​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ទទួលស្គាល់​កំហុសឆ្គង​ពាក់ព័ន្ធ​រឿងអាស្រូវ​មាន​ភាគហ៊ុន​នៅ​បរទេស​

​នាយក​រដ្ឋមន្ត្រី​អង់គ្លេស​ លោក​ ដេ​វីត​ កា​មឺ​រ៉ុ​ន​ កាលពី​ថ្ងៃ​ទី​៩​ ខែមេសា​ ឆ្នាំ​២០១៦​ បាន​ទទួលស្គាល់​កំហុសឆ្គង​របស់​លោក​ទាក់ទង​រឿង​ភាគលាភ​ពាណិជ្ជកម្ម​ឪពុកចុង​របស់​លោក​នៅ​បរទេស​ ខណៈ​ដែល​ក្រុម​បាតុករ​ច្រើន​រយ​នាក់​ធ្វើ​បាតុកម្ម​ទាមទារ​ឲ្យ​លោក​ចុះ​ចេញពី​តំណែង​ ។​

​លោក​កា​មឺ​រ៉ុ​ន​ បាន​ថ្លែង​ថា​ លោក​អាច​បង្ហាញ​ជា​សាធារណៈការ​បង់ពន្ធ​នោះ​វិញ​ ព្រមទាំង​ទទួល​រ៉ាប់រង​រាល់​ការ​ដៀល​ត្មិះ​ក្នុង​ជម្លោះ​ផ្នែក​ហិរញ្ញវត្ថុ​មួយ​នេះ​ ។​

​លោក​ដេ​វី​ដ​ កា​មឺ​រុន​ ក៏​ដូច​រដ្ឋាភិបាល​របស់​លោក​បាន​ធ្វើ​អត្ថាធិប្បាយ​៤​លើក​ទាក់ទង​ការ​បែកធ្លាយ​ឯកសារ​ Panama​ Papers​ ។​ លោកនាយក​រដ្ឋមន្ត្រី​បាន​ទទួលស្គាល់​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ ទី​៧​ ខែមេសា​ ថា​ លោក​ពិតជា​មាន​ភាគហ៊ុន​វិនិយោគ​នៅ​បរទេស​ ដែល​មាន​មូលដ្ឋាន​នៅ​កោះ​ Bahamas​ របស់​ឪពុកចុង​លោក​ពិតប្រាកដ​មែន​ ។​

​នៅ​ឯ​វេទិកា​និទាឃ​រដូវ​របស់​គណបក្ស​អភិរក្ស​ លោក​កា​មឺ​រ៉ុ​ន​ បាន​បញ្ជាក់​ថា​ លោក​អាច​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឲ្យ​បាន​ប្រសើរ​ឡើង​វិញ​ ។​ លោក​បន្ត​ថា​ នេះ​ជា​មេរៀន​ដែល​លោក​ត្រូវ​រៀន​។​ កុំ​បន្ទោស​រដ្ឋាភិបាល​របស់​លោក​ ឬ​ទីប្រឹក្សា​របស់​លោក​អី​ គឺ​បន្ទោស​លើ​ខ្លួន​លោក​ផ្ទាល់​ ។​

​កាលពី​រសៀល​ថ្ងៃ​ទី​៩​ ខែមេសា​ ក្រុម​បាតុករ​ពីរ​បី​រយ​នាក់​ ភាគច្រើន​ពាក់មួក​ Panama​ បាន​ជួបជុំ​គ្នា​នៅ​ខាងក្រៅ​វិមាន​រដ្ឋាភិបាល​ Downing​ Street​ ដើម្បី​អំពាវនាវ​ឲ្យ​លោក​ កា​មឺ​រ៉ុ​ន​ លាលែង​ពី​តំណែង​ ។​ ក្រុម​បាតុករ​បាន​លើក​បដា​រិះគន់​ លើក​ដង្ហែ​ពី​ការិយាល័យ​ធ្វើការ​នាយក​រដ្ឋមន្ត្រី​ឆ្ពោះទៅ​កាន់​វិមាន​ Trafalgar​ ផង​ដែរ​ ។​

