ឯកឧត្តម ម៉ែន វិបុល អញ្ជើញពិនិត្យការបំពាក់សម្ភារបរិក្ខារត្រៀមសម្រាប់ព្យាបាលអ្នកជំងឺកូ វីដ-១៩ ក្នុងអគារស្នាក់នៅក្រុមហ៊ុនបាវិតម៉ុកបាយ

ខេត្តស្វាយរៀង ៖ នៅព្រឹកថ្ងៃអាទិត្យ ៧រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២១នេះ ឯកឧត្តម ម៉ែន វិបុល អភិបាល នៃគណៈអភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះពិនិត្យមេីលការបំពាក់សម្ភារបរិក្ខាពេទ្យដេីម្បីត្រៀមបម្រុងទុកសម្រាប់ព្យាបាលអ្នកជំងឺកូវីដ-១៩ ស្ថិតក្នុងទីតាំងអាគារស្នាក់នៅរបស់ក្រុមហ៊ុនការស៊ីណូបាវិតម៉ុកបាយដែលមានចំនួន២ អគារ ស្មើនឹង២៨៨បន្ទប់ គឺអគារCសម្រាប់ក្រុមគ្រូពេទ្យ និងអគារ E សម្រាប់សម្រាកព្យាបាលអ្នកជំងឺកូវីដ-១៩ នៅក្នុងភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

អញ្ជើញចូលរួមអមដំណើរឯកឧត្ដមអភិបាលខេត្តក្នុងឱកាសនោះមាន ឯកឧត្តមអភិបាលរងខេត្ត លោកស្នងការនគរបាលខេត្ត លោកមេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត លោកប្រធានមន្ទីរសារធារណការ និងដឹកជញ្ជូនខេត្ត លោកអនុប្រធានមន្ទីរសុខាភិបាល នៃរដ្ឋបាលខេត្ត លោកអភិបាលក្រុងបាវិត រួមទាំងមន្ត្រីសុខាភិបាល និងអាជ្ញាធរដែនដីពាក់ព័ន្ធមួយចំនួនទៀត។

មានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តមអភិបាលខេត្តកបានថ្លែងអំណរគុណ ចំពោះកងកម្លាំងទាំង៣ អាជ្ញាធរដែនដី ម្ចាស់ទីតាំងអាគារ និងបុគ្គលិកសុខាភិបាលទាំងអស់ដែលរួមសហការគ្នាក្នុងការបោសសម្អាត និងបំពាក់សម្ភារបរិក្ខារពេទ្យបានរួចរាល់នៅថ្ងៃនេះ ដើម្បីត្រៀមទុកសម្រាប់ព្យាបាលប្រជាពលរដ្ឋដែលមានជំងឺកូវីដ១៩ ជាពិសេសក៏សូមថ្លែងនូវការអរគុណ និងកោតសរសើរចំពោះបុគ្គលិកសុខាភិបាល និងក្រុមគ្រូពេទ្យទាំងអស់នៅទូទាំងខេត្តស្វាយរៀង ដែលជាកងទ័ពអាវស មិនត្រឹមតែបានចូលរួមក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺកូវីដ-១៩ ប៉ុណ្ណោះទេ ថែមទាំងបានចូលរួមចំណែកយ៉ាងសកម្មលះបង់ពេលវេលាទាំងពេលយប់ និងពេលថ្ងៃដោយមិនខ្លាចនឿយហត់ក្នុងការព្យាបាលអ្នកជំងឺកូវីដ-១៩ យ៉ាងយកចិត្តទុកដាក់បំផុត។

ជាមួយគ្នានោះឯកឧត្តម អភិបាលខេត្ត ក៏បានឧបត្ថម្ភនូវថវិកាមួយចំនួនដល់កងកម្លាំងស្នងការដ្ឋាននគរបាលខេត្ត និងកងកម្លាំងកងរាជអាវុធហត្ថខេត្តដើម្បីជាការលើកទឹកចិត្តក្នុងការចូលរួមធ្វើពលកម្មសម្អាតអគារខាងលើនេះផងដែរ។ ទន្ទឹមនោះ រដ្ឋបាលខេត្ត ក៏សូមអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបង្កើននូវការប្រុងប្រយ័ត្នឲ្យបានខ្ពស់ ជាពិសេសត្រូវប្រកាន់ភ្ជាប់នូវវិធានការរបស់ប្រមុខរាជរដ្ឋាភិបាល “៣ការពារ ៣កុំ” ហើយបើគ្មានការចាំបាច់ សូមនៅតែក្នុងផ្ទះ ត្រូវរួមគ្នាកាត់ផ្តាច់ឬសគល់នៃជំងឺកូវីដ-១៩នេះ ដោយផ្តើមចេញពីការចូលរួមសហការពីប្រជាពលរដ្ឋម្នាក់ៗ និងគ្រប់ៗគ្នា៕

Loading...