​ពលរដ្ឋ​៣២​គ្រួសារ​នៅ​ឆ្នេរ​អូរ​ឈើទាល​បន្ត​ស្វែងរក​កិច្ច​អន្តរាគមន៍​រឿង​តូប​លក់ដូរ​

តំណាង​ប្រជាពលរដ្ឋ​ ឬ​អាជីវករ​ចំនួន​ ៣២​តូប​ នៅ​ឆ្នេរ​អូរ​ឈើទាល​ មា​នទី​តាំងនៅ​ទល់មុខ​អតីត​អា​រី​ស្តុ​ន​ ឋិត​ក្នុង​សង្កាត់​៤​ ក្រុងព្រះសីហនុ​ ខេត្ត​ព្រះ​សីហ​នុ​ បាន​ស្វែងរក​កិច្ច​អន្តរាគមន៍​ពី​អាជ្ញាធរ​ខេត្ត​ ឲ្យ​ជួយ​ទប់ស្កាត់​សកម្មភាព​គំរាមកំហែង​របស់​កម្លាំង​កងរាជអាវុធហត្ថ​ ដែល​ស៊ីឈ្នួល​យាម​ដី​ឲ្យ​ក្រុមហ៊ុន​សុខា​ ដែល​បាន​មក​គំរាម​ពួក​គាត់​ឲ្យ​រុះរើ​តូប​លក់ដូរ​ទាំង​មិន​ទាន់​មាន​ដំណោះស្រាយ​។​

តំណាង​ប្រជាពលរដ្ឋ​ ឬ​អាជីវករ​ ៣២​គ្រួសារ​ លោកស្រី​ ភឿ​ក​ សុ​ខេន​ បាន​ឲ្យ​ដឹង​ថា​ កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​៤​ ខែមីនា​ ពួក​គាត់​មាន​គ្នា​ចំនួន​ ១០​នាក់​ បាន​លើកគ្នា​មក​ជួប​ លោក​ ជិន​ សា​រិ​ន​ អភិបាល​ក្រុងព្រះសីហនុ​ ដល់​សាលាក្រុង​ ដើម្បី​ស្នើ​ឲ្យ​លោក​ជួយ​អន្តរាគមន៍​បញ្ឈប់​សកម្មភាព​គំរាមកំហែង​លើ​ពួក​គាត់​ ដែល​រស់នៅ​លើ​ឆ្នេរ​អូរ​ឈើទាល​ តាំងពី​ឆ្នាំ​២០០៧​ មក​។​ ជាង​នេះ​ ក្រុមហ៊ុន​សុខា​ ក៏​បាន​បញ្ជា​ឲ្យ​សមត្ថកិច្ច​កងរាជអាវុធហត្ថ​ខេត្ត​នេះ​ បិទផ្លូវ​ដើរ​ចេញចូល​ទៅ​ទីតាំង​តូប​លក់ដូរ​របស់​ពួក​គាត់​ថែម​ទៀត​។​

 

