ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ដាក់បទបញ្ជាម៉ឺងម៉ាត់ទៅកម្លាំងនគរបាលរាជធានីភ្នំពេញបន្តចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនតាមរង្គសាលក្លឹបកម្សាន្តនិងទីតាំងចាត់ចែងសម្រួលឱ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់

ភ្នំពេញ៖
អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានលើកឡើងដាក់បទបញ្ជាម៉ឺងម៉ាត់ឱ្យកម្លាំងនគរបាលរាជធានីភ្នំពេញ បន្តចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅតាមរង្គសាល ក្លឹបកម្សាន្តនិងទីតាំងផ្សេងទៀតដែលបានធ្វើសកម្មភាពចាត់ចែងសម្រួលឱ្យប្រើប្រាស់គ្រឿងញៀនខុសច្បាប់ហើយត្រូវអនុវត្តជាប្រចាំមិនត្រូវដកថយនោះឡើយ ។ គ្រាដែលកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលសហការជាមួយនិងកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាន រាជធានីភ្នំពេញ កាលពីយប់អធ្រាត្រថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២០ បានចេញប្រតិបត្តិការបង្រ្កាបក្លឹបកម្សាន្តយីហាលេខ១៣ KTV ស្ថិតនៅក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញដែលមានការសង្ស័យចាត់ចែងសម្រួលឱ្យប្រើប្រាស់ខុសច្បាប់នូវសារធាតុញៀន ដោយបានឃាត់ខ្លួនមនុស្សប្រុសស្រីជាជនបរទេសនិងជនជាតិខ្មែរ៩៣នាក់និងឆែកឆេរត្រួតពិនិត្យរកឃើញវត្ថុតាងថ្នាំច្រើនប្រភេទសង្ស័យគ្រឿងញៀនដើម្បីយកចាត់ចែងតាមនីតិវិធី។ការបង្រ្កាបគ្រឿងញៀននៅចំណុចខាងលើធ្វើឡើងអនុវត្តតាមបទបញ្ជារបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ដោយមានការសម្របសម្រួលនីតិវិធីពីលោក មុត តារា ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ។ការបង្រ្កាបគ្រឿងញៀននៅក្លឹបកម្សាន្តយីហោ១៣KTV នៅខណ្ឌទួលគោកគឺជាការបង្រ្កាបគ្រឿងញៀនជាបន្តបន្ទាប់រួចមកហើយនៅតាមរង្គសាល ក្លឹបកម្សាន្តពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញរួមមានក្លឹបកម្សាន្តផ្លាយនៅខណ្ឌជ្រោយចង្វារ ក្លឹបកម្សាន្ត រ៉ុក, ក្លឹបកម្សាន្តម៉ៃអាមីនិងក្លឹបកម្សាន្តលុច សារី។ការបង្រ្កាបនោះក៏ដើម្បីដោះស្រាយបញ្ហាគ្រឿងញៀននៅក្នុងរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាពដែលគ្រឿងញៀនត្រូវគេចាត់ទុកថាបានបង្កឱ្យរងផលប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមជាតិ។

​ការលើកឡើងដាក់បទបញ្ជាឱ្យចេញប្រតិបត្តិការបង្រ្កាបគ្រឿងញៀនពីសំណាក់ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែសីហា នៅក្នុងកិច្ចប្រជុំបូកសរុបភាពការណ៍ កិច្ចប្រតិបត្តិការ រក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម ប្រចាំខែសីហា និងលើកទិសដៅការងារប្រចាំខែកញ្ញា ឆ្នាំ២០២០ របស់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីលោក លោកស្រីស្នងការរង​ លោកនាយការិយាល័យជំនាញនិងលោកអធិការនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ។

​ក្នុងកិច្ចប្រជុំនោះផងទៀត ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានដាក់ផែនការឱ្យកម្លាំងនគរបាលខណ្ឌទាំង១៤ និងការិយាល័យជំនាញ ត្រូវរួមគ្នាស្រាវជ្រាវបង្រ្កាបបទល្មើសប្លន់និងបទល្មើសឆក់ ឱ្យមានប្រសិទ្ធភាព ។បន្តតាមដានបង្ការទប់ស្កាត់រាល់សម្មភាពទាមទារតវ៉ាខុសច្បាប់ពីសំណាក់ក្រុមជ្រុលនិយមនិយាយបំភ្លៃបំផ្លើសព័ត៌មានមិនពិតបង្កអសន្តិសុខសណ្តាប់ធ្នាប់សង្គមនិងនាំឱ្យសង្គមបែកបាក់។បន្តអនុវត្តរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោកដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍នៅពេលដែលគេមើលឃើញថាបញ្ហាគ្រោះថ្នាក់ចរាចរណ៍ទោះបីឃើញមានប្រជាពលរដ្ឋបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោកបានច្រើននោះហើយប៉ុន្តែអត្រាគ្រោះថ្នាក់អ្នកស្លាប់និងរងរបួសនៅតែកើនឡើងជាបន្តបន្ទាប់ក្នុងរយៈពេលចុងក្រោយនេះ។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំឱ្យមានការអនុវត្តវិធានការម៉ឺងម៉ាត់តាមគោលការណ៍របស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ ត្រួតពិនិត្យចាត់វិធានការចំពោះជនបរទេសប្រើប្រាស់អាវុធខុសច្បាប់និងចាត់វិធានការចំពោះអ្នកប្រើប្រាស់អាវុធបាញ់បោះសេរីដែលបង្កឱ្យប៉ះពាល់អសន្តិសុខសង្គម។

​ក្នុងកិច្ចប្រជុំនោះផងដែរលោកស្នងការរង លោកអធិការនគរបាលខណ្ឌមួយចំនួនក៏បានលើកឡើងនូវបញ្ហាប្រឈមនិងបទពិសោធន៍ការងារដើម្បីលើកយកមកពិភាក្សាដោះស្រាយជុំវិញចំណុចប្រឈមដូចជាបញ្ហាបទល្មើសព្រហ្មទណ្ឌ បញ្ហាសណ្តាប់ធ្នាប់ចរាចរណ៍ និងដោះស្រាយចំណុចប្រឈមមួយចំនួនទៀតផងដែរ៕

Loading...