​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​លាក់​ថ្នាំ​ញៀន​ក្នុង​អាវទ្រនាប់​បម្រុង​នាំ​ចូល​ទៅ​ឲ្យ​ទណ្ឌិត​ក្នុង​គុក​ត្រពាំង​ផ្លុ​ង​

​ខេត្ត​ត្បូងឃ្មុំៈ​ ស្ត្រី​សង្ស័យ​ម្នាក់​ត្រូវ​បាន​កម្លាំង​មន្ត្រី​អនុរក្ស​មណ្ឌល​កែប្រែ​ទី​៣(​ត្រពាំង​ផ្លុ​ង​)​ សហការ​ជាមួយ​កម្លាំង​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​ចាប់ខ្លួន​កាលពី​វេលា​រសៀល​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ បន្ទាប់​ពី​សមត្ថកិច្ច​ឆែកឆេរ​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​ស​ទម្ងន់​៣៦​ក្រាម​ លាក់​ទុក​ក្នុង​អាវទ្រនាប់​បម្រុង​នាំ​ចូល​ទៅ​ឲ្យ​ទណ្ឌិត​ដែល​កំពុង​ជាប់​ឃុំខ្លួន​ក្នុង​ពន្ធនាគារ​។​

​លោក​ជា​ ជឿន​ នាយការិយាល័យ​នគរបាល​ប្រឆាំង​គ្រឿងញៀន​ខេត្ត​ត្បូងឃ្មុំ​បាន​ឲ្យ​ដឹង​ថា​ ការ​ធ្វើ​ចរាចរ​ជួញដូរ​ថ្នាំ​ញៀន​បាន​ហូរ​ចូល​តាំងពី​ទីក្រុង​ ទីប្រជុំជន​រហូត​ដល់​ជនបទ​ ហើយ​សូ​ម្បី​តែ​ក្នុង​មណ្ឌល​កែប្រែ​(​ពន្ធនាគារ​)​ ក៏​នៅ​មាន​ជនខិលខូច​ប្រើ​គ្រប់​ល្បិច​គ្រប់​វិធី​ដើម្បី​ជួញដូរ​ថ្នាំ​ញៀន​នេះ​ដែរ​។​

​ដើម្បី​ទប់ស្កាត់​ការ​ធ្វើ​ចរាចរ​គ្រឿងញៀន​ខាងលើ​នេះ​ លោក​ឧត្តមសេនីយ៍ត្រី​ ម៉ៅ​ ពៅ​ បាន​ចាត់វិធានការ​ឲ្យ​នគរបាល​ក្រោម​ឱវាទ​ស្រាវជ្រាវ​ បង្ក្រាប​ និង​ចាប់ខ្លួន​ជន​ប្រព្រឹត្ត​ប​ណ្ជូ​ន​ទៅ​តុលាការ​ដើម្បី​វិនិច្ឆ័យ​ទោស​ដាក់​ពន្ធនាគារ​។​

​លោក​ ជា​ ជឿន​ បាន​បន្ត​ថា​ នៅ​រៀងរាល់ថ្ងៃ​ កម្លាំង​សមត្ថកិច្ច​បាន​សហការ​ជាមួយ​អនុរក្ស​ពន្ធនាគារ​ត្រពាំង​ផ្លុ​ង​ដើម្បី​ត្រួតពិនិត្យ​រក​សារធាតុ​គ្រឿងញៀន​។​ នៅ​ថ្ងៃ​ទី​១៦​ ខែកុម្ភៈ​ កម្លាំង​សមត្ថកិច្ច​ខាងលើ​បាន​ឆែកឆេរ​លើ​ខ្លួន​ស្ត្រី​ម្នាក់​ដោយ​នគរបាល​ជានា​រី​ បាន​រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ក្រាម​ពណ៌​មួយ​កញ្ចប់​ធំ​ ទម្ងន់​៣៦​ក្រាម​ ដែល​ស្ត្រី​សង្ស័យ​លាក់​ទុក​ក្នុង​អាវទ្រនាប់​ឆ្លងកាត់​អនុរក្ស​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ បម្រុង​យក​ទៅ​ឲ្យ​ទណ្ឌិត​ក្នុង​ពន្ធនាគារ​។​

​លោក​ជា​ ជឿន​ បញ្ជាក់​ថា​ ឆ្លងកាត់​ការ​រុករក​ឃើញ​ថ្នាំ​ញៀន​ខុសច្បាប់​ខាងលើ​ សមត្ថកិច្ច​ក៏​បាន​ឃាត់ខ្លួន​ស្ត្រី​សង្ស័យ​ឈ្មោះ​ ម៉ៅ​ យី​វ​ អាយុ​៣២​ឆ្នាំ​ មានស្រុក​កំណើត​ភូមិ​ទន្លេ​ ឃុំ​ត្រឡាច​ ស្រុក​ទ្រាំង​ ខេត្តតាកែវ​ នាំ​មក​ការិយាល័យ​ដើម្បី​បំពេញ​សំណុំ​ឯកសារ​តាម​នីតិវិធី​ត្រៀម​បញ្ជូន​ទៅ​សាលាដំបូង​ខេត្តកំពង់ចាម​។​

​លោក​ជា​ ជឿន​បាន​ឲ្យ​ដឹង​ថា​ កាលពី​ថ្ងៃ​ទី​៩​ ខែកុម្ភៈ​ ឆ្នាំ​២០១៥​ សមត្ថកិច្ច​ក៏​បាន​រក​ឃើញ​ថ្នាំ​ញៀន​មួយ​ចំនួន​ដែល​ជនសង្ស័យ​លាក់​ក្នុង​ឆ្អឹងស្មង​ជើងគោ​ធ្វើ​ស៊ុប​នាំ​ចូល​ទៅ​ឲ្យ​ទណ្ឌិត​នៅ​មណ្ឌល​អប់រំ​កែប្រែ​ទី​៣​ម្តង​រួច​មក​ហើយ​៕​ សុ​ភ័​ណ្ឌ​

IMG-20150217-WA0013
IMG-20150217-WA0014

Loading...

Leave a Reply

Your email address will not be published. Required fields are marked *