​ចិន​ទទួលស្គាល់​ថា​ ពិតជា​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​លើ​ដែន​កោះមាន​ជម្លោះ​

​កាសែត​គ្រប់គ្រង​ដោយ​រដ្ឋ​ចិន​បាន​ផ្សព្វផ្សាយ​កាលពី​ថ្ងៃ​ទី​១៨​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ថា​ ប្រទេស​ចិន​បាន​ទទួលស្គាល់​ថា​ ពិតជា​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​លើ​ដែន​កោះ​កំពុង​មាន​ជម្លោះ​ ស្ថិត​នៅ​សមុទ្រ​ចិន​ភាគ​ខាងត្បូង​នោះ​ប្រាកដ​មែន​ ។​ ការ​ទទួលស្គាល់​នេះ​បាន​កើត​មាន​ខណៈ​ដែល​រដ្ឋមន្ត្រី​ក្រសួងការបរទេស​អា​មេ​រិ​ក​ លោក​ច​ន​ ឃើ​រី​ បាន​ថ្លែង​ចោទប្រកាន់​ប្រទេស​ចិន​ថា​ បាន​និង​កំពុង​ពង្រឹង​សកម្មភាព​យោធា​នៅ​ក្នុង​តំបន់​ប្រកប​ដោ​យុទ្ធសាស្ត្រ​យ៉ាង​សំខាន់​មួយ​នេះ​ ។​

​ទាំង​សហរដ្ឋអាមេរិក​ និង​តៃវ៉ាន់​ សុទ្ធតែ​បាន​អះអាង​បញ្ជាក់​ថា​ ប្រទេស​ចិន​បាន​ដាក់​ពង្រាយ​ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​ល​ស្ថិត​នៅ​លើ​ដែន​កោះ​ Woody​ ជា​ដែន​កោះ​មួយ​ស្ថិត​នៅ​ប្រជុំ​ដែន​កោះ​បា​រ៉ា​សែ​ល​ ។​ ទីភ្នាក់ងារ​ព័ត៌មាន​ Fox​ News​ បាន​ផ្សព្វផ្សាយ​ដែរ​ថា​ ប្រព័ន្ធ​កាំជ្រួច​មី​ស៊ី​លបាញ់​ចេញពី​ផ្ទាល់​ដី​ទៅ​លើ​លំហរ​អាកាស​ត្រូវ​បាន​ចិន​ដាក់​ពង្រាយ​កាលពី​ស​ប្តា​ហ៍​កន្លង​មក​ ។​

​ទីក្រុង​ប៉េ​កាំ​ង​បាន​ប្រកាស​គ្រប់គ្រង​ដែន​កោះ​បា​រ៉ា​សែ​ល​ស្ទើរ​ទាំងស្រុង​ ។​ ប៉ុន្តែ​ទោះបី​យ៉ាងណា​ ប្រទេស​វៀតណាម​ និង​កោះ​តៃវ៉ាន់​បាន​ទាមទារ​តំបន់​ត្រួតស៊ីគ្នា​ជាមួយ​ទីក្រុង​ប៉េ​កាំ​ង​នៅ​តំបន់​សមុទ្រ​ចិន​ខាងត្បូង​ផង​ដែរ​ ។​ ប្រទេស​ចិន​បាន​គ្រប់គ្រង​ដែន​កោះ​វៀតណាម​យ៉ាងច្រើន​តែ​ក្នុង​រយៈពេល​មួយ​យ៉ាង​ខ្លី​ប៉ុណ្ណោះ​ អំឡុង​ពេល​ប្រយុទ្ធ​យ៉ាង​បង្ហូរឈាម​មួយ​មុន​ឈាន​ទៅ​ដល់​ការ​ចប់​សង្គ្រាម​នៅ​វៀតណាម​នោះ​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ Global​ Times​ មាន​ភាព​ជិត​ស្និទ្ធ​ជាមួយ​គណបក្ស​កុម្មុយនីស្ត​ចិន​ដែល​កំពុង​កាន់​អំណាច​នោះ​បាន​ផ្សព្វផ្សាយ​ថា​ ក្រសួងការពារជាតិ​ចិន​បាន​អះអាង​ថា​ កាំជ្រួច​មី​ស៊ី​ល​ទាំងនោះ​ត្រូវ​ដាក់​ពង្រាយ​នៅ​លើ​ដែន​កោះ​អស់​រយៈពេល​ជា​យូរ​មក​ហើយ​ ។​

​កាសែត​ដដែល​នេះ​មិន​បាន​បញ្ជាក់​ច្បាស់លាស់​នោះ​ឡើយ​ថា​ តើ​ប្រភេទ​អាវុធ​មី​ស៊ី​ល​បែប​ណា​ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​លើ​ដែន​កោះ​ Woody​ នោះ​ ។​

​ប៉ុន្តែ​ទោះបី​យ៉ាងណា​ ដើម្បី​សម្រាល​ដល់​ការ​ចាប់​អាម្ម​ណ៍​ពី​មហាជន​អន្តរជាតិ​ទៅ​លើ​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​ល​នៅ​លើ​ដែន​កោះ​កំពុង​មាន​ជម្លោះ​នៅ​ពេល​នេះ​ មន្ត្រី​ក្រសួងការពារជាតិ​របស់​ចិន​បាន​ថ្លែង​បញ្ជាក់​ថា​ ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​លោក​ខាងលិច​តែងតែ​លើកយក​មក​ចុះ​ផ្សាយ​ដដែល​ជា​អា​ដែល​អំពី​ការ​ដែល​ថា​ មានការ​គំរាមកំហែង​ពី​ចិន​នោះ​ ។​

