​ក្រុមហ៊ុន​ទ្រី​ភាព​កាប់​ទាំង​ឈើ​ បំផ្លាញ​ទាំង​ផ្លូវ​


ខេត្ដក្រចេះ​ ៖​ ក្រុមហ៊ុន​ ទ្រី​ភាព​ គ្រុប​ ដែល​កំពុង​ធ្វើ​ជំនួញ​ឈើ​ ដ៏​ធំ​ជាងគេ​នៅ​ប្រទេស​កម្ពុជា​ បាន​ប្រើប្រាស់​រថយន្ត​ ផ្ទុក​លើស​ទម្ងន់​ បំផ្លាញ​ផ្លូវជាតិ​ជា​ហូ​ហែ​ ហើយ​កាលពី​ល្ងាច​ ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ រថយន្ដ​ដឹកឈើ​ ប្រភេទ​សុ​ក្រំ​ និង​ឈើ​ ធើ្វ​ផ្ទះ​ ចំនួន​ ៥​ យី​ឌុ​ប​ របស់​ក្រុមហ៊ុន​ ទ្រី​ភាព​ គ្រុប​ ត្រូវ​បាន​សមត្ថកិច្ច​ចម្រុះ​ ឃាត់​ចាប់​នៅ​ខេត្ដក្រចេះ​ ក្នុង​បទល្មើស​ជាក់ស្ដែង​ ដោយ​ផ្ទុក​លើស​ទម្ងន់​ ក្នុង​ ១​រថយន្ដ​ លើស​ចាប់ពី​ ២០​តោន​ ទៅ​ ៣០​តោន​ ខណៈ​យក​មក​ថ្លឹង​ ជាក់ស្ដែង​ ។​

 

ក្រុម​មន្ត្រី​បាន​ចាត់​ទុក​ថា​ ការ​ដឹក​ជញ្ជូន​បែប​នេះ​ គឺជា​ចេតនា​បំផ្លាញ​ផ្លូវជាតិ​ ហើយ​បើ​យោង​តាម​ច្បាប់​ ត្រូវ​តែ​បង់​ពិន័យ​ និង​តម្រូវ​ឱ្យ​ម្ចាស់​ក្រុមហ៊ុន​ លើក​ឈើ​ចេញពី​រថយន្ដ​ ដែល​ផ្ទុក​លើស​ទម្ងន់​។​ ក្រុម​មន្ត្រី​បាន​បញ្ចា​ក់ថា​ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ មាន​ក្រុម​សម្ងាត់​ បាន​ផ្ដល់​ព័ត៌មាន​ថា​ រថយន្ដ​យី​ឌុ​ប​ជា​ច្រើន​គ្រឿង​ របស់​ក្រុមហ៊ុន​ ទ្រី​ភាព​ គ្រុប​ បាន​ដឹកឈើ​ផ្ទុក​លើស​ទម្ងន់​ ចេញពី​ទឹកដី​ខេត្ដស្ទឹងត្រែង​ ឆ្លងកាត់​ស្ថានីយ​ ជញ្ជីង​ថ្លឹង​រថយន្ដ​ នៅ​ចំណុច​ផ្លូវបំបែក​ អូរ​ពងមាន់​ ខេត្ដស្ទឹងត្រែង​ ក្នុង​ចម្ងាយ​ជិត​ ២០​គីឡូម៉ែត្រ​។

 

​ ពេល​នោះ​សមត្ថកិច្ច​ចម្រុះ​ បាន​ចេញ​ល្បាត​ដើម្បី​តាម​ឃាត់​ រថយន្ត​ទាំងនោះ​ ប៉ុន្ដែ​រថយន្ដ​យី​ឌុ​ប​ ដែល​ផ្ទុក​លើស​ទម្ងន់​ ទំនងជា​ដឹងខ្លួន​មុន​ ទើប​ខាង​ក្រុមហ៊ុន​ ទ្រី​ភាព​ គ្រុប​ បញ្ជា​ឱ្យ​អ្នកបើកបរ​ គេច​ចូល​ទៅ​តាម​ផ្លូវលំ​ នៅ​ក្នុង​ព្រៃ​ដើម្បី​លាក់ខ្លួន​។​ រហូត​ដល់​ល្ងាច​ថ្ងៃ​ដដែល​ សមត្ថកិច្ច​ចម្រុះ​ ក៏​បាន​ប្រទះ​ឃើញ​ រថយន្ដ​យី​ឌុ​ប​ទាំង​ ៥​គ្រឿង​ បើក​គេច​ទៅ​ចត​ នៅ​ក្នុង​ក្រុមហ៊ុន​វាយ​ថ្ម​មួយ​កន្លែង​ ស្ថិត​នៅ​ក្នុង​ឃុំ​អូរ​ក្រៀង​ ស្រុក​សំបូរ​ ខេត្ដក្រចេះ​ ទើប​សមត្ថកិច្ច​ កោះហៅ​អ្នក​បើក​ រថយន្ដ​ដឹកឈើ​ទាំងនោះ​ ឲ្យ​យក​មក​ថ្លឹង​តាម​នីតិវិធី​ រក​ឃើញ​ថា​ ក្រុមហ៊ុន​ ទ្រី​ភាព​ បាន​ផ្ទុក​ លើស​ទម្ងន់​ ក្នុង​ ១​រថយន្ដ​ ចាប់ពី​ ២០​តោន​ ទៅ​ ៣០​តោន​ ឯណោះ​។​ មន្ដ្រី​រដ្ឋបាល​ព្រៃឈើ​ ពុំ​ទាន់​បាន​ធើ្វ​អត្ថាធិប្បាយ​ ជុំវិញ​ការ​ដឹក​ជញ្ជូន​ឈើ​ ដែល​ផ្ទុក​លើស​ទម្ងន់​នេះ​ថា​ មានច្បាប់​ទាំងអស់​ ឬ​បន្លំ​ក្នុង​កម្រិត​ណា​ទេ​ ព្រោះ​ម្នាក់ៗ​ មិន​ហ៊ាន​ឆ្លើយ​ ជាមួយ​អ្នកកាសែត​ ដោយ​ខ្លាច​អំណាច​ឧកញ៉ា​ ទ្រី​ ភាព​ និង​ខ្លាច​បែកឆ្នាំង​បាយ​ផង​។

​ គួរ​រំលឹក​ថា​ ក្រុមហ៊ុន​ ទ្រី​ភាព​ របស់​ឧកញ៉ា​ ទ្រី​ ភាព​ រួម​ជាមួយ​ក្រុមហ៊ុន​ ជា​ច្រើន​ទៀត​ កំពុង​មាន​អាស្រូវ​ ក្នុង​មុខ​ជំនួញ​ឈើ​ខុសច្បាប់​ និង​ដឹក​ជញ្ជូន​ផ្ទុក​លើស​ទម្ងន់​ បំផ្លាញ​ស្ពាន​ បង្ក​ទុក្ខសោក​ដល់​ប្រជាពលរដ្ឋ​ នៅ​ទូ​ទាំង​ប្រទេស​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *