​គណបក្សកាន់អំណាច​កូរ៉េ​ខាងត្បូង​របស់​លោកស្រី​ផាក​ យុង​ហេ​ ចាញ់​អាសនៈ​គណបក្សប្រឆាំង​

​គណបក្សប្រឆាំង​កូរ៉េ​ខាងត្បូង​ ស្រាប់តែ​ទទួល​បាន​ជ័យជម្នះ​លើ​គណបក្សកាន់អំណាច​ក្នុង​លទ្ធផល​១២៣​សំឡេង​ លើ​១២២​សំឡេង​ប៉ុណ្ណោះ​ ស្ថិត​នៅ​ក្នុង​ការ​បោះ​ឆ្នោត​សភា​កាលពី​ថ្ងៃ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០១៦​ ។​

​គណបក្សកាន់អំណាច​កូរ៉េ​ខាងត្បូង​ Saenuri​ Party​ បាន​ប្រកាស​ទទួលស្គាល់​បរាជ័យ​របស់​ខ្លួន​ដោយ​បញ្ជាក់​ថា​ ប្រជាពលរដ្ឋ​មានការ​មិន​ពេញចិត្ត​ចំពោះ​ការ​ដឹកនាំ​របស់​គណបក្ស​ Saenuri​ ហើយ​គណបក្ស​ Saenuri​ ធ្វើ​មិន​បាន​សម្រេច​នូវ​អ្វី​ដែល​ពួក​គាត់​ចង់បាន​។​

​អាសនៈ​ក្នុង​សភា​កូរ៉េ​ខាងត្បូង​មាន​សរុប​៣០០​អាសនៈ​ ក្នុង​នោះ​ការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​១៣​ ខែមេសា​ តាម​លទ្ធផល​បញ្ជាក់​ថា​ គណបក្សប្រឆាំង​ Minjoo​ Party​ ទទួល​បាន​សំឡេង​១២៣​អាសនៈ​ រីឯ​គណបក្សកាន់អំណាច​របស់​លោកស្រី​ផាក​ យុង​ហ​ (Park​ Geun-hye)​ ទទួល​បាន​សំឡេង​១២២​អាសនៈ​ ។​ ចំណែក​អាសនៈ​សេសសល់​គឺ​បាន​ទៅ​លើ​គណបក្ស​តូចៗ​ផ្សេង​ទៀត​ ។​

​នេះ​ជា​ជ័យជម្នះ​មួយ​ដែល​គណបក្សប្រឆាំង​របស់​កូរ៉េ​ខាងត្បូង​មិន​នឹក​ស្មាន​ដល់​ ។​ គណបក្ស​នេះ​បាន​ទទួល​សំឡេង​គាំទ្រ​ថ្មី​កើនឡើង​រហូត​ដល់​៣៦​អាសនៈ​ ហើយ​នេះ​ជា​ការ​វែកផ្លូវ​មួយ​យ៉ាង​សំខាន់​នៅ​ក្នុង​ការ​បោះ​ឆ្នោត​ប្រធានាធិបតី​ ដែល​គ្រោង​ធ្វើ​នៅ​ឆ្នាំ​២០១៧​ ហើយ​គណបក្សប្រឆាំង​មាន​សង្ឃឹម​ច្រើន​នោះ​ ។​

​លោក​ Ahn​ Hyung-Hwan​ អ្នកនាំពាក្យ​គណបក្សកាន់អំណាច​ Saenuri​ Party​ បាន​ប្រកាស​ថា​ គណបក្ស​របស់​លោក​ព្រម​ទទួលយក​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​នេះ​ ។​ ប្រជាពលរដ្ឋ​មិន​សប្បាយចិត្ត​ជាមួយនឹង​យើង​ ហើយ​យើង​មិន​បាន​ដោះស្រាយ​បាន​តាម​អ្វី​ដែល​ពួក​គាត់​ចង់បាន​ ។​

