​ប៉ូលិស​ខេត្តបន្ទាយមានជ័យ​សហការ​គ្នា​វ៉ៃ​ស្មៅ​បង្អើល​ពស់​

ខេត្តបន្ទាយមានជ័យ​ ៖​ ក្រុម​អ្នក​រកស៊ី​ដឹក​ជញ្ជូន​ទំនិញ​ ទាំង​តូច​ទាំង​ធំ​ បាន​រអ៊ូរទាំ​ចំពោះ​បែបបទ​ នៃ​ការ​បង់លុយ​ឲ្យ​មន្ត្រី​ និង​សមត្ថកិច្ច​ពាក់ព័ន្ធ​ ដែល​គ្មាន​តួនាទី​ប្រមូល​លុយ​ បង់​ចូល​ក្នុង​ហិប​ថវិកាជាតិ​ តែ​ពួក​គេ​មាន​អំណាច​ ចាប់​ឬ​បង្ក្រាប​ការ​ដឹក​ជញ្ជូន​ទំនិញ​ របស់​ក្រុម​ឈ្មួញ​ទាំងឡាយ​ណា​ ដែល​មិន​បាន​បង់លុយ​ ទៅ​តាម​ការ​តម្រូវ​របស់​ពួក​គេ​ មាន​ដូច​ជា​ប៉ូ​លី​ស​សេដ្ឋកិច្ច​ ខេត្តបន្ទាយមានជ័យ​ ក្រោម​បញ្ជា​របស់​លោក​ ចាប​ សុ​ផា​រិ​ទ្ធ​ និង​ប៉ូ​លី​ស​សេដ្ឋកិច្ច​ក្រសួង​ ក្រោម​បញ្ជា​របស់​ លោក​ ឡុ​ង​ សំ​អឿ​ន​។​

 

ប្រភព​បាន​ឲ្យ​ដឹង​ថា​ តាំងពី​លោក​ អាត់​ ខែ​ម​ វិល​ត្រឡប់​មក​កាន់​តំណែង​ជា​ ស្នងការ​ខេត្តបន្ទាយមានជ័យ​ គេ​ឃើញ​ប៉ូ​លី​ស​សេដ្ឋកិច្ច​ ក្រោម​បញ្ជា​របស់​លោក​ ចាប​ សុ​ផា​រិ​ទ្ធិ​ កាន់តែ​មានឱកាស​ ពង្រាយ​កូនចៅ​ អោយ​កោសរូស​ទារ​លុយ​ ពី​ឈ្មួញ​ដឹក​ទំនិញ​ និង​អ្នក​រត់​តាក់ស៊ី​ តាមតែ​អំពើ​ចិត្ត​ ដោយ​គ្មាន​ខ្លាច​រអែង​អ្វី​ឡើយ​។​ ដោយឡែក​ ប៉ូ​លី​ស​សេដ្ឋកិច្ច​ក្រសួង​ ដែល​ចុះ​ទៅ​ឈរជើង​ ក្នុង​ខេត្តបន្ទាយមានជ័យ​ ក៏​កំពុង​បញ្ចេញថ្វីដៃ​ ក្នុង​ការ​ប្រមូល​លុយ​ច្រក​ហោប៉ៅ​ ធ្វើ​ឲ្យ​ក្រុម​អ្នក​រកស៊ី​ដឹក​ទំនិញ​ មានការ​ក្រពុលមុខ​យ៉ាង​ខ្លាំង​។​

 

ប្រភព​បាន​ឲ្យ​ដឹង​ថា​ នៅ​ក្រុង​ប៉ោយ​ប៉ែ​ត​ កូនចៅ​របស់​លោក​ ចាប​ សុ​ផា​រិ​ទ្ធ​ និង​លោក​ ឡុ​ង​ សំ​អឿ​ន​ តែ​តែ​ដើរ​ទារប្រាក់​ និង​កោសរូស​ ឈ្មួញ​ដឹក​ទំនិញ​ ដោយ​ប្រើ​ពាក្យ​យ៉ាង​ខ្លី​ថា​ ប្រសិនបើ​មិន​បង់លុយ​ ឬ​ធ្វើ​ក្រអឺតក្រទម​ គេ​នឹង​ចាប់​យក​ទៅ​ខេត្ត​ និង​បញ្ជូន​សំណុំរឿង​ ទៅ​តុលាការ​ ហើយដោយ​សារ​ពួក​ឈ្មួញ​ មានការ​ភ័យ​ខ្លាច​ ក៏​បាន​បង់លុយ​តាម​តម្រូវ​ របស់​ពួក​គេ​ បើ​ទោះបីជា​ដឹង​ថា​ នោះ​ជា​បែបបទ​ពុក​រលួយ​ និង​ដើម្បី​កុំ​ឲ្យ​មានការ​រំខាន​។​ ណាមួយ​លោក​ ចាប​ សុ​ផា​រិ​ទ្ធ​ និង​លោក​ ឡុ​ង​ សំ​អឿ​ន​ បាន​បញ្ចេញស្នាដៃ​មួយ​ប្រាវ​ ធ្វើ​ឲ្យ​ឈ្មួញ​មួយ​ចំនួន​ញាក់សាច់​ ក៏​រត់​ទៅ​ជួប​ សុំ​ការ​យោគយល់​ ឬ​បង់លុយ​ជាប់​ជា​ប្រចាំ​។​
​ប្រភព​ពី​ឈ្មួញ​ដឹក​ទំនិញ​ បាន​បង្ហើប​ប្រាប់​ថា​ លោក​ ចាប​ សុ​ផា​រិ​ទ្ធ​ និង​លោក​ ឡុ​ង​ សំ​អឿ​ន​ បាន​បង្កើត​កុងត្រូលជជុះ​ ឲ្យ​កូនចៅ​ជំនិតៗ​ ចុះ​ប្រមូល​លុយ​ពី​ក្បាល​ឡាន​ ឬ​ប្រដេញ​ចាប់​ឡាន​ដឹក​ទំនិញ​ ឲ្យ​ចូល​បង់លុយ​ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៥​ យ៉ាង​ប្រសេចប្រសាច​។​ មិន​ត្រឹមតែ​ប៉ុណ្ណោះ​ អ្នក​រកស៊ី​ដឹក​ជញ្ជូន​ ផល​កសិកម្ម​ និង​ទំនិញ​ ទៅ​លក់​តាម​ដេប៉ូ​ ត្រូវ​បាន​កូនចៅ​ លោក​ ចាប​ សុ​ផា​រិ​ទ្ធ​ និង​លោក​ ឡុ​ង​ សំ​អឿ​ន​ តម្រូវ​អោយ​បង់លុយ​ ក្នុង​មួយ​រថយន្ត​ ១​ម៉ឺន​រៀល​ ទៅ​ ២​ម៉ឺន​រៀល​ ដោយ​គ្មាន​ការ​ យោគយល់​នោះ​ទេ​ ដែល​បញ្ហា​នេះ​ អាច​ធ្វើ​ឲ្យ​ គណបក្ស​ប្រជាជន​កម្ពុជា​ ក្នុង​ខេត្តបន្ទាយមានជ័យ​ បាត់បង់​ប្រជាប្រិយភាព​ គួរ​ឲ្យ​ព្រួយបារម្ភ​ផង​ដែរ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *