​ព្រឹត្តិការណ៍​ជាតិ​សំខាន់ៗ ប្រចាំ​សប្តាហ៍​

ភ្នំពេញៈ នៅក្នុង​សប្តាហ៍ ចុងខែ​មីនា​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង​។ ក្នុងនោះ ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ នៅតែ​បន្ត​កើនឡើង ហើយ​ក៏មាន​អ្នកស្លាប់​ជា​បន្តបន្ទាប់​។​

​កាលពី​ថ្ងៃទី​២២ ខែមីនា សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយ​កក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា បានចេញ​សេចក្តីសម្រេច អនុញ្ញាតឱ្យ​មន្ដ្រីរាជការ កម្មករនិយោជិត ឈប់សម្រាក​រយៈពេល ៣​ថ្ងៃ ក្នុងអំឡុងពេល​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណី​ជាតិខ្មែរ នៅ​ថ្ងៃទី​១៤ ដល់​ថ្ងៃទី​១៦ ខែមេសា ខាងមុខនេះ​។ ប៉ុន្តែ​សម្តេច​តេ​ជោ ហ៊ុន សែន បាន​រម្លឹក​ដល់​ពលរ​ដ្ឋ​ទាំងអស់ ត្រូវអនុវត្ត​នូវ​វិធាន​សុខាភិបាល ដើម្បី​ការពារ និង​ទប់ស្កាត់​ជំងឺ​កូ​វីដ​-១៩ ហើយ​កម្មវិធី​សាសនា កម្មវិធី​កំសាន្ត​សប្បាយ លេងល្បែង​ប្រជាប្រិយ៍ រាំរែក​នានា មិនត្រូវ​បានអនុញ្ញាត​ឡើយ ក្នុងអំឡុងពេល​ចូលឆ្នាំ​ខាងមុខ​។

​ក្រៅពី​អនុញ្ញាតឱ្យ​ឈប់សម្រាក រាជរដ្ឋាភិបាល ក៏​បានចេញ​អនុក្រឹត្យ ដាច់ដោយឡែក​មួយទៀត ឧបត្ថម្ភ​ថវិកា ៥​ម៉ឺន​រៀល ក្នុង​ម្នាក់ ជូន​ដល់​មន្ត្រីរាជការ​ទាំង​ស៊ីវិល និង​នគ​បាល​ជាតិ ក្នុងឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មី ប្រពៃណីជាតិ ផងដែរ​។​

​សម្តេច​តេ​ជោ ហ៊ុន សែន កាលពី​ថ្ងៃទី​២៣ ខែមីនា បានអនុញ្ញាត​ឱ្យ​លោក​ស្រី ទាវ ឡាយ​ចេង ឯកអគ្គរដ្ឋទូត​ថ្មី​របស់​សិង្ហ​បុរី ចូលជួប​សំដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​វិមាន​សន្តិភាព​។ ជំនួប​ពិភាក្សា​ការងារ​នេះ ផ្តោត​សំខាន់​ទៅលើ​ការពង្រឹង​ពង្រីក​ទំនាក់ទំនង​បន្ថែម​រវាង​ប្រទេស​ទាំងពីរ តាមរយៈ​ការជំរុញ​ការអនុវត្ត​រាល់​កិច្ចព្រមព្រៀង និង​អនុស្សារណៈ ដែល​ភាគី​ទាំងពីរ បាន​ចុះហត្ថលេខា​កន្លងមក ក៏ដូចជា ការសិក្សា​រួមគ្នា ស្វែងរក​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ​ទៀត ស្របតាម​សក្តានុពល​នៃ​ប្រទេស​ទាំងពីរ តាម​គន្លង​តាមបែប​ថ្មី​នៃ​បរិបទ​ជំងឺឆ្លង​សាកល​កូ​វីដ​១៩​។​

​កាលពី​ថ្ងៃទី​២៤ ខែមីនា ក្រសួងសុខាភិបាល បានប្រកាស​កំណត់​យក​រាជធានី​ភ្នំពេញ និង​ខេត្ត ៤ ទៀត គឺ​ខេត្តកណ្តាល ខេត្តព្រៃវែង ខេត្ត​ព្រះសីហនុ និង​ខេត្តសៀមរាប ជា​ភូមិសាស្ត្រ ដែល​តម្រូវ​ឲ្យ​មានការ​ពាក់​ម៉ាស់ និង​រក្សា​គម្លាត​សុវត្ថិភាព​។ ក្នុងករណី​ពលរដ្ឋ​បំពាន​វិធានការ​នេះ ដោយ​មិន​ពាក់​ម៉ាស និង​មិន​រក្សា​គម្លាត​សុវត្ថិភាព នឹងត្រូវ​ទទួល​ការផាកពិន័យ ជា​ប្រាក់​ចន្លោះ​ពី ២​សែន​រៀល ដល់ ១​លាន​រៀល​។​