​ទីភ្នាក់ងារ​ព័ត៌មាន​ Global​ Times​ បន្ត​ផ្សព្វផ្សាយ​ថា​ ប្រទេស​ចិន​មាន​សិទ្ធិ​ពេញលេញ​នៅ​ក្នុង​ការ​ដាក់​ពង្រាយ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ដែល​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​របស់​ខ្លួន​ ។​

​ស្ថានការណ៍​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ដែល​ជា​ច្រក​ផ្លូវ​សមុទ្រ​នាំ​ប្រេង​ចេញ​ ចូល​លំដាប់​ទី​៣​ក្នុង​ពិភពលោក​នោះ​ បាន​និង​កំពុង​តានតឹង​ខ្លាំង​ឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ​ ជា​ពិសេស​ក្រោយ​ពេល​ប្រទេស​ចិន​បាន​ផ្លាស់​ប្តូរ​ដែន​ថ្ម​ប៉ប្រះ​ទឹក​នៅ​ក្នុង​ប្រជុំ​ដែន​កោះ​ស្ព្រ៊ា​ត​លី​នោះ​ឲ្យ​ឆ្ពោះទៅ​កាន់​ភាគ​ខាងត្បូង​បន្ថែម​ទៀត​ ចូល​ទៅ​ក្នុង​ដែន​កោះ​សិប្បនិមិត្ត​ ហើយ​ដែល​ត្រូវ​បាន​ចិន​ប្រើប្រាស់​ធ្វើ​ជា​បន្ទាយ​ទាហានជើងទឹក​ប្រកបដោយ​យុទ្ធសាស្ត្រ​នោះ​ ។​

​ទីក្រុង​វ៉ា​ស៊ី​ន​តោន​បាន​អះអាង​ថា​ សកម្មភាព​របស់​ទីក្រុង​ប៉េ​កាំ​ង​ខាងលើ​នេះ​បាន​និង​កំពុង​គំរាមកំហែង​ដល់​សេរីភាព​ក្នុង​ការ​ធ្វើ​នាវាចរណ៍​នៅ​តំបន់​ប្រកបដោយ​យុទ្ធសាស្ត្រ​ខាងលើ​នេះ​ ហើយ​បាន​បញ្ជូន​នាវាចម្បាំង​មួយ​គ្រឿងរ​ប់​ខ្លួន​ ចូល​ទៅ​កៀក​ដែន​កោះ​ដែល​កំពុង​មាន​ជម្លោះ​ស្ថិត​នៅ​សមុទ្រ​ចិន​ខាងត្បូង​ ជា​ហេតុ​ធ្វើ​ឲ្យ​មានការ​ព្រួយ​ បារម្ភ​កាន់​ទ្វេ​ឡើង​ ខ្លាច​ផ្ទុះ​អំពើ​ហិង្សា​ជាយថាហេតុ​កើតឡើង​ ។​

​ថ្លែង​ទៅ​កាន់​ក្រុម​អ្នកកាសែត​នៅ​ទីក្រុង​វ៉ា​ស៊ី​ន​តោន​កាលពី​ថ្ងៃ​ទី​១៧​ ខែកុម្ភៈ​ ឆ្នាំ​២០១៦​ លោក​ច​ន​ ឃើ​រី​ បាន​បញ្ជាក់​ថា​ មាន​ភស្តុ​តាង​បង្ហាញ​ឲ្យ​ឃើញ​រាល់ថ្ងៃ​ថា​ មានការ​កើនឡើង​អំពី​សកម្មភាព​យោធា​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​ និង​ពី​របៀប​មួយ​ ទៅ​កាន់​របៀប​មួយ​ផ្សេង​ទៀត​ ។​ រដ្ឋាភិបាល​ទីក្រុង​ប៉េ​កាំ​ង​បាន​ទទូច​ថា​ ខ្លួន​មាន​សិទ្ធិ​នៅ​ក្នុង​ការ​ដាក់​ពង្រាយ​ប្រព័ន្ធ​ការពារ​ខ្លួន​នៅ​ក្នុង​តំបន់​ ។​

​នៅ​ក្នុង​បទ​វិចារណកថា​របស់​កាសែត​ Global​ Times​ បាន​អះអាង​ថា​ សកម្មភាព​របស់​ចិន​បែប​នេះ​ ក៏​ព្រោះតែ​អា​មេ​រិ​កបាន​បង្កើន​វត្តមាន​យោធា​នៅ​ក្នុង​តំបន់​កាន់តែ​ច្រើន​នោះ​ផង​ដែរ​ ។​ ប្រភព​បន្ត​ថា​ «​ប្រសិនបើ​ចិន​ពិតជា​បាន​ដាក់​ ពង្រាយ​ប្រព័ន្ធ​មី​ស៊ី​លបាញ់​ចេញពី​ដី​ឆ្ពោះទៅ​លើ​លំហរ​អាកាស​ប្រាកដ​មែន​នោះ​ គឺ​មិន​អាច​ធ្វើ​ឲ្យ​មាន​ភាព​សុខ​ស្រួល​ដល់​ យន្តហោះ​ចម្បាំង​របស់​អា​មេ​រិ​ក​…​ ដែល​ហោះហើរ​បង្ករឿង​ នៅ​ក្នុង​តំបន់​បាន​ឡើយ​ ។​ សម្រាប់​យើង​ ការ​ដាក់​ពង្រាយ​អាវុធ​យុទ្ធ​ភ័​ណ្ឌ​ទាំងនេះ​ គឺ​គ្មាន​អ្វី​ខុស​ទាស់​នោះ​ឡើយ​»​ ៕​

the-island-of-yongxing

Loading...

Leave a Reply

Your email address will not be published. Required fields are marked *