ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អញ្ជើញសាកសួរសុខទុក្ខនិងឧបត្ថម្ភថវិកា២លានរៀលជូនមន្រ្តីនគរបាលអង្គភាពអន្តរាគមន៍០១នាក់រងគ្រោះថ្នាក់ចរាចរណ៍នៅពេលចុះបេសកកម្មការងារ

ភ្នំពេញ៖ ​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញនៅព្រឹកថ្ងៃសៅរ៍ទី២៤ ខែតុលា ឆ្នាំ២០២០ រួមនិងសហការី បានអញ្ជើញសាកសួរសុខទុក្ខមន្រ្តីនគរបាល០១នាក់បំរើការងារនៅក្នុងអង្គភាពអន្តរាគមន៍នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងសម្រាកព្យាបាលជំងឺមុខរបួសនៅផ្ទះស្ថិតនៅសង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ ដោយជួបគ្រោះថ្នាក់ចរាចរណ៍នៅពេលបំពេញបេសកកម្មការងារកាលពីកន្លងទៅថ្មីៗនេះ។

ក្នុងឱកាសអញ្ជើញសាកសួរសុខទុក្ខឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានលើកទឹកចិត្តឧបត្ថម្ភថវិកាចំនួន២លានរៀលនិងសម្ភារៈមួយចំនួនធំជូនគ្រួសារមន្រ្តីនគរបាលរងគ្រោះលោកព្រិន្ទបាលទោឡុង រ័ត្នមុន្នី ដើម្បីជួយដោះស្រាយក្នុងការចំណាយថ្លៃព្យាបាលមុខរបួស។

​ឯកឧត្តម ឧត្តមសេនីយ៍ឯក ស ថេត បានមានប្រសាសន៍សំណេះសំណាលជាមួយក្រុមគ្រួសារនិងមន្រ្តីនគរបាលរងគ្រោះលោកព្រិន្ទបាលទោ ឡុង រ័ត្នមុន្នី ដោយបានចូលរួមសោកស្តាយដែលធ្វើដំណើរនៅពេលបេសកកម្មការងារជួបនូវឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យរងរបួសនិងក៏បានលើកទឹកចិត្តត្រូវពង្រឹងស្មារតីឱ្យបានរឹងមាំខិតខំប្រឹងប្រែងថែរក្សាសុខភាពនិងជូនពរឆាប់ជាសះស្បើយពីរបួសដើម្បីមកបំពេញភារកិច្ចបំរើប្រជាពលរដ្ឋនៅពេលឆាប់ខាងមុខនេះ។

​ឯកឧត្តមអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញ ក៏បានមានប្រសាសន៍ទៀតថា ជានិច្ចកាលមន្រ្តីនគរបាល ក្រោមឱវាទដែលមានទុក្ខលំបាកខ្វះខាតក្នុងជីវភាពនិងមានបញ្ហាជម្ងឺរ៉ាំរ៉ៃក៏ដូចជារងគ្រោះដោយឧបទ្ទវហេតុណាមួយនៅពេលបំពេញភារកិច្ចតែងតែចុះសាកសួរសុខទុក្ខនិងឧបត្ថម្ភថវិកាដើម្បីលើកទឹកចិត្តពួកគាត់ក្នុងការជួយដោះស្រាយបញ្ហាលំបាកក្នុងជីវភាពគ្រួសារនគរបាលនិងជាការផ្សាភ្ជាប់មនោសញ្ចេតនាអាណិតស្រលាញ់ក៏ដូចជាការតបស្នងដែលបងប្អូនបានលះបង់កម្លាំងកាយចិត្តបំពេញភារកិច្ចការពារសន្តិសុខ រក្សាសណ្តាប់ធ្នាប់នាំមកនូវសុខសុវត្ថិភាព ស្ថិរភាពក្នុងសង្គម៕

Loading...