​ចាប់ខ្លួន​ជនសង្ស័យ​ប្រុស​ ស្រី​៤​នាក់​ ពាក់ព័ន្ធ​ករណី​គ្រឿងញៀន​

​ខេត្ត​ត្បូងឃ្មុំ​៖​ ជនសង្ស័យ​ប្រុស​ ស្រី​ចំនួន​៤​នាក់​ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន​ ត្រូវ​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក​ក្រូចឆ្មារ​ បើក​ប្រតិបត្តិ​ការណ៍​បង្ក្រាប​ និង​ឃាត់ខ្លួន​បានជា​បន្តបន្ទាប់​ គ្រា​ដែល​ក្រុម​ជនសង្ស័យ​ បាន​ធ្វើ​សកម្មភាព​ដោះ​ដូរ​គ្រឿងញៀន​ នៅ​ក្នុង​លំនៅ​ឋាន​របស់​ខ្លួន​ ។​

​ប្រតិបត្តិ​ការណ៍​នេះ​សមត្ថកិច្ច​បាន​ធ្វើ​ឡើង​ កាលពី​ថ្ងៃ​ទី​៣​ និង​ថ្ងៃ​ទី​៤​ ឧសភា​ ២០១៦​ ដែល​ករណី​ ទី​១​ នៅ​វេលា​ម៉ោង​៤​និង​៥០​នាទី​ល្ងាច​ ថ្ងៃ​ទី​៣​ ឧសភា​ ស្ថិត​នៅ​ក្នុងភូមិ​ទី​៤​ ឃុំ​ទ្រា​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​

​សមត្ថកិច្ច​បាន​ឃាត់ខ្លួន​ជនសង្ស័យ​ប្រុស​ស្រី​ចំនួន​៣​នាក់​រួម​មាន​៖​ ១-​ឈ្មោះ​សុខ​ អាំ​ណះ​ ភេទ​ស្រី​ អាយុ​៥៣​ឆ្នាំ​ ជាតិ​ខ្មែរឥស្លាម​,​ ២-​ឈ្មោះ​គ្រី​ ណូរី​យះ​ ភេទ​ស្រី​ អាយុ​១៩​ឆ្នាំ​ ជាតិ​ខ្មែរឥស្លាម​ និង​ ៣-​ឈ្មោះ​ម៉ាត់​ រំ​លី​ ភេទ​ប្រុស​ អាយុ​២៣​ឆ្នាំ​ ជាតិ​ខ្មែរឥស្លាម​ អ្នក​ទាំង​៣​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ខាងលើ​ ។​

​បន្ទាប់​ពី​ឃាត់ខ្លួន​ជនសង្ស័យ​ សមត្ថកិច្ច​បាន​ធ្វើការ​ដកហូត​ បាន​នូវ​វត្ថុ​តាង​ថ្នាំ​ញៀន​ ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៥​កញ្ចប់​ (​តូច​៤​កញ្ចប់​-​ធំ​១​កញ្ចប់​)​ ជញ្ជីង​អេ​ឡិច​ត្រូ​និក​១​គ្រឿង​ និង​សំភារៈ​វេច​ខ្ចប់​មួយ​ចំនួន​ទៀត​ នៅ​ជាប់​នឹង​ខ្លួន​ជនសង្ស័យ​ ។​

​ដោយឡែក​ករណី​ ទី​២​ នៅ​វេលា​ម៉ោង​១១​និង​៣០​ថ្ងៃត្រង់​ ថ្ងៃ​ទី​៤​ ឧសភា​ ស្ថិត​នៅ​ក្នុងភូមិ​ទី​៦​ ឃុំ​ស្វាយ​ឃ្លាំង​ ស្រុក​ក្រូចឆ្មារ​ ខេត្ត​ត្បូងឃ្មុំ​ កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក​ក្រូចឆ្មារ​ បាន​ ស៊ើបអង្កេត​ស្រាវជ្រាវ​ រហូត​ឈាន​ដល់​បង្ក្រាប​ករណី​រក្សា​ទុក​ ជួញដូរ​សារធាតុ​ញៀន​ដោយ​ខុសច្បាប់​ ដែល​ឃាត់ខ្លួន​បាន​ជនសង្ស័យ​ម្នាក់​ ឈ្មោះ​ថា​ សុ​ភ័​ក្រ​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ រស់នៅ​ក្នុងភូមិ​កើតហេតុ​ ក្នុង​នោះ​សមត្ថកិច្ច​បាន​ធ្វើការ​ ដកហូត​បាន​នូវ​វត្ថុ​តាង​ថ្នាំ​ញៀន​ ប្រភេទ​ម្សៅ​ក្រាម​ពណ៌​ស​ចំនួន​៦​កញ្ចប់​តូច​ និង​ឧបករណ៍​ប្រើប្រាស់​គ្រឿងញៀន​មួយ​ចំនួន​ទៀត​ ។​

​ជនសង្ស័យ​ប្រុស​ស្រី​ទាំង​៤​នាក់​ រួម​ជាមួយ​វត្ថុ​តាង​ថ្នាំ​ញៀន​ ត្រូវ​បាន​កម្លាំង​ជំនាញ​នៃ​អធិការដ្ឋាន​ នគរបាល​ស្រុក​ក្រូចឆ្មារ​ កសាង​សំណុំរឿង​តាម​និ​តិ​វិធី​នៃ​ច្បាប់​ ដើម្បី​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត​ត្បូងឃ្មុំ​ ៕​ ស្រី​ ស​

1

3

2

Loading...

Leave a Reply

Your email address will not be published. Required fields are marked *