លោកស្រី​បន្ត​ថា​ ក្រុមហ៊ុន​សុខា​ មិន​ទាន់​បាន​ផ្តល់​សំណង​អ្វី​ទាំងអស់​ជូន​អាជីវករ​ពួក​គាត់​ទាំង​ ៣២​តូប​ នៅ​ឆ្នេរ​អូរ​ឈើទាល​ ដូច​តំណាង​ក្រុមហ៊ុន​នេះ​បាន​អះអាង​នា​ពេល​កន្លង​មក​នោះ​ទេ​៖​ «​សំណូមពរ​ទៅ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់​ និង​សំណូមពរ​ទៅ​ប្រធានរដ្ឋសភា​ ទៅ​គណៈកម្មការ​ទី​១​រដ្ឋសភា​ និង​ទៅ​ប្រមុខ​រាជរដ្ឋាភិបាល​ សូម​ឲ្យ​ជួយ​ពិនិត្យ​សើរើ​ឡើង​វិញ​នូវ​បញ្ហា​ដីធ្លី​ជាមួយ​ប្រជាពលរដ្ឋ​រង​គ្រោះ​ទាំង​ ៣២​គ្រួសារ​នៅ​ឆ្នេរ​អូរ​ឈើទាល​ តំបន់​អា​រី​ស្តុ​ន​ចាស់​ គឺ​សម្ដេច​បាន​លើក​ឡើង​កាលពី​ថ្ងៃ​ទី​១៨​ ខែកញ្ញា​ ឆ្នាំ​២០១៤​ ខ្ញុំ​បាន​ចាំ​ច្បាស់​ថា​ សម្ដេច​បាន​ផ្តល់​អនុសាសន៍​ថា​ បើ​ក្រុមហ៊ុន​ណា​អភិវឌ្ឍ​ប៉ះពាល់​ដល់​ផលប្រយោជន៍​របស់​ប្រជាពលរដ្ឋ​ ត្រូវ​តែ​រៀបចំ​ដោះស្រាយ​ដោយ​មិន​ត្រូវ​បណ្ដេញចេញ​ទាំង​មិន​ទាន់​ដោះស្រាយ​សំណង​ជូន​ពលរដ្ឋ​នោះ​ទេ​។​ ហើយ​បើ​ក្រុមហ៊ុន​ទាំងឡាយ​ណា​បាន​ទទួល​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ហើយ​ មិន​មានការ​អភិវឌ្ឍ​ ត្រូវ​តែ​ដក​អាជ្ញាប័ណ្ណ​ពី​ក្រុមហ៊ុន​ទាំងនោះ​ជូន​រដ្ឋ​ ឬ​ជូន​ប្រជាពលរដ្ឋ​ប្រកប​អាជីវកម្ម​វិញ​។​ ឥឡូវ​ក្រុមហ៊ុន​អត់​មានការ​អភិវឌ្ឍ​អ្វី​ទាំងអស់​»​។​

ទាក់ទិន​បញ្ហា​នេះ​ លោក​ ជិន​ សា​រិ​ន​ អភិបាល​ក្រុងព្រះសីហនុ​ បាន​អនុញ្ញាត​ឲ្យ​តំណាង​ពលរដ្ឋ​ទាំង​ ៣២​គ្រួសារ​នៅ​ឆ្នេរ​អូរ​ឈើទាល​ ម្តុំ​អា​រី​ស្តុ​ន​ចាស់​ ចូល​ជួប​នៅ​សាល​ប្រជុំ​របស់​សាលាក្រុង​ ហើយ​បាន​សន្យា​បញ្ជូន​មន្ត្រី​ឲ្យ​ចុះ​ពិនិត្យ​លើ​ករណី​នេះ​។​ ទោះ​យ៉ាងណា​កាលពី​ព្រឹក​ថ្ងៃ​ពុធ​ ទី​៤​ ខែមីនា​ មិនឃើញ​មាន​កម្លាំង​កងរាជអាវុធហត្ថ​យាម​ដី​ឲ្យ​ក្រុមហ៊ុន​សុខា​ បង្ហាញខ្លួន​នៅ​ឆ្នេរ​អូរ​ឈើទាល​ ត្រង់​ចំណុច​តូប​លក់ដូរ​របស់​អាជីវក​រទាំង​ ៣២​គ្រួសារ​ទេ​ ប៉ុន្តែ​ឃើញ​មាន​កម្លាំង​ស្លៀក​ស៊ី​វិល​បង្ហាញខ្លួន​នៅ​ក្បែរ​ទីតាំង​កើត​មាន​ទំនាស់​នោះ​។

 

​ បញ្ហា​នេះ​ដែរ​ លោក​ ឃុន​ សា​វឿ​ន​ មន្ត្រី​ស៊ើបអង្កេត​អង្គការ​លី​កាដូ​ (Licadho)​ ខេត្ត​ព្រះ​សីហ​នុ​ បង្ហាញ​ទស្សនៈ​ថា​ អាជ្ញាធរ​ថ្នាក់​ជាតិ​ ឬ​ខេត្ត​ គួរ​ជួប​ដោះស្រាយ​ជម្លោះដីធ្លី​ ឬ​ជម្លោះ​រវាង​ពលរដ្ឋ​ ៣២​គ្រួសារ​នៅ​ចុង​ឆ្នេរ​អូរ​ឈើទាល​ ជាមួយ​ក្រុមហ៊ុន​សុខា​ ឲ្យ​បាន​ចប់​ ដោយ​មិន​ត្រូវ​ទុក​ជម្លោះ​នេះ​អូស​បន្លាយ​យូរ​ទៀត​ទេ​៕

Loading...

Leave a Reply

Your email address will not be published. Required fields are marked *