​កាលពី​ថ្ងៃទី​២៤ ខែមីនា វត្ត​អារាម​ទូទាំងប្រទេស​កម្ពុជា បាន​ទូងស្គរ វាយគង វាយ​ឃ្មោះ និង​គោះ​ជួង ដើម្បី​ដាស់តឿន​ប្រជាពលរដ្ឋ ឲ្យ​ចូលរួម​បង្ការ និង​ទប់ស្កាត់​ការឆ្លង​រីក​រាលដាល​ជំងឺ​កូ​វីដ តាម​ការណែនាំ​របស់​ក្រសួង​ធម្មការ និង​សាសនា​។ ការ​ទូងស្គរ វាយ​ឃ្មោះ វាយ​រគាំង នៅតាម​វត្ត ត្រូវធ្វើឡើង ១​ថ្ងៃ ៥​ដង នៅ​ទូទាំងប្រទេស​។​

​ជំងឺផ្តាសាយបក្សី បាន​បណ្តាល​ឲ្យ​សត្វ​ស្លាប ងាប់​ជា​បន្តបន្ទាប់​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃមុន នៅ​តំបន់​បឹង​ស្នេហ៍ ទួល​ពាន់តា​ឡី ស្ថិតក្នុង​ឃុំ​ធា​យ ស្រុក​បាភ្នំ ខេត្តព្រៃវែង​។ កាលពី​ថ្ងៃទី​២៥ ខែមីនា រដ្ឋមន្ត្រី​ក្រសួងកសិកម្ម បាន​សរសេរ​លិខិត ស្នើ​រដ្ឋមន្ត្រី​ក្រសួងបរិស្ថាន ផ្តល់​កិច្ចសហការ អនុវត្ត​វិធានការ​បច្ចេកទេស ក្នុងការ​ពង្រឹង​នូវ​ការទប់ស្កាត់​ការឆ្លង​រាលដាល​ជំងឺផ្តាសាយបក្សី H5N1 នៅ​តំបន់​ទេសចរណ៍ធម្មជាតិ ទួល​ពាន់តា​ឡី ដែល​ទើប​បង្កើត​ថ្មី នៅ​ស្រុក​បាភ្នំ ខេត្តព្រៃវែង​នោះ​។​

​កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែមីនា វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ Sinovac ផលិត​នៅ​ប្រទេស​ចិន ចំនួន ១ លាន ៥ សែន​ដូ​ស ដែលជា​ការបញ្ជាទិញរ​បស់​រាជរដ្ឋាភិបាល​ក​ម្ពុ​ជា ត្រូវបាន​ដឹក​ញ្ជូ​ន​តាម​ជើងហោះហើរ​ពិសេស មកដល់​ប្រទេស​កម្ពុជា​។ មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួងសុខាភិបាល អះអាងថា វ៉ាក់សាំង​នេះ នឹងត្រូវ​ចាក់​ដល់​ក្រុម​ជន​អាទិភាព ដែល​រាជរដ្ឋាភិបាល ប្រកាស​កន្លងមក មានដូចជា មន្ត្រីរាជការ ជាដើម​។ ក្នុងនោះ មនុស្ស​ចាស់ អាយុ​ចាប់ពី ៦០​ឆ្នាំ​ឡើង នៅ​រាជធានី​ភ្នំពេញ ខេត្តកណ្តាល និង​ខេត្ត​ព្រះសីហនុ ដែល​កំពុង​ប្រឈម​នឹង​ការឆ្លង​រាលដាល​ជំងឺ​កូ​វីដ​១៩ ក៏​ទទួលបាន​ថ្នាំ​វ៉ាក់សាំង​នេះ​ផងដែរ​។ នៅ​ថ្ងៃទី​៣១​មីនា ចិន​នឹង​បញ្ជូន​វ៉ាក់សាំង ដែលជា​ជំនួយ ៧០​ម៉ឺន​ដូ​ស​ទៀត បន្ថែម​លើ​ជំនួយ​លើក​មុន ចំនួន ៦០​ម៉ឺន​ដូ​ស​។​

​កាលពី​ថ្ងៃទី​២៦ ខែមីនា ក្រសួងសុខាភិបាល បានប្រកាស​ពី​ករណី​ស្លាប់​របស់​បុរស​ជនជាតិ​ខ្មែរ​ម្នាក់ អាយុ ៥៥​ឆ្នាំ ដោយសារ​ជំងឺ​កូ​វីដ​១៩ កាលពី​ថ្ងៃទី​២៥ ខែមីនា ឆ្នាំ​២០២១ វេលា​ម៉ោង ៤ រសៀល​។ បុរស​ខាងលើនេះ បាន​ធ្លាក់ខ្លួន​ឈឺ ដោយ​ក្តៅខ្លួន និង​ក្អក​ប្រហែលជា ៣ ទៅ ៤​ថ្ងៃមុន​ស្លាប់​។ ចាប់តាំងពី​ថ្ងៃទី​១១ ខែមីនា មកដល់​ថ្ងៃទី​២៦​មីនា កម្ពុ​ជាមាន​អ្នកស្លាប់​ដោយ​ជំងឺ​កូ​វីដ​១៩ ចំនួន ៨​នាក់​ហើយ​។ ក្នុងនោះ ៧​នាក់ ជា​ជនជាតិខ្មែរ និង​បុរស​ម្នាក់ ជា​ជន​ជាតិចិន​។​

