​ពលរដ្ឋ​រស់នៅ​ក្បែរ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ត្អូញត្អែរ​ពី​ក្លិនស្អុយ​ចេញពី​ប្រឡាយ​

ស្ពាន​ ផ្លូវ​ ប្រឡាយ​ទឹក​ កំពុង​សាងសង់​ បង្ហាញ​ពី​ភាព​រីក​ចម្រើន​ក្នុង​ទីក្រុង​ភ្នំពេញ​។​ ប៉ុន្តែ​ការ​ថែទាំ​ និង​សម្អាត​នៅ​មាន​ខ្វះចន្លោះ​ចំពោះ​កម្មសិទ្ធិ​របស់​រដ្ឋ​ ដែល​ផ្ទុយ​ពី​កម្មសិទ្ធិឯកជន​ ដែល​គេ​សម្អាត​មាន​អនាម័យ​រាល់ថ្ងៃ​។​ ទន្ទឹម​នឹង​កង្វះ​ការ​ថែទាំ​នេះ​ នាំ​ឲ្យ​មានការ​រិះគន់​ពី​សំណាក់​អ្នក​រស់នៅ​ក្បែរ​ស្ពាន​ស្ទឹង​មាន​ជ័យ​ ថា​គ្មាន​អនាម័យ​ និង​គ្មាន​ការ​ថែទាំ​ស្ពាន​ឡើយ​។​

​ក្លិនស្អុយ​ពី​ក្នុង​ទឹក​ប្រឡាយ​ក្រោម​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ធុំក្លិន​ខ្លាំង​នៅ​ក្នុង​រដូវប្រាំង​។​

​ពលរដ្ឋ​រស់នៅ​អម​ប្រឡាយ​ក្នុង​សង្កាត់​ទំនប់​ទឹក​ ខណ្ឌចំការមន​ លោក​ គឹ​ម​ សុ​វ​ណ្ណា​ ថ្លែង​ថា​ ក្លិនស្អុយ​នេះ​គាត់​ពិបាក​ទ្រាំ​ ប៉ុន្តែ​ត្រូវ​តែ​ទ្រាំ​ ព្រោះ​គ្មាន​ជម្រើស​។​ លោក​ថា​ ក្លិនស្អុយ​បែប​នេះ​បើ​ចំពោះ​អ្នក​ធ្វើ​ដំណើរ​ឆ្លងកាត់​ស្ពាន​ម្តងម្កាល​ មិន​អាច​ទ្រាំ​ហិតក្លិន​នោះ​បាន​ដូច​ពួក​គាត់​ទេ​។​

​លោក​ គឹ​ម​ សុ​វ​ណ្ណា​ រិះគន់​ខ្លាំងៗ​ថា​ ស្ពាន​សង់​រួច​បន្សល់​សំណល់​រឹង​ និង​រាវ​ក្នុង​ទឹក​ប្រឡាយ​ ទុក​ឲ្យ​នៅ​កក​រលួយ​ក្នុង​ប្រឡាយ​។​ ចំណែក​លើ​ស្ពាន​វិញ​ កំណក​ដី​ និង​សំរាម​ដូច​ជា​ស្បោង​ និង​កំប៉ុង​ប្លា​ស្ទិ​ក​ នៅ​ពេល​ខ្យល់​ខ្លាំង​ប៉ើង​ចូល​ផ្ទះ​ប្រជាជន​ និង​ធ្លាក់​ចូល​ប្រឡាយ​។​ នៅ​លើ​ស្ពាន​មាន​ដី​កក​បណ្ដើរៗ​ នាំ​ឲ្យ​ទំហំ​ផ្លូវ​សម្រាប់​បើកបរ​លើ​ស្ពាន​កាន់តែ​តូច​ ព្រោះ​គេច​ពី​សំរាម​ និង​កំណក​ដី​សល់​នៅ​កៀន​ស្ពាន​នោះ​៖​ «​លោកនាយក​រដ្ឋមន្ត្រី​ ហ៊ុន​ សែន​ នេះ​ គឺជា​ទីក្រុង​គុ​ជ​ ប៉ុន្តែ​វា​មិនមែន​ជា​គុ​ជ​ទេ​ គឺជា​សំរាម​ទៅ​វិញ​ គឺជា​ទីកន្លែង​ស្អុយ​។​ ខ្ញុំ​សំណូមពរ​ថា​ឲ្យ​រដ្ឋាភិបាល​វិនិច្ឆ័យ​យ៉ាងណា​ ដើម្បី​ឲ្យ​ប្រឡាយ​ហ្នឹង​ឲ្យ​បាន​ស្អាត​ កុំ​ឲ្យ​វា​មាន​ជះ​ធុំក្លិន​ស្អុយ​ ហើយ​និង​មួយទៀត​ គឺ​សំរាម​វា​ពាសពេញ​អ៊ីចឹង​»​។​

