២០នាក់ស្លាប់និង៤០ នាក់រងរបួសក្នុងការវាយឆ្មក់តាមអាកាសទៅលើពិធីអាពាហ៍ពិពាហ៍មួយនៅយេម៉ែន

ក្រុមជួយសង្គ្រោះបានប្រាប់ AFP កាលពីថ្ងៃចន្ទថា យ៉ាងហោចណាស់មនុស្ស២០នាក់បានស្លាប់ និង ៤០ នាក់ទៀតបានរងរបួស នៅក្នុងការវាយឆ្មក់តាមអាកាស ទៅលើពិធីជប់លៀងអាពាហ៍ពិពាហ៍មួយ នៅក្នុងប្រទេសយេម៉ែន។

ក្រុមឧទ្ទាម ហ៊ូទី ដែលគ្រប់គ្រងតំបន់ភាគខាងជើងយេម៉ែន បានបន្ទោសការវាយប្រហារកាលពីថ្ងៃអាទិត្យនោះថា ជាទង្វើរបស់ក្រុមសម្ព័ន្ធភាពអារ៉ាប់ ដឹកនាំដោយអារ៉ាប់ប៊ីសាអ៊ូឌីត គាំទ្ររដ្ឋាភិបាលរបស់ប្រទេសយេម៉ែនបច្ចុប្បន្ន ។

ក្រុមជួយសង្គ្រោះបាននិយាយថា ពិធីអាពាហ៍ពិពាហ៍មួយបានកើតឡើងនៅក្នុងតំបន់ Bani Qais ដែលគ្រប់គ្រងដោយក្រុម Huthi ខេត្ត Hajjah ភាគខាងជើងទីក្រុង Sanaa នៅពេលដែលយន្តហោះបានវាយឆ្មក់ពីលើដែនអាកាស ។

គ្រូពេទ្យគ្មានព្រំដែន (MSF) បាននិយាយនៅលើប្រព័ន្ធ Twitter ថា មន្ទីរពេទ្យមួយដែលខ្លួនបានជួយគឺនៅក្នុងមន្ទីរពេទ្យ Hajjah បានទទួលព្យាបាលយ៉ាងតិច៤០ នាក់ដែលរងរបួសនៅក្នុងការវាយប្រហារតាមអាកាស ។

អង្គការ MSF បាននិយាយថា “ក្រុមគ្រូពេទ្យកំពុងធ្វើការនៅជុំវិញនោះដើម្បីជួយដល់ជនរងគ្រោះ” ។

ទូរទស្សន៍ Huthi-Al-Masirah បានផ្សាយថា យ៉ាងហោចណាស់មនុស្ស ៣៣នាក់បានស្លាប់ និង ៥៥នាក់ទៀត បានរងរបួសនៅក្នុងការវាយឆ្មក់តាមអាកាសនេះ ។

សេចក្តីថ្លែងការណ៍បាននិយាយថា ចំនួនកុមារ និងស្ត្រីដែលមិនបានបញ្ជាក់ច្បាស់លាស់ក្នុងចំណោមអ្នកដែលត្រូវបានសំលាប់នោះឡើយ ក្រៅតែពីកុមារយ៉ាងហោចណាស់៣០នាក់ ក្នុងចំណោមអ្នករងរបួសនោះ ។

អ្នកនាំពាក្យរបស់កងកម្លាំងសម្ព័ន្ធមិត្តអារ៉ាប លោកវរសេនីយ៍ឯក Turki al-Malki មិនបានឆ្លើយតបភ្លាមៗនោះឡើយ ចំពោះសំណើសុំការបំភ្លឺពីឧបទ្ទវហេតុខាងលើនេះ ។

អារ៉ាប់ប៊ីសាអូឌីតបានចាប់ផ្តើមបង្កើតសម្ព័ន្ធមិត្តអារ៉ាប់នៅក្នុងខែមីនា ឆ្នាំ២០១៥ ដើម្បីប្រយុទ្ធប្រឆាំងនឹងពួកឧទ្ទាម Huthis ដែលគាំទ្រដោយប្រទេសអ៊ីរ៉ង់ ជាប្រទេសជិតខាងនៅភាគខាងត្បូងរបស់ខ្លួន និងបានស្តារឡើងវិញនូវរដ្ឋអំណាចរដ្ឋាភិបាលយេម៉ែនមួយដែលទទួលស្គាល់ជាអន្តរជាតិ។

ចាប់តាំងពីពេលនោះមក មនុស្សជិត ១០.០០០ នាក់ត្រូវបានសម្លាប់នៅក្នុងជម្លោះនេះ ហើយដែលអង្គការសហប្រជាជាតិបានហៅថា ជាវិបត្តិមនុស្សធម៌ដ៏អាក្រក់បំផុតរបស់ពិភពលោក ៕ សុរ្ម័ន

 

Loading...