​កាលពី​ថ្ងៃ​ទី​៧​ ខែមេសា​ លោក​កា​មឺ​រ៉ុ​ន​ បាន​ទទួលស្គាល់​ថា​ លោក​ និង​ភរិយា​ ពិតជា​មាន​ភាគហ៊ុន​ជាមួយ​ក្រុមហ៊ុន​ Blairmore​ Holdings​ របស់​ឪពុកចុង​លោក​ប្រាកដ​មែន​ ។​ លោក​បន្ត​ថា​ លោក​បាន​ទិញ​ភាគហ៊ុន​នេះ​ក្នុង​តម្លៃ​១២.៤៩៧​ផោន​ ក្នុង​ឆ្នាំ​១៩៩៧​ និង​បាន​លក់​ភាគហ៊ុន​នោះ​វិញ​ក្នុង​តម្លៃ​ ៣១.៥០០​ផោន​ ក្នុង​ឆ្នាំ​២០១០​ មុន​ពេល​លោក​ក្លាយជា​នាយក​រដ្ឋមន្ត្រី​៤​ខែ​ ។​

​ការ​បែកធ្លាយ​ឯកសារ​ Panama​ Papers​ នេះ​បាន​ធ្វើ​ឲ្យ​កក្រើកញាប់ញ័រ​នៅ​ទូ​ទាំង​ពិភពលោក​ ដោយសារ​តែ​វា​បាន​បង្ហាញ​ឲ្យ​ឃើញ​ពី​វិធីសាស្ត្រ​លាក់​លុយ​ និង​ទុក​លុយ​នៅ​បរទេស​របស់​មេដឹកនាំ​ និង​អ្នក​មាននៅ​ជុំវិញ​ពិភពលោក​ ដើម្បី​គេចវេះ​ពី​ការ​បង់ពន្ធ​ជូន​រដ្ឋ​ ។​ ក្រុមហ៊ុន​មេធាវី​ ប៉ា​ណា​ម៉ា​ Mossack​ Fonseca​ បាន​បន្ទោស​ថា​ ការ​បែកធ្លាយ​ឯកសារ​ទាំងនោះ​ដោយសារ​តែ​មានការ​ចូល​ពី​បរទេស​ ។​

​លោក​កា​មឺ​រ៉ុ​ន​ អះអាង​ថា​ លោក​មាន​ភាគហ៊ុន​ពិតប្រាកដ​មែន​ ហើយ​ភាគហ៊ុន​នោះ​លោក​បាន​បង់ពន្ធ​ត្រឹមត្រូវ​ ។​ បន្ទាប់​មក​លោក​បាន​លក់​ភាគហ៊ុន​ទាំងអស់​ មុន​ពេល​ក្លាយជា​នាយក​រដ្ឋមន្ត្រី​ ។​ លោក​នឹង​ផ្សព្វផ្សាយ​ឯកសារ​ទាក់ទង​ការ​បង់​ព័ន្ធ​ ដើម្បី​តម្លាភាព​បញ្ហា​ទាំងនេះ​ ។​

​លោក​ Jeremy​ Corbyn​ មេដឹកនាំ​គណបក្ស​ពលកម្ម​ ដែល​ជា​គណបក្សប្រឆាំង​នៅ​អង់គ្លេស​នោះ​បាន​ទាមទារ​ឲ្យ​លោក​កា​មឺ​រ៉ុ​ន​ ធ្វើ​សេចក្តី​ថ្លែង​ការ​ផ្លូវការ​ទាក់ទង​ឯកសារ​បង់ពន្ធ​នោះ​ ៕​

david cameron

Loading...

Leave a Reply

Your email address will not be published. Required fields are marked *