ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត រំលឹកដល់កម្លាំងនគរបាលរាជរាជធានីភ្នំពេញពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សុវត្ថិភាពរដូវបុណ្យភ្ជុំបិណ្ឌនិងបន្តចូលរួមអនុវត្តវិធានបង្ការទប់ស្កាត់កុំឱ្យឆ្លងរីករាលដាលជំងឺកូវីដ១៩

ភ្នំពញ៖ ថ្លែងក្នុងពិធីប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់នាយនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ បានរំលឹកដល់កម្លាំងនគរបាលរាជធានីភ្នំពេញត្រូវពង្រឹងសន្តិសុខ រក្សាសណ្តាប់ធ្នាប់ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌឱ្យមានសុវត្ថិភាពគ្រប់គ្រាន់ បង្ការទប់ស្កាត់អំពើលួច ឆក់ ការចេញដោះស្រាយសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍និងការណែនាំឱ្យកម្លាំងនគរបាលបន្តចូលរួមនិងផ្សព្វផ្សាយអនុវត្តវិធានអប់រំបង្ការទប់ស្កាត់កុំឱ្យរីករាលជំងឺឆ្លងកូវីដ១៩ នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌនេះផងដែរ។ពិធីបុណ្យប្រពៃណីជាតិខ្មែរកាន់បិណ្ឌនិងភ្ជុំបិណ្ឌឆ្នាំ២០២០គឺប្រព្រឹត្តចាប់ពីថ្ងៃទី១រោចដល់ថ្ងៃ១៤រោចខែភទ្របទត្រូវនិងថ្ងៃទី០៣រហូតដល់ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២០ដែលមានរយៈពេល១៥ថ្ងៃ ហើយក្នុងអំឡុងនៃពិធីបុណ្យនេះប្រជាពលរដ្ឋខ្មែរយ៉ាងច្រើនសន្ធឹកសន្ធាប់មានការជួបជុំគ្នានៅទីវត្តអារាមនិងរមណីយដ្ឋានកម្សាន្តផ្សេងទៀតដែលទាមទារឱ្យមានការប្រុងប្រយ័ត្នខ្ពស់ជំងឺឆ្លងកូវីដ១៩។ទោះបីជំងឺឆ្លងកូវីដ១៩នៅកម្ពុជាមានភាពធូរស្បើយក៏ពិតមែន។ជំងឺនេះនៅតែគម្រាមកំហែងប្រជាពលរដ្ឋកម្ពុជានៅឡើយនោះទេ។របាយការណ៍របស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងរបស់ក្រសួងសុខាភិបាលបានបង្ហាញឱ្យដឹងនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២០ ពុំបានរកឃើញករណីឆ្លងថ្មីនោះទេចំនួនអ្នកជំងឺជាសះស្បើយសរុប២៧៣នាក់និងនៅសម្រាកព្យាបាល០១នាក់នៅក្នុងមន្ទីរពេទ្យ។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បាន ឱ្យកម្លាំងនគរបាលក្រោមឱវាទបន្តយកចិត្តទុកដាក់ទទួលរាល់នូវសំណូមពររបស់ប្រជាពលរដ្ឋដែលប្តឹងរាយការណ៍ឱ្យជួយអន្តរាគមន៍ពីបញ្ហាសន្តិសុខហើយត្រូវចេញដោះស្រាយឱ្យទាន់ពេលវេលា។ជាងនេះថែមទៀតត្រូវមានអាកប្បកិរិយាទន់ភ្លន់ជាមួយប្រជាពលរដ្ឋនៅពេលដែលប្រជាពលរដ្ឋទៅដាក់ពា្យកបណ្តឹងរឺទៅធ្វើឯកសាររដ្ឋបាលផ្សេងៗ។

