ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញត្រួតពិនិត្យពង្រឹងកម្លាំងការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព នៅតាមគោលដៅសំខាន់ៗក្នុងរាជធានីភ្នំពេញរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ បានអញ្ជើញចុះត្រួតពិនិត្យពង្រឹងកម្លាំងនគរបាលរាជធានីភ្នំពេញដែលកំពុងបំពេញភារកិច្ចឈរជើងតាមគោលដៅសំខាន់ៗនានានៅក្នុងរាជធានីភ្នំពេញដើម្បីការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាព ជូនប្រជាពលរដ្ឋនិងបង្ការទប់ស្កាត់បទល្មើសគ្រប់ប្រភេទនិងការចេញដោះស្រាយសុវត្ថិភាពចរាចរណ៍នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។គ្រាដែលគេមើលឃើញថាក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះការពង្រឹងសន្តិសុខពីសំណាក់កម្លាំងនគរបាលរាជធានីភ្នំពេញបានការពារនិងធានាសន្តិសុខសុវត្ថិភាពសង្គមល្អប្រសើរ។បទល្មើសកើតឡើងតិចតួចប៉ុណ្ណោះក្នុងតំណាក់កាលកងកម្លាំងចុះពង្រឹងសន្តិសុខ។ក្នុងនោះបទល្មើសព្រហ្មទណ្ឌកើត០១ករណីអំពើឆក់កាបូបប្រជាពលរដ្ឋនៅខណ្ឌបឹងកេងកង។

ជនសង្ស័យ០១នាក់ត្រូវបាននគរបាលខណ្ឌបឹងកេងកងចាប់ខ្លួនចាត់ការតាមផ្លូវច្បាប់និងកើតឡើងអំពើលួចស្លាកលេខរថយន្ត០១ករណីនៅខណ្ឌមានជ័យ។ជនសង្ស័យ០១ក៏ត្រូវបានកម្លាំងនគរបាលខណ្ឌមានជ័យបង្រ្កាបចាប់ខ្លួនបានផងដែរ។ដោយឡែកការងារសណ្តាប់ធ្នាប់សុវត្ថិភាពចរាចរណ៍រយៈពេល២៤ម៉ោងចុងក្រោយនេះផងដែរគឺកម្លាំងនគរបាលចេញដោះស្រាយសម្រួលចរាចរណ៍ឱ្យប្រជាពលរដ្ឋធ្វើដំណើរទៅលេងស្រុកកំណើតនិងទៅវត្តរាមនានាក្នុងរាជធានីភ្នំពេញបានយ៉ាងរលូនទទួលបានសុខសុវត្ថិភាព។បទល្មើសគ្រោះថ្នាក់ចរាចរណ៍កើតឡើងចំនួន០៥លើក ប៉ុន្តែគ្មានអ្នកស្លាប់នោះទេគឺមានតែអ្នករងរបួសធ្ងន់និងស្រាលសរុប០៨នាក់។

នៅក្នុងឱកាសអញ្ជើញចុះត្រួតពិនិត្យកម្លាំងនៅតាមគោលដៅក្នុងរាជធានីភ្នំពេញនិងកម្លាំងតាមបណ្តាប៉ុស្តិ៍រដ្ឋបាលមួយចំនួន ក្នុងខណ្ឌច្បារអំពៅ ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត ក៏បានណែនាំឱ្យកងកម្លាំងនគរបាលក្រោមឱវាទទាំងអស់ ត្រូវបំពេញភារកិច្ចគោរពអនុវត្តឱ្យបានត្រឹមត្រូវវិន័យកងកម្លាំងនគរបាលជាតិ ដោយការអនុវត្តការងារពង្រឹងសន្តិសុខសូមយកចិត្តទុកដាក់ខ្ពស់បំផុតក្នុងស្មារតីទទួលខុសត្រូវមិនត្រូវធ្វេសប្រហែសនោះឡើយធ្វើយ៉ាងណាការពារសន្តិសុខ ថែរក្សាសណ្តាប់ធ្នាប់សុវត្ថិភាព ជូនប្រជាពលរដ្ឋនៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ ឱ្យបានសុខសុវត្ថិភាពល្អ។ឯកឧត្តម អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឧបត្ថម្ភនូវថវិកា សម្ភារៈមួយចំនួនជូនដល់កងកម្លាំងនគរបាលក្រោមឱវាទដែលបានខិតខំបំពេញបេសកម្មការងារការពារសន្តិសុខថែរក្សាសណ្តាប់ធ្នាប់ សុវត្ថិភាពសង្គម នៅក្នុងរដូវបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ។

សូមបញ្ជាក់ថានៅថ្ងៃដដែលនេះផងដែរ លោកលោកស្រីស្នងការរងតំណាងឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញក៏បានអញ្ជើញចុះត្រួតពិនិត្យពង្រឹងកម្លាំងនៅតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ ហើយក៏នាំយកនូវ ថវិកាសម្ភារៈមួយចំនួនផ្តល់ជូនកងកម្លាំងនគរបាលតាមបណ្តាអធិការដ្ឋាននគរបាលខណ្ឌទាំងអស់នោះផងដែរ៕

Loading...