​បន្ថែម​លើ​នោះ​ ស្ត្រី​មេផ្ទះ​មួយ​រូប​រស់នៅ​ក្រុម​២៨​ សង្កាត់​ទំនប់​ទឹក​ កំពុង​ប្រឡាក់សាច់​ជ្រូក​ ថ្លែង​ថា​ ក្លិនស្អុយ​ពី​សំរាម​រលួយ​ក្នុង​ទឹក​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ ជះក្លិន​ប៉ះពាល់​អ្នក​រស់នៅ​អម​ប្រឡាយ​ទាំង​ពីរ​សង្កាត់​ គឺ​ស្ទឹង​មាន​ជ័យ​ និង​ទំនប់​ទឹក​ ដែល​បែងចែក​ខណ្ឌចំការមន​ និង​ខណ្ឌដង្កោ​៖​ «​ស្អុយ​ក៏​មិនដឹង​ធ្វើ​ម៉េច​ដែរ​ ព្រោះ​យើង​រស់នៅ​ហ្នឹង​យូរ​មក​ហើយ​»​។​

​លោក​ ប៉ោក​ ពលរដ្ឋ​រស់នៅ​ក្បែរ​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ ដែរ​ថ្លែង​ថា​ គាត់​សូម​ឲ្យ​រដ្ឋាភិបាល​ជួយ​មើល​សំរាម​ និង​ជួយ​ថែទាំ​ស្ពាន​ និង​ប្រឡាយ​ កាត់​បន្ថយ​ក្លិនស្អុយ​អោយ​ពួក​គាត់​ងាយស្រួល​ដកដង្ហើម​ ដើម្បី​ឲ្យ​អ្នក​រស់នៅ​អម​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ មាន​សុខភាព​ល្អ​ផង​៖​ «​ខ្ញុំ​ចង់​ឲ្យ​គាត់​កែ​លំអ​ដែរ​ ដាក់​លូ​ដាក់​អី​អ៊ីចឹង​ឲ្យ​អ្នកស្រុក​ភូមិ​យើង​ឲ្យ​ជួយ​សម្អាត​គ្នា​។​ សំរាម​យើង​ច្រក​ថង់​ច្រក​អី​ទុក​ កុំ​ឲ្យ​បោះចោល​ក្នុង​លូ​ហ្នឹង​ វា​អត់​ស្អាត​ទេ​»​។​

​ចំពោះ​ការ​អំពាវនាវ​នេះ​ អ្នកនាំពាក្យ​ក្រសួងបរិស្ថាន​ លោក​ សៅ​ សុភាព​ ថ្លែង​ថា​ ដោយសារ​តែ​ផល​ប៉ះពាល់​បរិស្ថាន​អំពី​សំណល់​រឹង​ និង​រាវ​កើន​ច្រើន​ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​ ទើប​នៅ​ឆ្នាំ​២០១៥​ ក្រសួង​នេះ​មាន​គម្រោង​ផ្តល់​ថវិកា​ចំនួន​ ៥​លាន​ដុល្លារ​ សម្រាប់​គ្រប់គ្រង​សំណល់​រឹង​ និង​រាវ​នោះ​។​ លោក​ថា​ ចំពោះ​ការ​ថែទាំ​ស្ពាន​ ផ្លូវ​ ជាដើម​ ជា​ភារកិច្ច​របស់​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ ក្រសួង​អភិវឌ្ឍន៍ជនបទ​ មន្ទីរ​ក្រោម​ឱវាទ​ក្រសួង​មួយ​ចំនួន​ និង​សាលា​រាជធានី​ភ្នំពេញ​៖​ «​យើង​ថា​ប្រចាំ​គ្នា​អ៊ីចឹង​ក៏​ថា​បាន​ ប៉ុន្តែ​នេះ​គឺ​សមត្ថកិច្ច​ ឬ​ក៏​ភារកិច្ច​រៀងៗ​ខ្លួន​ដែរ​។​ ឧទាហរណ៍​ បើ​ថា​ឲ្យ​ខាង​បរិស្ថាន​ទៅ​ចាត់វិធានការ​អី​ផ្សេងៗ​ និង​សណ្ដាប់ធ្នាប់​ ក៏​ដូច​ជា​គ្រប់គ្រង​សំណល់​រឹង​ ហើយ​សំណល់​រឹង​ហ្នឹង​ គឺ​សំរាម​ បើ​ឲ្យ​ក្រសួងបរិស្ថាន​ នេះ​ ទៅ​ចាត់វិធានការ​ផ្ទាល់ៗ​ទៅ​ដាក់​ទណ្ឌកម្ម​ ផាកពិន័យ​អីហ្នឹង​ គឺ​អត់​ទេ​ យើង​បែងចែក​ភារកិច្ច​ច្បាស់​»​។​