​ក្នុងពិធីនោះផងដែរ ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានណែនាំឱ្យ កម្លាំងនគរបាលបន្តអនុវត្តរឹតបង្តឹងច្បាប់ចរាចរណ៍ផ្លូវគោកឱ្យបានម៉ឺងម៉ាត់ដើម្បីកាត់បន្ថយបទល្មើសគ្រោះថ្នាក់ចរាចរណ៍ និងកាត់បន្ថយអ្នកស្លាប់,អ្នករងរបួស។រាជធានីភ្នំពេញបទល្មើសគ្រោះថ្នាក់ចរាចរណ៍នៅតែជាបញ្ហាប្រឈមកើតមានបណ្តាលមនុស្សស្លាប់និងរងរបួសជាបន្តបន្ទាប់និងក៏បានណែនាំឱ្យកម្លាំងនគរបាលចរាចរត្រូវពង្រឹងវិន័យនគរបាលជាតិឱ្យបានម៉ឺងម៉ាត់ និងត្រូវកែប្រែអាកប្បកិរាយឱ្យបានសមដោយកន្លងមកបានពិនិត្យឃើញថាមានមន្រ្តីនគរបាលចរាចរមួយចំនួនតូចនៅតែមានអាកប្បកិរិយានិងពាក្យសំដីមិនសមរម្យដាក់ទៅលើប្រជាពលរដ្ឋនិងក៏បានណែនាំឱ្យមន្រ្តីនគរបាលរាជធានីភ្នំពេញ ត្រូវធ្វើជាគំរូល្អក្នុងការចូលរួមគោរច្បាប់ចរាចរណ៍ជិះម៉ូតូពាក់មួកសុវត្ថិភាព បើករថយន្តពាក់ខ្សែក្រវ៉ាត់ និងគោរពភ្លើង ស្លាកសញ្ញាចរាចរណ៍។

​សូមបញ្ជាក់ថាពិធីប្រកាសផ្ទេរភារកិច្ចតែងតាំងមុខតំណែង និងបំពាក់ឋានន្តរសក្តិជូនដល់នាយនគរបាលនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានរៀបចំធ្វើឡើងនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញប្រព្រឹត្តទៅក្រោមអធិប តីភាពឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិ និងជាស្នងការនគរបាលរាជធានីភ្នំពេញតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម នាយឧត្តមសេនីយ៍សន្តិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិនិងវត្តមានឯកឧត្តម ឧត្តមសេនីយ៍ឯក ហុក ថាវណ្ណ អនុប្រធាននាយកដ្ឋានបុគ្គលិក តំណាងឯកឧត្តម នាយឧត្តមសេនីយ៍ ប៉ែន វិបុល អគ្គស្នងការរងនគរបាលជាតិ និងជាប្រធាននាយកដ្ឋានបុគ្គលិក។ ក្នុងពិធីនេះផងដែរក៏មានការអញ្ជើញចូលរួមពីលោកលោកស្រីស្នងការរង​ លោកនាយការិយាល័យជំនាញ​ លោកអធិការនៃអធិការដ្ឋាននគរបាលខណ្ឌទាំង១៤​។នាយនគរបាលចំនួន៨១រូបត្រូវបានប្រកាសផ្ទេរភារកិច្ច តែងតាំងមុខតំណែង បំពាក់ឋានន្តសក្តិ។ក្នុងនោះប្រកាសតែងតាំងមុខតំណែងនាយរងការិយាល័ អធិការរង នាយប៉ុស្តិ៍នគរបាលរដ្ឋបាល២៣រូប,តំឡើងឋានន្តរសក្តិថ្នាក់វរសេនីយ៍ទោ១៨រូប,ថ្នាក់វរសេនីយ៍ត្រី៣៥រូប និងប្រគល់ភារកិច្ចថ្មីជូនលោកស្នងការរងនិងមន្រ្តីសរុប០៥នាក់ទទួលការងារជំនួយដឹកនាំ កម្លាំងនគរបាលអន្តរាគមន៍ពិសេសនិងតម្រួតបទបទបញ្ជានៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ៕


Loading...