​បុរស​ពីរ​នាក់​បងប្អូន​ត្រូវបាន ​ចាប់ខ្លួន​ករណី​រំលោភ ​ស្ត្រី​អ្នកទេសចរ​ជប៉ុន​​

​មន្ត្រីនគរបាល​ឥណ្ឌា​ម្នាក់​ថ្លែងថា នគរបាល​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​បងប្អូន ដែល​គេ​បាន​ចោទ​ពី​បទ​រំលោភ​បូក​លើ​ស្ត្រី​ទេសចរ​ជនជាតិ​ជប៉ុន​អាយុ​២២​ឆ្នាំ កាលពី​ជាង​បី​សប្ដាហ៍​កន្លងទៅ នៅ​ជិត​ពោធិ៍​ហ្គា​យា ទី​សក្ការៈបូជា​ផ្នែក​ពុទ្ធ​សាសនា​។​

​គេហទំព័រ Channel News Asia ឲ្យដឹងថា ការស៊ើបអង្កេត​បឋម​រកឃើញថា ស្ត្រី​អ្នកទេសចរ​រូបនេះ ត្រូវបាន​ចាប់ខ្លួន​នៅក្នុង​បន្ទប់ក្រោមដី ជិត​តំបន់​ធម្ម​យាត្រា​មួយ ។​

​នគរបាល​ម្នាក់​ឲ្យដឹងថា កាលពី​ថ្ងៃ​សុក្រ គេ​បាន​ចាប់ខ្លួន​បុរស​ពីរ​នាក់​បងប្អូន ដែល​ជា​មគ្គុទេសក៍​ទេសចរ ក្នុង​នោះ​បុរស​ជា​បង​មាន​អាយុ​៣២​ឆ្នាំ ហើយ​ប្អូនប្រុស​របស់​គេ​មាន​អាយុ​២៥​ឆ្នាំ ។​

​តំបន់​ពោធិ៍​ហ្គា​យាមាន​ចម្ងាយ​១១០​គីឡូម៉ែត្រ​ខាងត្បូង​រដ្ឋ​ប៊ី​ហា ទី​ដែល​វិហារ​ពុទ្ធសាសនា​ដំបូង​គេ​មួយ ស្ថិត​នៅក្នុង​ប្រទេស​ឥណ្ឌា និង​ជា​កន្លែង​ទាក់ទាញ​ភ្ញៀវទេសចរ មកពី​គ្រប់​ទី​កន្លែង​នៅលើ​ពិភពលោក ។​

​ស្ត្រី​និស្សិត​ជនជាតិ​ជប៉ុន​រូបនោះ បាន​ធ្វើដំណើរ​ពី​ខេត្ត​កុល​កាតា ទៅកាន់​ពោធិ៍​ហ្គា​យា ហើយ​នាង​បាន​ចុះឈ្មោះ​ស្នាក់នៅ​ក្នុង​សណ្ឋាគារ​មួយ កាលពី​ខែ​វិច្ឆិកា​កន្លងទៅ ។​

​ប្រទេស​ឥណ្ឌា​បាន​ប្រឈម​នឹង​ការត្រួតពិនិត្យ​យ៉ាងខ្លាំង ជុំវិញ​កិច្ចខិតខំ​ប្រឹងប្រែង​របស់ខ្លួន ក្នុង​ការទប់ស្កាត់​អំពើហិង្សា​លើ​ស្ត្រី ក្រោយពេល​មាន​អំពើ​រំលោភ​បូក លើ​ស្ត្រី​និស្សិត​ពេទ្យ​នៅ​ក្រុង​ញូ​ដេលី កាលពី​ឆ្នាំ​២០១២ បណ្ដាលឲ្យនាង​ស្លាប់ ជា​ហេតុ​ធ្វើឲ្យ​មាន​ការផ្ទុះ​ការប្រឆាំង​នៅ​ជុំវិញ​ពិភពលោក ។ តាំងពី​ពេលនោះ​មក ការវាយប្រហារ​លើ​ស្ត្រី​បរទេស​មួយ​ចំនួន​ត្រូវបាន​រាយការណ៍ ជា​ហេតុ​ធ្វើឲ្យ​ចំនួន​អ្នកទេសចរ​ទៅ​កាន់​ប្រទេស​នេះ​បាន​ធ្លាក់ចុះ ។​

​កាលពី​ខែ​មករា​ឆ្នាំមុន ទេសចរ​ស្ត្រី​ជនជាតិ​ដា​ណឺម៉ា​កវ័យ​៥១​ឆ្នាំ ត្រូវ​បាន​ប្លន់ និង​រំលោភ​បូក​នៅ​ក្រុង​ញូ​ដេលី ។ នៅ​ឆ្នាំ​២០១៣ ស្ត្រី​ជនជាតិ​ស្វ៊ី​ស ដែល​ជិះ​កង់​កម្សាន្ត​នា​ថ្ងៃ​ឈប់សម្រាក នៅ​រដ្ឋ​ភាគ​កណ្ដាល​ប្រទេស​ឥណ្ឌា ត្រូវបាន​បុរស​ប្រាំ​នាក់​ប្លន់ និង​រំលោភ​បូក ហើយ​នៅពេល​ក្រោយមក​បុរស​ទាំងអស់​នោះ​ត្រូវបាន​តុលាការ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយជីវិត ៕

ប្រភព៖ VOD

Loading...

Leave a Reply

Your email address will not be published. Required fields are marked *