​ថៃបាញ់​ខ្មែរ​២​នាក់ របួស​បាក់ជើង និង​​បាក់ដៃ​

ខេត្តបាត់ដំបង៖ នៅថ្ងៃទី២ ខែធ្នូ ឆ្នាំ២០១៦នេះ ជនជាតិថៃមួយក្រុម បានបើកការបាញ់ប្រហារជាច្រើនគ្រាប់ មកលើពលរដ្ឋខ្មែរមានគ្នា ១០នាក់ ក្នុងពេលចូលទៅដាក់មងរកត្រីក្នុងទឹកដីថៃ ដែលបណ្ដាលឲ្យបុរសម្នាក់រងរបួសបាក់ជើង និងម្នាក់ទៀតរងរបួសបាក់ដៃ។

ហេតុការណ៍ដ៏ភិតភ័យនេះ កើតឡើងនៅល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦។ ពលរដ្ឋខ្មែររងគ្រោះ ទី១.ឈ្មោះ ភឿន ផានី អាយុ២២ឆ្នាំ រងរបួសបាក់ជើងស្ដាំ នៅបៀមអំបែងគ្រាប់ជាប់ក្នុងជើង មិនទាន់អាចវះកាត់បាននៅឡើយ និងទី២.ឈ្មោះ សាន សាក់ អាយុ១៨ឆ្នាំ រងរបួសបាក់ដៃឆ្វេង ជនរងគ្រោះអ្នកទាំង២ រួមទាំងពលរដ្ឋខ្មែរ៨នាក់ទៀត រស់នៅភូមិភ្នំរ៉ៃ ឃុំតាតោក ស្រុកសំឡូត ខេត្តបាត់ដំបង។

ពួកគេបានលួចចូលទៅដាក់មងយកត្រី នៅក្នុងទឹកដីថៃ ដែលពួកគាត់បានលួចចូលតាមច្រកទីងមោង និងច្រកអូរគរគី ដែលមានចម្ងាយប្រហែល ២គីឡូម៉ែត្រ ពីព្រំប្រទល់កម្ពុជា ដោយកន្លងមក ពួកគាត់បានចូលទៅដាក់មងរកត្រី ៤ទៅ៥ដង មកហើយ។ លុះដល់ថ្ងៃចុងក្រោយនោះ ពួកគាត់បានយកមងទៅដាក់តាំង ពីល្ងាចថ្ងៃទី២៨ ខែវិច្ឆិកា លុះដល់វេលាម៉ោងជិត៥ល្ងាច ថ្ងៃទី២៩ ខែវិច្ឆិកា ទើបពួកគាត់បានចូលទៅដោះយកត្រី ក៏ត្រូវជនជាតិថៃមួយក្រុម បានបាញ់មកលើ ពួកគាត់ជាច្រើនគ្រាប់ បណ្ដាលឲ្យរបួស២នាក់ និងខ្លះទៀតបានរត់គេចខ្លួនបាត់។

ជនរងគ្រោះបានបន្តទៀតថា ក្រោយពេលកើតហេតុ ពុំមានអ្នកណាម្នាក់ហ៊ានរាយការណ៍ដល់សមត្ថកិច្ច ឲ្យជួយអន្តរាគមន៍នោះឡើយ ដោយពួកគាត់ដឹងខ្លួនថា ជាអ្នកលួចចូលដីថៃដោយខុសច្បាប់ខ្លួនឯង គ្មានការអនុញ្ញាតអ្វីឡើយ ៕

rr se

Loading...