២៣នាក់ស្លាប់ដោយសារព្យុះធូលីដ៏ខ្លាំងក្លា និងមានភ្លៀងធ្លាក់ខ្លាំងនៅឥណ្ឌា

យ៉ាងតិច២៣នាក់បានស្លាប់ដោយសារព្យុះធូលី លាយឡំភ្លៀងធ្លាក់ខ្លាំង និងរន្ទះបាញ់ នៅផ្នែកខ្លះនៃឥណ្ឌាកាលពីថ្ងៃអាទិត្យ ។ មនុស្សជាង៤០នាក់ផ្សេងទៀតបានរងរបួសផងដែរ ។ នៅក្នុងខែនេះ អ្នកស្លាប់ដោយសារខ្យល់ព្យុះនៅឥណ្ឌាបានកើនដល់១៥៧នាក់។

មន្ត្រីរដ្ឋាភិបាលលោក Avneesh Awasthi បានឲ្យដឹងថា ព្យុះធូលីនេះមានល្បឿនខ្យល់៧០គីឡូម៉ែត្រក្នុងមួយម៉ោង បានបំផ្លាញលំនៅដ្ឋានរាប់សិបខ្នង និងដើមឈើរលើងទាំងគល់ និងបាក់បង្គោលភ្លើងរាយប៉ាយ នៅភាគខាងជើងរដ្ឋ Uttar Pradesh ។ លោកថា មនុស្ស៩នាក់ស្លាប់ និង២៣នាក់របួសនៅទីតាំងដោយឡែកពីគ្នា ។

កាសែត Press Trust of India រាយការណ៍ថា មនុស្ស២នាក់ទៀតស្លាប់ និង១៨នាក់បានរងរបួសនៅក្នុងរដ្ឋធានីញូវដែលី ។ ប្រភពបន្តថា មនុស្ស១២ នាក់ស្លាប់ដោយសាររន្ទះបាញ់ ក្នុងសង្កាត់ Howrah ភាគខាងលិចទីក្រុង Midnapore និងសង្កាត់ Pagana ខាងជើងនៃ រដ្ឋ West Bengal ។

ព្យុះធូលីនេះក៏បានបោកបក់នៅលើផ្នែកខ្លះនៃ រដ្ឋ Andhra Pradesh ភាគខាងត្បូងផងដែរ ។

ព្យុះធូលីនិងខ្យល់ព្យុះស្រដៀងគ្នានេះដែរ កាលពីពីរសប្តាហ៍មុនបានបណ្ដាលឱ្យមនុស្ស២០០នាក់រងរបួសនៅក្នុងរដ្ឋឥណ្ឌាចំនួន៥ ។

៨២នាក់បានស្លាប់ ស្ថិតក្នុងរដ្ឋ Uttar Pradesh ភាគខាងជើង ដោយសារទទួលរងការវាយប្រហារខ្លាំងបំផុតពីខ្យល់ព្យុះ ។ ខ្យល់ព្យុះនេះបានធ្វើឲ្យប៉ះពាល់ដល់ជីវិតរស់នៅរបស់ប្រជាជនជាង១០០ លាននាក់ បាត់បង់សត្វពាហនៈ និងផលដំណាំផ្សេងៗ ។

សាលារៀននិងមហាវិទ្យាល័យនៅតែបន្តបិទទ្វារអស់ជាច្រើនថ្ងៃមកហើយនៅតាមស្រុកមួយចំនួន ៕

 

 

 

Loading...