​ក្រុមហ៊ុន SpaceX &The Boring Co. នឹងបញ្ជូន​វិស្វកររបស់ខ្លួនមកជួយអ្នកជាប់ក្នុងរូងភ្នំទាំង ១៣នាក់

នាយប្រតិបត្តិ​ក្រុមហ៊ុន SpaceX &The Boring Co. លោក អេឡន ម៉ាសក៍ (Elon Musk) បានប្រកាថា នឹងបញ្ជូនក្រុម​វិស្វករជំនាញ របស់លោកឱ្យទៅចូលរួមក្នុងប្រតិបត្តិការ​ជួយសង្រ្គោះ​ក្មេងប្រុស​ទាំង១២នាក់ និងគ្រូបង្វឹក​បាល់ទាត់របស់ពួកគេម្នាក់ ចេញពីរូងភ្នំថាំលួង នៅភាគខាងជើង​ប្រទេសថៃ ក្រោយជាប់រូង​ភ្នំនោះអស់ជាង ១៤ថ្ងៃមកនេះ។ នេះបើតាម​ការចេញផ្សាយ​ដោយ​សារព័ត៌មាន Space.com នៅព្រឹកថ្ងៃសៅរ៍ ទី០៧ ខែកក្កដា ឆ្នាំ២០១៨។

ថ្លែងនៅលើ Twitter​ របស់ខ្លួន​លោក Elon Musk បានគូស​បញ្ជាក់យ៉ាងដូច្នេះថា «ក្រុមវិស្វករជំនាញ​មកពី SpaceX & Boring Co នឹងធ្វើដំណើរ​ទៅកាន់ប្រទេសថៃ​នៅថ្ងៃ​ស្អែកនេះ (សៅរ៍នេះ) ដើម្បីពិនិត្យថា ពួកគេអាចជួយ​អ្វីខ្លះដល់រដ្ឋាភិបាល​ថៃ ក្នុងការជួយ សង្រ្គោះមនុស្ស​ទាំង ១៣នាក់ ចេញពី​រូងភ្នំ»។

គួររំលឹកថា ក្មេងប្រុស​ទាំង ១២នាក់ មានអាយុ​​ចន្លោះពី​ឆ្នាំ ១១ឆ្នាំ ដល់ ១៦ឆ្នាំ និងគ្រួបង្វឹកបាល់ទាត់របស់ពួកគេម្នាក់អាយុ ២៥ឆ្នាំ ត្រូវបានគេរកឃើញថា នៅមានជីវិតក្រោម​ប៉ុន្តែស្ថិតក្នុងអការៈស្គមស្គាំង នៅក្នុងរូងភ្នំថំាលួង នៅឯខេត្តឈៀងរ៉ាយ នៃភាគខាងជើង​ប្រទេសថៃ កាលពីថ្ងៃចន្ទ ក្រោយជាប់ក្នុងរូងភ្នំថំាលួង ចាប់តាំង​ពីថ្ងៃទី២៣ ខែមិថុនាមក។

ដោយឡែកបើតាមអាជ្ញាធរថៃ ក្នុងចំណោម​មធ្យោបាយ​ជួយសង្រ្គោះ​ ក្នុងនោះរួមមាន​ការបង្រៀនអ្នក​ទាំង ១៣នាក់ ពីរបៀបជ្រមុជ និងហែលទឹក ការផ្សងព្រេងដ៏គ្រោះថ្នាក់, របៀបរស់នៅក្នុងរូងភ្នំរយៈពេលយូរ រហូតដល់រដូវភ្លៀងបញ្ចប់ ឬទឹកស្រក ប៉ុន្តែស្ថានការណ៍នៅតែមិនមាន​ភាពអំណោយ​ផលនោះឡើយ ដូច្នេះបាន​ជាមាន​ក្រុម​ជំនាញ​ពីអន្តរជាតិបន្ថែម​ទៀត ដូចជាមកពីជប៉ុន និង SpaceX ចូល​រួមជួយ៕

Loading...