​នៅក្នុង​សប្តាហ៍​នេះ រាជរដ្ឋាភិបាល បានប្រកាស​ដាក់ចេញ​វិធានការ​បន្ថែម ដើម្បី​បន្ត​គ្រប់គ្រង​ផលប៉ះពាល់​លើ​វិស័យ​សំខាន់ៗ នៃ​សេដ្ឋកិច្ច នៅក្នុង​បរិការណ៍​នៃ​វិបត្តិ ការស្តារ និង​ជំរុញ​កំណើនសេដ្ឋកិច្ច​កម្ពុជា ក្នុងអំឡុង និង​ក្រោយពី​វិបត្តិ​នៃ​ជំងឺ​កូ​វីដ​១៩​។ វិធានការ​បន្ថែម​រយៈ​ពេល ៣​ខែ​ទៀត​នេះ នឹង​អនុវត្ត ចាប់ពី​ខែមេសា ដល់​ខែមិថុនា ដែលជា​ជុំ​ទី​៨​ហើយ គិត​ចាប់ពី​ខែមិថុនា ឆ្នាំ​២០២០​។​

​នៅក្នុង​សប្តាហ៍​នេះ គិត​ចាប់ពី​ថ្ងៃទី​២១ ខែមីនា មកដល់​ថ្ងៃទី​២៧ ខែមីនា គឺ​នៅ​ទូទាំងប្រទេស មាន​ករណី​ឆ្លង​ជំងឺ​កូ​វីដ​១៩​ថ្មី សរុប​ចំនួន ៤៥៧​នាក់ ដែល​ក្នុងនោះ អ្នកដំណើរ​ចូល​កម្ពុជា​តាម​យន្តហោះ មាន​ចំនួន ៧​នាក់ និង​អ្នក​ឆ្លង​ក្នុង​ព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ​២០​កុម្ភៈ មាន​ចំនួន ៤៥០​នាក់​។ នៅក្នុង​សប្តាហ៍​នេះ ក៏មាន​អ្នកជា​សះស្បើយ ចំនួន ១៨២​នាក់ ដែលមាន​អ្នកដំណើរ ចូលមក​កម្ពុជា​តាម​យន្តហោះ ចំនួន ៥​នាក់ និង​អ្នកជា​សះស្បើយ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍ ថ្ងៃ​២០​កុម្ភៈ ចំនួន ១៧៧​នាក់​។ នៅក្នុង​សប្តាហ៍​នេះ ក៏មាន​អ្នកស្លាប់ ដោយ​ជំងឺ​កូ​វីដ​១៩ ចំនួន ៥​នាក់​។

​ជារួម គិត​ត្រឹម​ថ្ងៃទី​២៧​មីនា នៅ​ទូទាំងប្រទេស មាន​អ្នក​ឆ្លង​កូ​វីដ​១៩ សរុប​ចំនួន ២១៤៧​នាក់​។ ក្នុងនោះ អ្នក​ឆ្លង​កូ​វីដ​១៩ ពាក់ព័ន្ធ​នឹង​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ មាន​ចំនួន ១៦២២​នាក់​។ រីឯ​អ្នកជា​សះស្បើយ មាន​ចំនួន​សរុប ១១៣២​នាក់​។ អ្នកពាក់ព័ន្ធ​ព្រឹត្តិការណ៍​សហគមន៍​២០​កុម្ភៈ ដែល​បានជា​សះស្បើយ មាន​ចំនួន ៦២៣​នាក់​។
​ចំណែក​អ្នក​កំពុង​សម្រាក​ព្យាបាល ជំងឺ​កូ​វីដ​១៩ មកដល់​ព្រឹក​ថ្ងៃទី​២៧​មីនា​នេះ មាន​ចំនួន ១០០៥​នាក់ និង​មាន​អ្នកស្លាប់ ដោយ​ជំងឺ​កូ​វីដ​១៩ ចំនួន ៨​នាក់​។​
​ដោយឡែក​នៅ​ថ្ងៃទី​២៧​ខែមីនា​នេះដែរ ស្ត្រី​វ័យ​៤៣​ឆ្នាំ​រស់នៅ​ក្រុងព្រះសីហនុ ដែលមាន​វិជ្ជមាន​កូ​វីដ​១៩​ហើយ​បាន​ស្លាប់​នោះ​ត្រូវបាន​ក្រសួង​សុខា​បាល​បញ្ជាក់ថា មិនមែន​ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩​ទេ គឺ​ស្លាប់​ដោយសារ​ការធ្លាក់​ឈាម​ច្រើនពេក​លើ​អ្នកជំងឺ​។​នៅ​រសៀល​ថ្ងៃ​ដដែល​នេះដែរ ស្ត្រី​វ័យ​៧៣​ឆ្នាំ​រស់នៅ​ខណ្ឌ​ប្ញ​ស្សី​កែវ រាជធានី​ភ្នំពេញ ត្រូវបាន​បញ្ជាក់ថា ស្លាប់​ដោយសារ​ជំងឺ​កូ​វីដ​១៩ នៅ​មន្ទីរពេទ្យ​រុស្សី​៕

Loading...