ខេត្តកំពង់ចាមៈ ព្រឹកថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានប្រារព្ធពិធីបិទវគ្គហ្វឹកហ្វឺនក្បាច់គុន និងបច្ចេកទេសអាវុធថ្មើរជើងក្រោមអធិបតីភាពរបស់លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាម និងលោកវរសេនីយ៍ទោ ឡាយ សុភារិទ្ធ តំណាងឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២។
លោកវរសេនីយ៍ទោ សាន សុភា ស្នងការរងទទួលដែនគ្រប់គ្រងធនធានមនុស្សចានបូកសរុបលទ្ធផលដែលមានសិក្ខាកាមចំនួន១០១នាក់ ចាប់ផ្តើមចូលហ្វឹកហ្វឺនតាំងពីថ្ងៃទី១៦ ខែមករា ឆ្នាំ២០១៥ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០១៥ ដែលត្រូវបញ្ចប់។
លោកសាន សុភា បានលើកឡើងថា វគ្គនេះកើតឡើងបានដោយយោងតាមស្មារតីប្រជុំរបស់គណៈស្នងការនគរបាលខេត្តកាលពីថ្ងៃទី៥ ខែមករា ឆ្នាំ២០១៥ និងដោយបានការឯកភាពឧបត្ថម្ភគាំទ្រពីឯកឧត្តមអភិបាលនៃគណៈអធិបាលខេត្តកំពង់ចាម ជាពិសេសឯកឧត្តម ឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការយោធភូមិភាគទី២ បានផ្តល់គ្រូបង្គោលចំនួន៨រូប អាវុធ និងគ្រាប់ចំនួន៣០៣គ្រាប់ និងទីលានបាញ់គ្រាប់ពិតនៅមជ្ឈមណ្ឌលពលទាហានទី២ (ស្រែស្ពៃ)។
លោកស្នងការក៏បានឲ្យដឹងពីលទ្ធផលនៃការសរុបក្នុងនោះមានៈ
និទ្ទេសក្បាច់គុន ដែលសិក្ខាកាមទទួលបានដូចជាៈ និទ្ទេសល្អ ចំនួន៤៦នាក់ ស្មើនឹង៤៥,៥៤ភាគរយ, និទ្ទេសបង្គួរចំនួន៤៤នាក់ ស្មើនឹង៤៣,៥៦ភាគរយ, និទ្ទេសមធ្យម ចំនួន១១នាក់ ស្មើនឹង១០,៨៩ភាគរយ ។ និទ្ទេសបាញ់ស៊ីបៈ និន្ទេសល្អ ចំនួន៨នាក់ ស្មើនឹង៧,៩២ភាគរយ, និទ្ទេសបង្គួរចំនួន២៧នាក់ ស្មើនឹង២៦,៧៣ភាគរយ, និទ្ទេសមធ្យមចំនួន៦៤នាក់ ស្មើនឹង៦៣,៦៣ភាគរយ។
លោកស្នងការរងសាន សុភា បានគូសបញ្ជាក់ថា សិក្ខាកាមទាំងអស់បានលត់ដំខ្លួន មានសីលធម៌ល្អ គោរពវិន័យបទបញ្ជាផ្ទៃក្នុងសាលាបានហ្មត់ចត់ល្អ និងសុភាពរាបសាមានសាមគ្គីភាពល្អ មិនបង្កបញ្ហាដល់សាលាឡើយ ។
លោកឧត្តមសេនីយ៍ត្រី បែន រ័ត្ន ស្នងការនគរបាលខេត្តកំពង់ចាមបានមានមតិផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ថា ពេលវិលត្រឡប់ទៅអង្គភាពវិញត្រូវយកចិត្តទុកដាក់បង្កើនសមត្ថភាពថែមទៀត ដោយមានទាំងទ្រឹស្តីនៃការសិក្ខានេះផ្សាភ្ជាប់ជាមួយនិងការអនុវត្តភារកិច្ចជាក់ស្តែងតាមអង្គភាពរបស់ខ្លួន។
នៅក្នុងឱកាសនោះ លោកស្នងការ ស្នងការរងបានប្រគល់លិខិតបញ្ជាក់ការសិក្សា និងផ្តល់រង្វាន់លើកទឹកចិត្តដល់សិក្ខាកាមតាមនិទ្ទេស ដោយចំណាយថវិការបស់ខ្នងការដ្ឋាន និងរបស់លោកស្នងការផ្ទាល់ ៕ សុភ័ណ្ឌ