​ពាក់ព័ន្ធ​ការ​ថែទាំ​ស្ពាន​ផ្លូវ​ អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ លោក​ នូ​ វឌ្ឍនៈ​ ថ្លែង​ថា​ ការ​ថែទាំ​ស្ពាន​ និង​ផ្លូវថ្នល់​ គឺជា​ភារកិច្ច​របស់​អាជ្ញាធរ​ថ្នាក់​ក្រោម​ជាតិ​។​ លោក​បាន​ទទួលស្គាល់​ថា​ អ្នកបើកបរ​ដឹក​ទំនិញ​ឆ្លងកាត់​ស្ពាន​ បាន​ធ្វើ​ឲ្យ​ជ្រុះ​គ្រាប់ស្រូវ​ ដី​ សំរាម​ បន្សល់​លើ​ស្ពាន​បណ្ដាល​ឲ្យ​សំណល់​ទាំងនោះ​កក​ដី​ស្មៅ​ និង​គ្រាប់ស្រូវ​ ជាដើម​ ដុះ​នៅ​តាម​កៀនៗ​នៃ​ចំណែក​លើ​ស្ពាន​មែន​។​ បញ្ហា​នេះ​ លោក​នឹង​ស្នើ​សុំ​ឲ្យ​មាន​វេទិកាសាធារណៈ​ ដើម្បី​ឲ្យ​មហាជន​ជួយ​ប្រាប់​ហេតុការណ៍​អំពី​ស្ពាន​ និង​ផ្លូវ​នៅ​ក្នុង​តំបន់​គេ​រស់នៅ​ មក​ក្រសួង​បានដឹង​ នឹង​ងាយស្រួល​កែ​លំអ​៖​ «​ប្រហែលជា​អាច​ថា​មាន​ឆក់​ល្វែង​ ថា​មាន​កំណក​ដី​អីហ្នឹង​ប្រហែលជា​អាច​មាន​ខ្លះ​ហើយ​ ព្រោះ​សព្វ​ថ្ងៃនេះ​ យើង​ពិបាក​ទប់ទល់​នឹង​អ្នក​ដឹក​ជញ្ជូន​ដី​ដែល​ដាក់​លើ​ឡាន​ដាក់​ហៀរៗ​ គាត់​អត់​មាន​គ្រប​អត់​មានអី​ទេ​ ហើយ​កំពប់​ពេញ​តែ​ហ្នឹង​ បើ​ដឹកស្រូវ​ក៏​ហៀរៗ​ដែរ​ ហើយ​កំពប់​មក​ គឺថា​អ្នក​ប្រើប្រាស់​ផ្លូវ​ស្ពាន​ហាក់ដូច​ថា​គាត់​មិន​ខ្វល់ខ្វាយ​ ឬ​ក៏​មិន​បាន​រួមចំណែក​ ដើម្បី​ធ្វើ​ម៉េច​ឲ្យ​សោភណភាព​នៅ​លើ​ស្ពាន​ ឬ​ក៏​យ៉ាងណា​។​ ដូច​ថ្នល់​ណា​ដែល​សាងសង់​ហើយ​ ហើយ​តំបន់​ដែល​កំពុង​តែ​អភិវឌ្ឍ​ គឺ​នៅ​តាម​ដងផ្លូវ​ហ្នឹង​ កំពុង​តែ​សាងសង់​ផ្ទះ​អី​ គឺ​ផ្លូវ​នោះ​ គឺ​គគ្រិច​ហើយ​ ព្រោះ​គាត់​ដឹក​រាល់ថ្ងៃ​ គាត់​ដឹក​គ្រឿងសំណង់​ដឹក​ដី​យក​ទៅ​បំពេញ​ ដឹក​អីៗ​ទាំងអស់​ អ៊ីចឹង​ការងារ​ហ្នឹង​ទាល់តែ​ថា​ឆ្លងកាត់​មួយ​រយៈពេល​ ទាល់តែ​តំបន់​ហ្នឹង​វា​អភិវឌ្ឍ​ក្លាយជា​បេតុង​ទាំងអស់​តែ​ម្តង​ បាន​បេតុង​ហ្នឹង​វា​លែង​កើត​មាន​។​ ប៉ុន្តែ​និយាយ​អ៊ីចឹង​ មិនមែន​ថា​ចង់​គេចវេស​ទេ​ គឺថា​យើងខ្ញុំ​នៅ​តែ​ជំរុញ​ការងារ​ថែទាំ​ប្រចាំ​ហ្នឹង​ ដែល​សំខាន់​ គឺ​កុំ​ឲ្យ​ពាក់ព័ន្ធ​ទៅ​នឹង​សោភណភាព​ ដែល​ត្រូវ​តែ​ជំរុញ​អ៊ីចឹង​»​។​