​នេះ​ជា​លើក​ទី​មួយ​ហើយ​ ចាប់តាំងពី​ឆ្នាំ​១៩៩៩​មក​ ដែល​គណបក្សកាន់អំណាច​អភិរក្ស​ទទួល​បរាជ័យ​គ្រប់គ្រង​ក្នុង​សភា​ ។​ សភា​កូរ៉េ​ខាងត្បូង​មាន​គណបក្សប្រឆាំង​រហូត​ដល់​៣​ ហើយ​បើ​បូក​សរុប​បញ្ចូល​គ្នា​ គឺ​មាន​អាសនៈ​ទាំងអស់​១៦៧​ គឺជា​សំឡេង​ភាគច្រើន​ ។​

​នេះ​ជា​លទ្ធផល​បណ្តោះអាសន្ន​ ដែល​លទ្ធផល​ផ្លូវការ​នឹង​ផ្សព្វផ្សាយ​នៅ​ពេល​ក្រោយ​ ។​ អ្នកបោះឆ្នោត​បាន​ចេញ​ទៅ​គូស​សន្លឹក​ឆ្នោត​មាន​ប្រមាណ​៥៨​ភាគរយ​ កើន​៣.៨​ភាគរយ​កាលពី​ការ​បោះ​ឆ្នោត​ក្នុង​ឆ្នាំ​២០១២​ ។​

​សាស្ត្រាចារ្យ​សាកលវិទ្យាល័យ​កូរ៉េ​ខាងជើង​ លោក​ Yang​ Moo-Jin​ បាន​ប្រាប់​ AFP​ ថា​ អ្នកបោះឆ្នោត​មានការ​ប្រឆាំង​ជំទាស់​ចំពោះ​ប្រធានាធិបតី​ ផាក​ យុង​ហេង​ ដោយសារ​តែ​ពួក​គេ​ធុន​ទ្រាន់​ទៅ​នឹង​របៀប​ដឹកនាំ​ និង​រដ្ឋបាល​របស់​លោកស្រី​ ។​ លោកស្រី​បាន​ខកខាន​ មិន​បាន​ធ្វើ​តាម​ការ​សន្យា​ដែល​ថា​ ជួយ​ជ្រោង​សេដ្ឋកិច្ចជាតិ​ឲ្យ​បាន​ល្អ​ប្រសើរ​នោះ​ផង​ដែរ​ ។​

​អំណាច​នយោបាយ​នៅ​កូរ៉េ​ខាងត្បូង​ប្រមូលផ្តុំ​តែ​ទៅ​លើ​ប្រធានាធិបតី​ប៉ុណ្ណោះ​ ។​ រដ្ឋធម្មនុញ្ញ​កូរ៉េ​ខាងត្បូង​ចែង​ថា​ ប្រធានាធិបតី​មាន​សិទ្ធិ​កាន់​អំណាច​តែ​មួយ​អាណត្តិ​ប៉ុណ្ណោះ​ដែល​មាន​រយៈពេល​៥​ឆ្នាំ​ ។​ ការ​មិន​ពេញចិត្ត​ចំពោះ​លោកស្រី​ផាក​ យុង​ហេ​ ភាគច្រើន​ស្ថិត​នៅ​ក្នុង​ចំណោម​ក្រុម​យុវជន​អាយុ​ចន្លោះ​ពី​១៥​ឆ្នាំ​ដល់​២៩​ឆ្នាំ​ ដែល​អត់​ការងារ​ធ្វើ​ ។​

​សេដ្ឋកិច្ច​កូរ៉េ​ខាងត្បូង​ ក្រោម​ការ​ដឹកនាំ​របស់​លោកស្រី​ ផាក​ យុង​ហេ​ មាន​សន្ទុះ​កើនឡើង​មធ្យមភាគ​ពី​២.៩​ភាគរយ​ ខណៈ​ដែល​សន្ទុះ​កើនឡើង​៣.៩​ភាគរយ​ ស្ថិត​ក្រោម​ការ​ដឹកនាំ​របស់​អតីត​ប្រធានាធិបតី​ លី​ ម្យ៉ុ​ង​បាក់​ ៕​ សុមេធ​

korea-ballot-box-data

Loading...

Leave a Reply

Your email address will not be published. Required fields are marked *