត ក៏បញ្ជាឱ្យស្នើកាត់ក្របខណ្ឌមន្រ្តីនគរបាលល្មើសនោះចេញពីនគរបាលជាតិនិងក៏បានប្រមានចាត់វិធានការបណ្តេញចេញពីក្របខណ្ឌនគរបាលជាតិដល់មន្រ្តីនគរបាលមួយចំនួនដែលមិនគោរពច្បាប់មិនគោរពវិន័យនគរបាលជាតិហើយទៅធ្វើសកម្មភាពខុសច្បាប់ណាមួយនោះ។

​ក្នុងកិច្ចប្រជុំនេះផងដែរក៏មានការលើកឡើងជុំវិញបញ្ហាប្រឈមនិងដាក់ចេញនូវវិធានការមួយចំនួនទៀតដោះស្រាយលើការងារអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យការអនុវត្តតាមអនុក្រឹត្យលេខ៣៩នៅក្នុងរាជធានីភ្នំពេញឱ្យកាន់តែមានប្រសិទ្ធភាព និងកាត់បន្ថយឱ្យបានច្រើនអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញ។របាយការណ៍របស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញបង្ហាញឱ្យដឹងថានៅឆ្នាំ២០២០រយៈពេល០៥ខែនៃការចាប់ផ្តើមបើកយុទ្ធនាការរឹតបន្តឹងអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកគឺអត្រាគ្រោះថ្នាក់ចរាចរណ៍នៅក្នុងរាជធានីភ្នំពេញកើតឡើងសរុបចំនួន៣៣៧ករណី បណ្តាលឱ្យមនុស្សស្លាប់៩៨នាក់ និងរងរបួសធ្ងន់ស្រាល៤៦៥នាក់បើធៀបរយៈពេលដូចគ្នានៅឆ្នាំ២០១៩ បទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើង៧៣៦ករណី បណ្តាលឱ្យស្លាប់១០៧នាក់និងអ្នកទទួលរងរបួសធ្ងន់ស្រាល៧៥៥នាក់។គ្រោះថ្នាក់ចរាចរណ៍បានថយចុះ៣៩៩ករណី ,ថយអ្នកស្លាប់០៩នាក់ និងថយអ្នករងរបួសធ្ងន់ស្រាល២៩០នាក់។

​ក្នុងកិច្ចប្រជុំនោះថែមទៀតឯកឧត្តម​ ឧត្តមសេនីយ៍ឯក​ ស​ ថេត​ អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ​ ក៏បានជម្រុញឱ្យកម្លាំងនគរបាលចរាចរណ៍បង្កើនការចុះអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានត្រឹមត្រូវតាមច្បាប់និងគោលការណ៍ថ្នាក់លើនិងជម្រុញចេញជួយដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នៅតាមគោលដៅដែលតែងតែជួបនូវបញ្ហាកកស្ទះចរាចរណ៍ដូចនៅគោលដៅផ្សារច្បារអំពៅ ក្បាលថ្នល់ មហាវិថីព្រះនរោត្តម ផ្លូវរង្វង់មូលចោមចៅនិងនៅតាមបណ្តាផ្លូវមួយចំនួនទៀតនៅក្នុងរាជធានីភ្នំពេញនិងណែនាំពង្រឹងយកចិតដាក់ខ្ពស់បំផុតកិច្ចការងារចេញការពារក្បួនគណៈប្រតិភូថ្នាក់ដឹកនាំកំពូលៗជាតិនិងប្រតិភូអន្តរជាតិធ្វើយ៉ាងណាថែរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់នាំមកនូវសុខសុវត្ថិភាពគ្រប់គ្រាន់៕

Loading...