​បញ្ហា​ថែទាំ​ស្ពាន​ និង​រក្សា​អនាម័យ​ អ្នកនាំពាក្យ​សាលា​រាជធានី​ភ្នំពេញ​ លោក​ ឡុ​ង​ ឌី​ម៉​ង់​ ឲ្យ​ដឹង​កន្លង​ទៅ​ថា​ ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ ស្ពាន​អាកាស​ក្បាលថ្នល់​ ស្ពាន​អាកាស​ពេទ្យ​លោកសង្ឃ​ ស្ពាន​ជ្រោយចង្វារ​ ជាដើម​ មានការ​ថែទាំ​ដោយ​សាលា​រាជធានី​ភ្នំពេញ​ និង​មន្ទីរ​សាធារណការ​។​ លោក​ថា​ កន្លង​មក​អ្នកបើកបរ​ឆ្លងកាត់​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ បង្ក​ឲ្យ​មាន​សំណល់​បេតុង​ជ្រុះ​លើ​ស្ពាន​ ត្រូវ​ក្រុម​កម្មករ​មន្ទីរ​សាធារណការ​ បាន​ចុះ​យក​ចេញ​ពីលើ​ស្ពាន​ ក្រោយ​ពី​មានការ​ផ្តល់​ព័ត៌មាន​។​ ចំពោះ​សំរាម​វិញ​ លោក​ថា​នឹង​ជំរុញ​ឲ្យ​កម្មករ​នៅ​តាម​សង្កាត់​ ឆាប់​សម្អាត​នៅ​ប្រឡាយ​ស្ទឹង​មាន​ជ័យ​ និង​លើ​ស្ពាន​អាកាស​ស្ទឹង​មាន​ជ័យ​ នោះ​។​

​ក្រៅពី​ស្ពាន​អាកាស​មួយ​ចំនួន​ក្នុង​រាជធានី​ភ្នំពេញ​ ដែល​មិន​មានការ​ថែទាំ​នៅ​ឯ​ស្ពាន​ បាន​កសាង​តាម​បណ្ដា​ខេត្ត​នានា​ ដូច​ជា​ស្ពាន​ព្រែក​តា​មា​ក់​ ស្ពាន​៧​មក​រា​ ស្ពាន​កំពង់កន្ទួត​ រហូត​ដល់​ស្ពាន​ស្លា​គូ​ មាន​កំណក​ដី​ និង​សំរាម​បន្សល់​នៅ​តាម​ចំណែក​កៀនៗ​នៃ​ស្ពាន​ ធ្វើ​ឲ្យ​មាន​ស្មៅ​ និង​ស្រូវ​ដុះ​បណ្ដាល​ឲ្យ​ផ្លូវ​បើកបរ​ឆ្លងកាត់​ស្ពាន​កាន់តែ​តូច​ និង​បង្ក​គ្រោះថ្នាក់​ ពេល​អ្នកបើកបរ​គេច​ពី​សំណល់​ទាំងនោះ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *